ប្រតិកម្មប្រឆាំងនឹងលោក Donald Trump បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋបានកើនខ្លាំងជាងមុនកាលពីថ្ងៃអង្គារដោយសារ បទអត្ថាធិប្បាយរិះគន់របស់លោកអំពីគូស្វាមីភរិយាអាមេរិកាំងមួយគូដែលកាន់សាសនាឥស្លាម ដែលមានកូនប្រុសស្លាប់ក្នុងការប្រយុទ្ធសម្រាប់ស.រ.អា.នៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០០៤។
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍នៅឯសេតវិមានថាលោក Trump ដែលជាមហាសេដ្ឋីអចលនទ្រព្យស្វះស្វែងឱ្យបានកាន់តំណែងទីមួយតាមរយៈការបោះឆ្នោត មិនស័ក្តិសមបន្តតំណែងពីលោកជាមេដឹកនាំអាមេរិកាំងទេ ហើយថាលោក Trump នៅតែបង្ហាញថា លោកមិនស័ក្តិសមដដែល។
លោកប្រធានាធិបតី អូបាម៉ា ដែលបានគាំទ្រលោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យឱ្យបន្តតំណែងពីលោកនៅពេលលោកចាកចេញពីតំណែងក្នុងខែមករា បានសុំឱ្យពួកសាធារណរដ្ឋឈប់ទទួលស្គាល់លោក Trump ដោយលោកបានមានប្រសាសន៍ថា ការដែលលោក Trump បានត្អូញត្អែរនឹងលោក khizr Khan និងអ្នកស្រី Ghazala នៅក្រោយលោកនិងអ្នកស្រីបានទ្រទ្រង់លោកស្រី Clinton នៅក្នុងមហាសន្និបាតជាតិនៃគណបក្សប្រជាធិបតេយ្យកាលពីសប្តាហ៍មុន ជាការធ្វើឱ្យអាក់អន់ចិត្តមួយ។
លោកអូបាម៉ាបានមានប្រសាសន៍ថា បើសិននៅតែទទួលស្គាល់លោក Trump ការត្អូញត្អែររបស់ពួកសាធារណរដ្ឋអំពីលោក Trump ជាការមិនអាចជឿបានទេ»។
លោកអូបាម៉ាបានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយនៅក្រោយជំនួបជាមួយលោកនាយករដ្ឋមន្ត្រីសិង្ហបូរី Lee Hsien Loong ថា «បាទ! ខ្ញុំយល់ថាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋមិនស័ក្តិសមកាន់តំណែងប្រធានាធិបតីទេ»។
លោក អូបាម៉ា បានមានប្រសាសន៍ថា «ខ្ញុំបាននិយាយអំពីការណ៍នេះកាលពីអាទិត្យមុនហើយលោក Trump នៅតែបង្ហាញថាការណ៍នេះជាការពិត។ លោកបានវាយប្រហារតាមពាក្យសម្តីលើគ្រួសារ Gold Star មួយដែលបានធ្វើពលិកម្ម
អស្ចារ្យបែបនេះក្នុងនាមប្រទេសយើង។ ការពិតជាក់ស្តែងដែលលោកហាក់ដូចជាគ្មានការចេះដឹងជាមូលដ្ឋានអំពីបញ្ហាសំខាន់ៗនៅក្នុងទ្វីបអឺរ៉ុប ក្នុងភូមិភាគមជ្ឈឹមបូព៌ា ក្នុងទ្វីបអាស៊ី មានន័យថាលោកមិនបានប្រុងប្រៀបដើម្បីធ្វើការងារនេះទេ»។នៅសហរដ្ឋអាមេរិក គ្រួសារ Gold Star ជាគ្រួសារទាំងឡាយណាដែលមានញាតិសន្តានស្លាប់នៅក្នុងការប្រយុទ្ធរបស់កងយោធពលប្រទេសអាមេរិក៕