លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី ស៊ានឡុង (Lee Hsien Loong) គ្រោងនឹងជួបលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នៅឯសេតវិមាននាថ្ងៃអង្គារនេះនិងគ្រោងនឹងធ្វើជាភ្ញៀវកិត្តិយសចូលរួមការពិសារអាហារពេលល្ងាចនៅថ្ងៃដដែល ដើម្បីប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសសិង្ហបុរី។
ដោយថ្លែងទៅកាន់សភាពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទម្សិលមិញនេះ លោក លី ស៊ានឡុង បានក្រើនរំលឹកថា ភាពគួរឲ្យជឿទុកចិត្តបានរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺស្របគ្នាជាមួយនឹងការយល់ព្រមរបស់សភាសហរដ្ឋអាមេរិកចំពោះកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក(TPP)។
លោក លី បាននិយាយថា លោកដឹងថាកិច្ចព្រមព្រៀង TPP នេះមិនសូវជាមានប្រជាប្រិយភាពប៉ុន្មានទេក្នុងចំណោមអ្នកនយោបាយនៅក្នុងការបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិកនាឆ្នាំនេះ។ លោកបានបន្ថែមថា ការអនុម័តឯកភាពលើកិច្ចព្រមព្រៀងនេះរបស់សហរដ្ឋអាមេរិក គឺជាការសាកល្បងឲ្យឃើញពីភាពគួរឲ្យជឿទុកចិត្តបាន និងភាពម៉ឺងម៉ាត់នៃគោលបំណងរបស់សហរដ្ឋអាមេរិក។
លោក លី បានគូសបញ្ជាក់បន្ថែមថា បណ្តាប្រទេសនៅក្នុងទ្វីបអាស៊ីចង់ឃើញសហរដ្ឋអាមេរិកចូលរួមនៅក្នុងកិច្ចព្រមព្រៀងគ្នា ប៉ុន្តែក៏ចង់ឃើញសហរដ្ឋអាមេរិកគោរពតាមកិច្ចព្រមព្រៀងនោះដែរ។ លោកក៏បានស្នើថា នៅថ្ងៃខាងមុខ ប្រទេសចិននឹងចូលរួមជាមួយកិច្ចព្រមព្រៀង TPP ដែលមានសមាជិកចំនួន ១២ ប្រទេសនេះ។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងសារព័ត៌មាន Strait Times ដែលមានទីស្នាក់ការនៅក្នុងប្រទេសសិង្ហបុរី លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានលើកឡើងថា លោកនៅតែមានគោលបំណងចង់ឲ្យសហរដ្ឋអាមេរិកក្លាយជាសមាជិកមួយនៅក្នុងកិច្ចព្រមព្រៀង TPP នេះ ដោយបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងកាត់បន្ថយពន្ធលើទំនិញនាំចេញនាំចូលជាច្រើន ដែលធ្វើឲ្យការនាំចេញរបស់សហរដ្ឋអាមេរិកមានភាពប្រកួតប្រជែងកាន់តែខ្លាំងជាងមុន៕