លោកប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ា បានថ្លែងសរសើរកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាគ្រោងមួយជាមួយនឹងប្រទេសអ៊ីរ៉ង់ ថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ។ លោកបន្ថែមថា បើអនុវត្តឲ្យបានពេញលេញ កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យពិភពលោកមានសុវត្ថិភាពជាងមុន និងកាត់ផ្លូវប្រទេសអ៊ីរ៉ង់ឆ្ពោះទៅរកគ្រាប់បែកនុយក្លេអ៊ែរមួយ។
កិច្ចព្រមព្រៀងនោះបានសម្រេចឡើងកាលពីថ្ងៃព្រហស្បតិ៍នេះ រវាងប្រទេស អ៊ីរ៉ង់ និងប្រទេសមហាអំណាចពិភពលោកទាំង៦ នៅក្រោយកិច្ចចរចាគ្នាយ៉ាងមមាញឹកក្នុងរយៈពេល ៨ ថ្ងៃ នៅទីក្រុង Lausanne ប្រទេស ស្វីស ហើយបានបើកវេទិកាសម្រាប់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រមួយ ដែលនឹងត្រូវសម្រេចនៅថ្ងៃទី ៣០ ខែមិថុនា។
ថ្លែងនៅសេតវិមាន លោកប្រធានាធិបតី អូបាម៉ា បានអះអាងថាកិច្ចព្រមព្រៀងនេះ«ជាកិច្ចព្រមព្រៀងល្អមួយដែលបានបំពេញតាមគោលបំណងរបស់យើងទាំងអស់»។
លោកថ្លែងថា «កិច្ចព្រមព្រៀងជាគ្រោងនេះនឹងកាត់ផ្តាច់មាគ៌ាទាំងអស់ ដែលអ៊ីរ៉ង់អាចដើរឆ្ពោះទៅរកការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរមួយ។ អ៊ីរ៉ង់នឹងប្រឈមលក្ខខ័ណ្ឌដ៏តឹងរ៉ឹងលើកម្មវិធីរបស់ខ្លួន ហើយអ៊ីរ៉ង់ក៏បានយល់ព្រមឲ្យមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់បំផុត និងមានតម្លាភាព ដែលរដ្ឋាភិបាលក្រុង តេរ៉ង់ (Tehran) មិនដែលបានចរចាអំពីកម្មវិធី នុយក្លេអ៊ែរណាមួយទេនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន»។
កិច្ចព្រមព្រៀងនេះក៏បានទទួលការសរសើរនៅក្រុង Tehran ដែរ ដែលមានមនុស្សជាច្រើនរយនាក់បានចេញទៅតាមផ្លូវ ចុចស៊ីផ្លេឡានរបស់ខ្លួន និងលើកទង់ជ័យដោយសង្ឃឹមថា ការផ្តាច់ប្រទេសរបស់ពួកគេឲ្យឃ្លាតឆ្ងាយពីអន្តរជាតិ នឹងចប់នៅពេលឆាប់ៗនេះ។
នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសអ៊ីរ៉ង់នឹងទទួលបានការបន្ធូរទណ្ឌកម្មអន្តរជាតិ ដើម្បីប្តូរនឹងការកាត់បន្ថយកម្មវិធីចម្រាញ់ធាតុ អ៊ុយរ៉ានីញោម (uranium) ដែលបស្ចឹមប្រទេសមានការភ័យខ្លាចជាយូរមកហើយ ថាអាចយកទៅប្រើដើម្បីផលិតអាវុធនុយក្លេអ៊ែរមួយ៕