នៅពេលដែលលោកស្រី Hillary Clinton ថ្លែងសុន្ទរកថាកាលពីថ្ងៃព្រហស្បតិ៍ដើម្បីទទួលការតែងតាំងបេក្ខភាពសម្រាប់តំណែងប្រធានាធិបតីស.រ.អា. មានប្រតិកម្មដូចគេបានគិតទុកជាមុន គឺថាពួកប្រជាធិបតេយ្យពេញចិត្តនឹងសុន្ទរកថានោះ ចំណែកពួកសាធារណរដ្ឋសំខាន់ៗមិនចូលចិត្តទេ។
លោកស្រី Michelle Obama ស្ត្រីទីមួយរបស់ស.រ.អា.បានមានប្រសាសន៍ថា៖ «ខ្ញុំមានការរំភើបចិត្តនិងមានការជំរុញទឹកចិត្តដោយសុន្ទរកថាដែលមានអំណាចនេះដែលថ្លែងដោយអនាគតប្រធានាធិបតីរបស់យើង!»។
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានសរសើរនៅក្នុង Twitter ថា៖ «នេះជាសុន្ទរកថាល្អអស្ចារ្យ។ លោកស្រីបានត្រូវពិសោធហើយ។ លោកស្រីប្រុងប្រៀបស្រេចហើយ។ លោកស្រីមិនដកថយទេ»។ ព្រោះហេតុនេះហើយបានជាលោកស្រី Clinton គួរកាន់កាប់កិច្ចការនៅពេលលោកចាកចេញពីសេតវិមានក្នុងខែមករាខាងមុខនេះ។
អ្នកស្រី Silda Wall Spitzer ប្រតិភូរដ្ឋ New York បាននិយាយប្រាប់វីអូអេថា៖ «នេះជាយប់មួយដ៏អស្ចារ្យ។ ខ្ញុំយល់ថាប្រសិនបើពិភពលោកមិនដឹងថាលោកស្រី Hillary Clinton ជានរណា នៅពេលនេះពួកគេមានគំនិតខ្លះៗហើយ ថាតើលោកស្រីជាមនុស្សប្រសើរបែបណា និងដឹងអំពីអំពើល្អគ្រប់បែបដែលលោកស្រីអាចធ្វើឱ្យមានបានក្នុងឋានៈលោកស្រីជាមេដឹកនាំនៃប្រទេសនេះ ហើយពួកគេនឹងដឹងថា នៅពេលនេះលោកស្រីជាមនុស្សស័ក្តិសមនឹងដឹកនាំយើងទៅមុខ»។
គូប្រជែងរបស់លោកស្រីគឺលោក Donald Trump បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋ បានឆ្លើយតបតាម Twitter ដោយចោទប្រកាន់លោកស្រីថា មិនអើពើដល់បញ្ហារបស់ប្រទេសហើយបានស្នើនូវដំណោះស្រាយដែលធ្វើឱ្យប្រជារាស្ត្រអាមេរិកាំងមានជីវភាពយ៉ាប់យ៉ឺនជាងមុន។
លោក Trump បានសរសេរថា៖ «របៀបរស់នៅរបស់យើងកំពុងឋិតនៅក្រោមការគំរាមកំហែងនៃសាសនាឥស្លាមជ្រុលនិយម ហើយលោកស្រី Hillary Clinton មិនអាចនិយាយពាក្យទាំងនេះបានទេ។ ទស្សនៈវិស័យរបស់ Hillary គឺពិភពលោកមួយគ្មានព្រំដែនដែលនៅទីនោះក្រុមមនុស្សអ្នកធ្វើការងារគ្មានអំណាច គ្មានការងារធ្វើនិងគ្មានសុវត្ថិភាព»៕