លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានថ្លែងថា កិច្ចព្រមព្រៀងនុយគ្លេអ៊ែរជាគម្រោងដែលគេបានសម្រេចជាមួយប្រទេសអ៊ីរ៉ង់កាលពីសប្តាហ៍មុន ជាឱកាសតែម្តងក្នុងមួយជីវិត ដើម្បីធ្វើឲ្យមានស្ថិរភាពនៅក្នុងមជ្ឈឹមបូព៌ាប្រទេស គឺជាស្ថិរភាពមួយដែលល្អសម្រាប់ប្រទេសអ៊ីស្រាអែល ក៏ដូចជាប្រទេសឯទៀតៗ។ ក៏ប៉ុន្តែសមាជិករដ្ឋសភាខ្លះនៅតែមិនព្រមជឿ។ សមាជិករដ្ឋសភាសំខាន់ម្នាក់មានផែនការតាក់តែងច្បាប់មួយដែលតម្រូវឲ្យលោក អូបាម៉ា បញ្ជូនកិច្ចព្រមព្រៀងផ្តាច់ព្រាត់ណាមួយជាមួយប្រទេសអ៊ីរ៉ង់ ទៅឲ្យរដ្ឋសភាដើម្បីធ្វើការពិភាក្សាគ្នានិងធ្វើការបោះឆ្នោត។
កាលពីថ្ងៃអាទិត្យទី៥ ខែមេសានេះ លោកប្រធានាធិបតីអូបាម៉ា បាននិយាយប្រាប់កាសែត New York Times ថា លោកចាត់ទុកថា ជាបរាជ័យដ៏ធំមួយនៅក្នុងតំណែងលោកជាប្រធានាធិបតី បើសិនជានៅក្រោមការគ្រប់គ្រងរបស់លោកឬក៏ជាលទ្ធផលនៃកិច្ចការដែលលោកបានធ្វើ ប្រទេសអ៊ីស្រាអែលនឹងត្រូវដាក់ឲ្យមានគ្រោះថ្នាក់ខ្លាំងជាងមុន។ លោកថ្លែងថា បរាជ័យនេះមិនមែនគ្រាន់តែខាងផ្នែកយុទ្ធសាស្រ្តទេ តែខាងផ្នែកសិលធម៌ទៀត។
ពេលត្រូវគេសួរថាតើលោកមានសារអ្វីខ្លះជូនដល់ប្រជាពលរដ្ឋអ៊ីស្រាអែល អំពីកិច្ចព្រមព្រៀងនេះ លោកប្រធានាធិបតីបានថ្លែងថា ខណៈដែលពួកគេមានសិទ្ធិព្រួយបារម្ភអំពីប្រទេសអ៊ីរ៉ង់ ពួកគេក៏គួរព្រួយបារម្ភដូចគ្នាដែរ ចំពោះការធ្វើមិនឲ្យប្រទេស អ៊ីរ៉ង់អាចមានអាវុធនុយគ្លេអ៊ែរបាន។ លោកថ្លែងថា គ្មានជម្រើសណាទៀតដើម្បីធានាកុំឲ្យមានករណីបែបនេះកើតឡើងបានជាងកិច្ចព្រមព្រៀងជាគម្រោងដែលបានសម្រេចឡើងនៅប្រទេស ស្វិស នេះទៀតទេ។ គម្រោងនេះជាទំរង់មួយដែលគេនឹងយកទៅប្រើនៅក្នុងកិច្ចចរចាផ្តាច់ព្រាត់មួយ នៅចុងខែមិថុនាខាងមុខ។
លោក អូបាម៉ា ថ្លែងថា៖ «ក្នុងតំណែងរបស់ខ្ញុំ ប្រទេសអ៊ីរ៉ង់ នឹងមិនមានអាវុធនុយគ្លេអ៊ែរមួយទេ»។ តែលោកបានសំដែងសេចក្តីសង្ឃឹមថា កិច្ចព្រមព្រៀងតាមផ្លូវទូតនេះអាច «នាំទៅរកយុគថ្មីមួយនៅក្នុងទំនាក់ទំនងរវាងស.រ.អា.និងប្រទេសអ៊ីរ៉ង់» ព្រមទាំងយុគថ្មីមួយនៃការទាក់ទងរវាងក្រុងតេរ៉ង់ និងប្រទេសជិតខាងរបស់ខ្លួន។
តាមបណ្តាញទូរទស្សន៍ NBC របស់ស.រ.អា. ក្នុងកម្មវិធី Meet the Press លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu បានហៅកិច្ចព្រមព្រៀងជាគម្រោងនេះ ថាជា«កិច្ចព្រមព្រៀងអាក្រក់»មួយ ដែលបើក«ផ្លូវចំហរឲ្យប្រទេស អ៊ីរ៉ង់ ឆ្ពោះទៅរកការផលិតគ្រាប់បែក»៕
«កិច្ចព្រមព្រៀងនេះនឹងបើកឲ្យរដ្ឋមួយដែលនាំមុខគេខាងភេរវកម្មនៅក្នុងយុគយើងនេះ មានហេត្ថារចនាសម្ព័ន្ធនុយគ្លេអ៊ែរដ៏ទូលំទូលាយមួយ។ សូមចាំថា គ្មានម៉ាស៊ីនបំបែកធាតុវីលីនធាតុ Centrifuge ណាមួយត្រូវបំផ្លាញចោលទេ។ ម៉ាស៊ីន Centrifuge ទាំងនេះនឹងទុកឲ្យវិលដើម្បីចម្រាញ់ធាតុ អ៊ុយរ៉ានីញោម។ គ្មានរោងចក្រ(នុយគ្លេអ៊ែរ)ណាមួយ រួមទាំងរោងចក្រក្រោមដី បានត្រូវបិទលែងឲ្យធ្វើការទេ។ នេះជាកិច្ចព្រមព្រៀងមួយដែលទុកឲ្យ អ៊ីរ៉ង់ មានសមត្ថភាពខាងការផលិតសម្ភារៈសម្រាប់ធ្វើគ្រាប់បែកនុយគ្លេអ៊ែរ បានច្រើនគ្រាប់។ កិច្ចព្រមព្រៀងនេះនឹងលុបចោលទណ្ឌកម្មជាបន្ទាន់ភ្លាម។ ដូច្នេះ អ៊ីរ៉ង់ នឹងមានប្រាក់ជាច្រើនពាន់លានដុល្លារ ហូរចូលទៅក្នុងហិបប្រាក់របស់ខ្លួន មិនមែនសម្រាប់សាលារៀន ឬមន្ទីរពេទ្យ ឬផ្លូវថ្នល់ទេ តែសម្រាប់ដំឡើងម៉ាស៊ីនភេរវកម្មនិងម៉ាស៊ីនយោធារបស់ខ្លួននៅពាសពេញពិភពលោក ខណៈដែលប្រទេសនេះកំពុងរវល់មមាញឹកក្នុងការដណ្តើមយកមជ្ឈឹមបូព៌ាប្រទេស នៅពេលដែលយើងកំពុងតែនិយាយគ្នានេះ»៕
លោក Netanyahu ថ្លែងថា នេះមិនមែនជាបញ្ហាប្រកាន់គណបក្ស ឬគ្រាន់តែជាបញ្ហារបស់ អ៊ីស្រាអែល ប៉ុណ្ណោះទេ វាជាបញ្ហាមួយរបស់ពិភពលោក ពីព្រោះមនុស្សគ្រប់រូបនឹងបានទទួលការគម្រាមកំហែងពីប្រទេស អ៊ីរ៉ង់ ដែលមានអាវុធនុយគ្លេអ៊ែរ។
លោក Ernest Moniz រដ្ឋមន្រ្តីក្រសួងថាមពលសរអា ដែលបានចូលរួមក្នុងកិច្ចចរចាគ្នាបានថ្លែងថា កិច្ចព្រមព្រៀងនេះនឹងផ្តល់ឲ្យសហគមន៍អន្តរជាតិ អាចមើលដឹងបាន«ស្ទើរភ្លាមៗ»នូវកិច្ចប្រឹងប្រែងណាមួយរបស់ អ៊ីរ៉ង់ ដើម្បីគេចវេះឲ្យផុតពីកិច្ចព្រមព្រៀងនេះ។ លោក Moniz ថ្លែងថា នេះជាកិច្ចព្រមព្រៀងមួយសម្រាប់រយៈពេលវែងឆ្ងាយ៕
«នេះមិនមែនដូចពេលថ្ងៃលិចទេ។ មានប្រយោគច្រើនដែលចាប់ផ្តើមនឹងលក្ខខ័ណ្ឌដ៏តឹងរ៉ឹងបំផុតលើកម្មវិធីរបស់ប្រទេស អ៊ីរ៉ង់។ យើងសង្ឃឹមថាប្រទេសនេះនឹងគោរពតាមក្នុងរយៈពេលយូរ ដើម្បីបង្កើនសេចក្តីទុកចិត្តគ្នា។ តែយើងមានលក្ខខ័ណ្ឌសម្រាប់ ១០ ឆ្នាំ សម្រាប់ ១៥ ឆ្នាំ សម្រាប់ ២៥ ឆ្នាំ និងសម្រាប់ជាអនន្ត។ ដូច្នេះ នេះជាកម្មវិធីសម្រាប់រយៈពេលយូរ មិនមែនជាអ្វីដែលនឹងចប់ក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះទេ»៕
លោក Moniz ថ្លែងថា កិច្ចព្រមព្រៀងនេះតម្រូវឲ្យមានការចូលទៅមើលកម្មវិធីនុយគ្លេអ៊ែររបស់ អ៊ីរ៉ង់ ដែលមិនធ្លាប់ធ្វើពីមុនៗមក មិនគ្រាន់តែកន្លែងដែលបានប្រកាសឲ្យដឹងទេ តែទៅដល់ហេត្ថារចនាសម្ព័ន្ធដែលមានទិដ្ឋភាពលាក់បាំងផងដែរ។
លោក Bob Corker ប្រធានគណកម្មាធិការព្រឹទ្ធសភាសរអាទទួលបន្ទុកការទាក់ទងបរទេសមកពីរដ្ឋ Tennessee ថ្លែងថា ចំណុចល្អិតល្អន់ជាច្រើននៅក្នុងកិច្ចព្រមព្រៀងនេះនៅមិនទាន់ដឹងទេ ដែលធ្វើឲ្យមានការលំបាកដើម្បីសម្រេចថាតើកិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងល្អឬអាក្រក់។ លោកថ្លែងថា ហាក់ដូចជាមានភាពមិនស្របគ្នាអំពីរបៀបបន្ធូរទណ្ឌកម្ម។ លោកក៏ចង់ដឹងដែរអំពីរបៀបធ្វើអធិការកិច្ចភ្លាមៗនៅក្នុងកម្មវិធីនុយគ្លេអ៊ែរដែលមានសភាពលាក់បាំង ព្រមទាំងទំហំនៃកងយោធារបស់ប្រទេស អ៊ីរ៉ង ថែមទៀត៕
«ជាថ្មីម្តងទៀត ខ្ញុំនៅចាំស្តាប់។ ខ្ញុំដឹងថាមានចំណុចល្អិតល្អន់ជាច្រើនដែលត្រូវសម្របសម្រួលនៅក្នុងពេលជាច្រើនខែខាងមុខ។ ហេតុនេះហើយបានជា តាងនាមឲ្យប្រជាពលរដ្ឋអាមេរិកាំង រដ្ឋសភាត្រូវការមានតួនាទីមួយ។ អ្វីដែលប្រជាពលរដ្ឋអាមេរិកាំងមិនទាន់ដឹងនៅពេលនេះគឺថានឹងមានវគ្គបន្ថែមសម្ងាត់សំខាន់ៗគ្រប់យ៉ាង។ គេនឹងធ្វើសេចក្តីសម្រេចជាក់លាក់អំពីវគ្គណាខ្លះដែលត្រូវទុកជាសម្ងាត់។ ហេតុនេះហើយបានជា វាជារឿងសំខាន់ណាស់ដែលរដ្ឋសភាត្រូវដើរតួនាទីដ៏សមរម្យនៅក្នុងការអនុម័តកិច្ចព្រមព្រៀងនេះ មុននឹងទណ្ឌកម្មដែលរដ្ឋសភាបានតម្រូវឲ្យដាក់ជាធរមាន ត្រូវបន្ធូរបន្ថយទៅវិញ»៕
លោក Corker បានថ្លែងថា គណកម្មាធិការរបស់លោកនឹងធ្វើតាមផែនការដែលបំរុងធ្វើការបោះឆ្នោតនៅថ្ងៃទី ១៤ ខែមេសា លើច្បាប់ដែលតម្រូវឲ្យលោកប្រធានាធិបតីបញ្ជូនកិច្ចព្រមព្រៀងផ្តាច់ព្រាត់មួយទៅឲ្យរដ្ឋសភាធ្វើការពិភាក្សានិងធ្វើការបោះឆ្នោត។ ច្បាប់នេះនឹងរារាំងលោក អូបាម៉ា មិនឲ្យបញ្ឈប់ទណ្ឌកម្មនៅក្នុងរយៈពេល ៦០ ថ្ងៃនៃការពិនិត្យសើរើមើលរបស់រដ្ឋសភា។ ក៏ប៉ុន្តែលោកបានសារភាពថា លោកមិនប្រាកដថាលោកនឹងអាចទទួលបានសម្លេងឆ្នោត ៦៧ ដែលចាំបាច់នៅក្នុងព្រឹទ្ធសភាដែលមានសមាជិក ១០០ នាក់ ដើម្បីដាក់វេតូ (veto) របស់លោកប្រធានាធិបតីឲ្យទៅជាមោឃៈ បានឬមិនបាននោះទេ៕
ប្រែសម្រួលដោយ កែរ យ៉ាន