លោក​អូបាម៉ា​រិះគន់​​​លោក​ Trump ដែល​​អំពាវនាវ​ឲ្យ​រារាំង​អ្នក​កាន់​សាសនា​ឥស្លាម​មិន​ឲ្យ​ចូល​ស.រ.អា.

រូបភាព​លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាមា និង​លោក Donald Trump បេក្ខជន​ប្រធានាធិបតី​​ខាង​គណបក្ស​សាធារណរដ្ឋ។

លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា កាល​ពី​ថ្ងៃអង្គារបាន​រិះគន់​យ៉ាង​ខ្លាំង​ដល់​លោក​ Donald Trump ដែល​គេ​សន្មត​ថា​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ ដោយ​លោក​បាន​ស្តី​បន្ទោស​ដល់​ការអំពាវ​នាវ​របស់​លោក ​Trump ​ដែល​ឱ្យ​រារាំង​ពួក​អ្នកកាន់​សាសនា​ឥស្លាមកុំ​ឱ្យ​ចូលមក​ក្នុង​ស.រ.អា.។

លោក​ អូបា​ម៉ា​ ដែល​បាន​គាំទ្រ​គូ​ប្រជែង​របស់​លោក Trump ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោក​ស្រី​អតីត​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. ​Hillary Clinton នោះ​បាន​មាន​ប្រសាសន៍​ថា ​សំណើ​របស់​លោក​ Trump ​ក្បត់​កេរដំណែល​ស.រ.អា.​នៃ​ពហុភាព​ខាង​ជាតិសាសន៍​ ពូជ​សាសន៍ និង​ខាង​សាសនា​ ហើយ​មិនមែន​ជា«ប្រទេស​អាមេរិក​ដែល​គេ​ចង់​បាន​នោះ​ទេ»។

លោក ​Trump ​បាន​ពណ៌នាច្រើន​ដង​ថា​ កិច្ចខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ អូបាម៉ា​ក្នុង​ការ​យក​ជ័យជម្នះ​លើ​ពួក​ភេរវជនរដ្ឋ​ឥស្លាម​ នៅ​ក្នុង​ភូមិភាគ​មជ្ឈឹម​បូព៌ា​ថា​ខ្សោយ​ហើយ​លោក​បាននិ​យាយ​ថា​ ស.រ.អា.​ត្រូវ​តែ​ធ្វើ​សកម្មភាព​យោធា​តឹង​រ៉ឹង​ជាង​មុន​ប្រឆាំង​នឹង​ពួក​យុទ្ធ​ជនរដ្ឋ​ឥស្លាម​ ហើយ​កុំឱ្យ​ពួក​អ្នក​កាន់​សាសនា​ឥស្លាម​ ដែល​កើត​នៅ​ប្រទេស​ក្រៅ​ចូល​មក​ក្នុង​ស.រ.អា.​ដើម្បី​បង្អាក់​កុំ​ឱ្យ​មានការ​វាយ​ប្រហារ​ថែម​ទៀត​ដោយ​ពួក​ភេរវជន។

លោក​ Trump ដែល​ធ្លាប់ជា​អ្នក​រៀប​ចំ​កម្មវិធី​ទូរទស្សន៍​អំពី​ការ​ពិត​ក្នុង​ជីវិត​ បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ គោល​នយោបាយ​របស់​លោក អូបាម៉ា ទំនង​បាន​ធ្វើ​ឱ្យ​មាន​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅក្នុង​ក្លឹបរាត្រី​មួយ​របស់​ពួក​មនុស្ស​ស្រឡាញ់​មនុស្ស​មាន​ភេទ​ដូច​គ្នា​នៅ​ក្នុង​ក្រុង Orlanda រដ្ឋ Florida ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​៤៩​នាក់​ស្លាប់​និង​ធ្វើឱ្យ​មនុស្ស​៥៣​នាក់​ទៀត​ត្រូវ​របួស។

ការ​វាយ​ប្រហារ​នេះ​បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​អ្នក​កាន់​សាសនា​ឥស្លាម​ម្នាក់​ដែល​បាន​កើត​ក្នុង​ស.រ.អា.​ ដែល​អាជ្ញាធរ​ស.រ.អា.​មាន​ជំនឿ​ថា​ បាន​ត្រូវ​ធ្វើ​ឱ្យ​ទៅ​ជា​មនុស្ស​ជ្រុល​និយម​ដោយ​ការ​ឃោសនា​របស់ពួក ​jihadists​ ដែល​គាត់​បាន​ឃើញ​តាម​បណ្តាញ​អ៊ីនធឺណិត៕