ពលរដ្ឋ​ខ្លះ​នៅ​ខេត្ត​សៀមរាប​មិន​ដឹង​អំពី​ទស្សនកិច្ច​លោកស្រី​ Michelle Obama ​ទេ

អ្នក​មីង​បុង យ៉េន​ អ្នក​លក់​នំ​ក្រឡាន​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​ និង អតិថិជន​ពីរ​នាក់​របស់​អ្នកមីង​​គឺ​នាង​អង់​ ស្រីម៉ាច​ និង​នាង​​អង់ ពិសី​។

ប្រជា​ពលរដ្ឋ​ខ្លះ​នៅ​តែ​មិន​ដឹង​អំពី​ទស្សនកិច្ច​ ឬ​មិន​យល់​អំពី​កម្មវិធី​ Let Girls Learn​ របស់​លោកស្រី​ Michelle Obama​ ទេ​ ​បន្ទាប់​ពី​ទស្សនកិច្ច​របស់​លោក​ស្រី​នៅ​ទី​ក្រុង​សៀមរាប​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។​

លោកស្រី​ Michelle Obama​ ធ្វើ​ទស្សនកិច្ច​មក​កាន់​ខេត្ត​សៀមរាប​ដើម្បី​លើក​កម្ពស់​ការ​សិក្សា​របស់​ក្មេងស្រី​តាម​រយៈ​គម្រោង​ផ្តល់​ឱកាស​ឲ្យ​ក្មេង​ស្រី​បាន​សិក្សា ​ឬ​ហៅ​ថា ​ Let Girls Learn​ ដែល​ជា​គំនិត​ផ្តួច​ផ្តើម​របស់​សេត​វិមាន​ ហើយ​ដែល​មាន​គោល​បំណង​ផ្តល់​ឱកាស​សិក្សា​ឲ្យ​ក្មេង​ស្រី ​និង​ស្ត្រី​ចំនួន​៦២​លាន​នាក់​នៅ​ទូទាំង​ពិភព​ ដែលមិន​បាន​ទទួល​ការ​សិក្សា។​

អ្នក​មីង​បុង យ៉េន​ អ្នក​លក់​នំ​ក្រឡាន​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ អ្នក​មីង​មិន​បាន​ដឹងអំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​ Michelle Obama​ ដែល​ជា​ប្រពន្ធ​ប្រធានាធិបតីសហ​រដ្ឋ​អាមេរិក​គឺលោក​បារ៉ាក់ អូបាម៉ា​នោះ​ទេ។​

អំឡុង​ពេល​ទស្សនកិច្ច​រយៈ​ពេល​បីថ្ងៃ​នោះ​ លោក​ស្រី​ Michelle Obama​ បាន​ជួប​និយាយ​ជាមួយ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ Peace Corps។​

នៅ​ពេល​សួរ​អំពីទស្សនកិច្ច​របស់​លោកស្រី​ Michelle Obama​ មក​កាន់​ទីក្រុង​ សៀមរាប​ អ្នកមីង​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖​ «អត់​ស្គាល់​ Obama ​ផង។ ​គាត់​រណា​គេ? ​ខ្ញុំ​រវល់​លក់​នំ​របស់​ខ្ញុំ​ខ្លាំង​ពេក។ ​អ្នក​ដែល​ក្មួយ​សួរ​ខ្ញុំ​នោះ​គាត់​ជា​នរណា?»​

អ្នក​មីង​មាន​ប្រសាសន៍​ដូច្នេះ​នៅពេលដែល​អ្នក​មីង​កំពុង​រៀប​ចំ​នំ​នៅ​ក្នុង​កន្ត្រក​នៅ​លើ​កង់​របស់​អ្នកមីង។​

អ្នក​មីង​បាន​បន្ថែម​ថា​ អ្នក​មីង​មិន​បាន​ឮ​សមាជិក​គ្រួសារ​របស់អ្នក​មីង​និយាយ​អំពី​ការ​មក​ទស្សនកិច្ច​របស់​លោកស្រី​ Michelle Obama ​នោះ​ទេ។​

អ្នក​មីង​និយាយ​ថា៖​«ខ្ញុំ​មាន​ក្មួយ​ស្រី​ តែ​ខ្ញុំ​មិន​បាន​ឮ​ក្មួយ​ស្រី​របស់​ខ្ញុំ​និយាយ​អ្វី​ពី​រឿង​នោះ​ទេ។​ ខ្ញុំ​រវល់​តែ​លក់​នំ​របស់​ខ្ញុំ​ខ្លាំង​ពេក​ ​ហើយ​ខ្ញុំ​ជា​មនុស្ស​ល្ងង់​ណាស់»។​

សិស្ស​ស្រី​កម្ពុជា​ជា​ច្រើន​នាក់​ប្តេជ្ញា​ចិត្ត​ខិត​ខំ​រៀន​សូត្រ​ដើម្បី​កសាង​ប្រទេស​ជាតិ។

បើ​ទោះ​ជា​កូន​សិស្ស​ស្រី​នៃ​ខេត្ត​សៀមរាប​យល់​អំពី​តម្លៃ​នៃ​ការ​សិក្សា​ក៏ដោយ ក៏​មិន​មាន​នរណា​ម្នាក់​យល់​ថា​ ​ពួក​គេ​នឹង​បាន​ទទួល​ផល​ប្រយោជន៍​នៃ​ការ​សិក្សា​ដោយ​របៀប​ណា​ទេ​ តាម​រយៈ​កម្ម​វិធី​គម្រោង​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ស្រី​បាន​សិក្សា​ ឬ​ហៅ​ថា ​«‍Let Girls Learn»​ ដែល​ជា​គំនិត​ផ្តួច​ផ្តើម​របស់​សេតវិមាន​នេះ។​

ក្រោយ​ពី​បាន​ដឹង​អំពី​ការ​អញ្ជើញ​មក​របស់​លោក​ស្រី​ Michelle Obama ​ អ្នកមីង​បាន​មាន​ប្រសាសន៍អំពី​ក្តីរំពឹង​សម្រាប់​កុមារ​ក្រីក្រ​នៅ​កម្ពុជា​ពី​ទស្សនកិច្ច​នេះ។​ អ្នកមីងមាន​ក្តី​សង្ឃឹម​ថា​ ការ​មក​ទស្សនកិច្ច​នេះ​នឹង​ជួយ​ឲ្យក្មេង​ស្រី​ក្រីក្រ​សម្រេច​បាន​គោល​បំណង​ក្នុង​ការ​រៀន​សូត្រ។

អតិថិជន​ពីរ​នាក់​របស់​អ្នកមីងគឺ​នាង​អង់​ ស្រីម៉ាច​ និង​នាងអង់ ពិសី​បាន​និយាយ​ថា ​ពួក​នាង​បាន​ឮអំ​ពី​ទស្សនកិច្ច​របស់​លោកស្រី ​Michelle Obama ​ ប៉ុន្តែ​ពួក​នាង​មិន​យល់​ថា​ តើ​កម្មវិធីផ្តល់​ឱកាស​ឲ្យ​សិស្ស​ស្រី​បាន​សិក្សា ​ឬ​ហៅ​ថា​«‍Let Girls Learn»​នោះ​អាច​ជួយ​កុមារី​ក្រីក្រ​នៅ​ប្រទេស​ខ្មែរ​យ៉ាង​ដូចម្តេច​ឡើយ។​

នាង​អង់​ ស្រីម៉ាច​បាន​និយាយ​ថា៖​«ខ្ញុំ​ឮ​ថា ​គឺ​ជួយ​ក្មេង​ស្រី​ឲ្យបាន​រៀន​ច្រើន។ ​ប៉ុន្តែ​ខ្ញុំ​អត់​ដឹង​ថា ​ជួយ​យ៉ាងម៉េច​ទេ»។​

នៅ​ពេល​សួរ​ថា​ តើ​នាង​ដឹង​ថា​ កម្មវិធី​នេះ​នឹង​ជួយ​ក្មេង​ស្រី​យ៉ាង​ដូច​ម្តេច​នោះ នាង​អង់ ស្រីម៉ាច​បាន​និយាយ​ថា៖ ​«ខ្ញុំ​មិន​ដឹង​ថា​ កម្មវិធី​នឹង​ផ្លាស់​ប្តូរ​ជីវិត​របស់​ពួក​គាត់​យ៉ាង​ម៉េច​នោះ​ទេ»។​

ប្អូន​ស្រី​របស់​នាង​គឺ​ឈ្មោះ​អង់ ពិសី​ បាន​និយាយ​ថា​ នាង​ក៏មិន​យល់​ថា​ តើ​កម្មវិធី​នេះ​នឹង​ជួយ​ក្មេង​ស្រី​នៅ​ក្នុង​ខេត្ត​របស់​នាង​ឲ្យបាន​រៀន​យ៉ាង​ម៉េច​នោះ​ដែរ។​

នាង​បាន​និយាយថា៖​«ខ្ញុំ​មិន​ដឹង​ថា ​តើ​វា​នឹង​ជួយ​ក្មេង​ស្រី​យ៉ាង​ម៉េច​នោះ​ដែរ»។​

នាង​អង់ ស្រីម៉ាច​បានសន្និដ្ឋាន​ថា៖ ​«ខ្ញុំ​ឮ​ថា​ ​គាត់​នឹង​ផ្តល់​ថវិកា​ឲ្យសិស្ស​សាលា​ស្រី»។

ទោះ​បី​ជា​នាងមិន​ដឹង​ថា ​កម្មវិធី​នេះ​នឹង​ជួយ​ក្មេង​ស្រី​យ៉ាង​ណា​ក៏​ដោយ​ នាង​ដឹង​ច្បាស់​ថា​ វា​ជា​ការ​សំខាន់​ក្នុង​ការ​ជួយ​ក្មេង​ស្រី​ឲ្យរៀន​សូត្រ​ឲ្យបាន​ខ្ពស់។​

នាង​អង់​ ពិសី​បាន​និយាយ​ថា៖​ «វា​ជា​ការ​ចាំ​បាច់​ក្នុង​ការ​ជួយ​សិស្ស​កម្ពុជា»។​

នាង​អង់ ពិសី​បាន​និយាយ​ថា​ ទស្សនកិច្ច​នេះ​អាច​នឹង​មិន​មាន​ន័យ​អ្វី​ឡើយ​ប្រសិន​បើ​កម្មវិធី​នេះ​មិន​អាច​ជួយ​ក្មេង​ស្រី​ឲ្យរៀន​បាន​ខ្ពង់ខ្ពស់​បាន។

នាង​ចាន់ ណាក់​ ជា​សិស្ស​ស្រី​រៀន​ថ្នាក់​ទី៧​ ហើយ​ជា​អ្នក​លក់​កាត​ប្រៃសនីយ៍​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​ បាន​និយាយ​ថា ​នាង​បាន​ឮ​អំពី​ទស្សនកិច្ច​របស់​លោកស្រី​ Michelle Obama​ ដើម្បី​ជួយ​ក្មេង​ស្រី​ឲ្យបាន​រៀន​ តែ​នាង​មិន​ដឹង​ថា​ គាត់​នឹង​ជួយ​ដោយ​របៀប​ណា​នោះ​ឡើយ។​

នាង​ចាន់ ណាក់​បាន​និយាយ​ថា៖ ​«ខ្ញុំ​មិន​ដឹង​ថា ​គេ​នឹង​ជួយ​ដោយ​របៀប​ណា​នោះ​ឡើយ។ ​ប្រសិន​បើ​គេ​មិន​ជួយ​ជា​ទឹក​ប្រាក់ ​ឬ​ជា​ប្រយោជន៍​អ្វី​ផ្សេង​ទេ​ នោះ​វា​ឥត​ប្រយោជន៍»។​

នាងបាន​និយាយ​ថា៖ ​«នាង​មិន​បាន​ដឹង​អ្វី​នោះ​ទេ​អំពី​ទស្សនកិច្ច​នេះ»។​

នៅ​ពេល​សួរ​ថា ​តើ​នាង​ចង់​បាន​អ្វី​ពី​ទស្សនកិច្ច​នេះ​ នាង​ចាន់ ណាក់​បាន​និយាយ​ថា ​នាង​ចង់​ឲ្យ​លោកស្រី Michelle Obama ​ជួយ​នាង​ក៏​ដូច​ជា​ក្មេង​ស្រី​ក្រីក្រ​ដទៃៗ​ទៀត​ ឲ្យរៀន​សូត្រ​បាន​ខ្ពស់។

នៅ​ចម្ងាយ​ប្រហែល​៥​គីឡូម៉ែត្រ​ពី​ប្រាសាទ​អង្គរវត្ត​ អ្នកមីង​ជឿន ពឿន​ ដែល​ជា​ម្ចាស់​ហាង​លក់​ភេសជ្ជៈ​តូច​មួយ​នៅ​តាម​ដង​ផ្លូវ​ ហើយ​មាន​កូន​ស្រី​តូច​មួយអាយុ​៤​ឆ្នាំ​ ​បាន​និយាយ​ថា​ គាត់​ដឹង​អំពី​ទស្សនកិច្ច​របស់​លោកស្រី​ Michelle Obama ​ តែ​មិន​បាន​ព័ត៌មាន​ថា លោកស្រី​នឹង​ជួយ​ក្មេង​ស្រី​ដោយ​របៀប​ណា​ទេ។​

អ្នក​មីង​និយាយ​ថា៖ ​«ខ្ញុំ​ឮ​ថា ​គាត់​នឹង​ជួយ​ស្ត្រី​មាន​វិបត្តិ​ និង​ក្មេង​ស្រី ​ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា ​គាត់​នឹង​ជួយ​ដោយ​របៀប​ណា​នោះ​ឡើយ»។

អ្នក​មីង​បន្ថែម​ថា៖​ «ខ្ញុំ​មិន​ដឹង​ថា ​តើ​ការ​អញ្ជើញ​មក​នេះ​ជួយ​ដោយ​របៀប​ណា​ទេ។​ ប្រហែល​វា​អត់​មាន​ប្រយោជន៍​អ្វី​នោះ​ទេ។ ​ខ្ញុំ​មិន​ដឹង ​និង​មិន​យល់​ពី​កម្មវិធី​ថា​ តើ​វា​យ៉ាង​ម៉េច​ខ្លះ​ទេ»។​

នៅ​ក្នុង​ឃុំស្វាយ​ដង្គំ​ ​ចម្ងាយ​ប្រហែល​១០​គីឡូ​ម៉ែត្រ​ពីទីក្រុង​ក្រុង​សៀមរាប ​ស្ត្រី​ម្នាក់​មិន​ដឹង​អំពី​ទស្សនកិច្ច​របស់​ប្រពន្ធ​លោក​អូបាម៉ា​ឡើយ​ ហើយ​រិត​តែ​មិន​ដឹង​ពី​កម្មវិធីផ្តល់​ឱកាស​ឲ្យ​សិស្ស​ស្រី​បាន​សិក្សា ​ឬ​ហៅ​ថា​ «‍Let Girls Learn» ​នោះ​ទេ បើ​ទោះ​បី​ជា​ទស្សនកិច្ច​នោះ​បាន​បញ្ចប់​ហើយ​ក៏ដោយ។​

ស្រី ម៉ៅ​ ដែល​ជា​ម្ចាស់​តូប​លក់​ភេសជ្ជៈ​តូច​មួយ​នៅ​តាម​ដង​ផ្លូវ​លំ​តូច​មួយ​នៅ​ក្នុង​ឃុំ​នោះ ​បាន​និយាយ​ថា​ គាត់​មិន​ស្គាល់​លោក​ បារ៉ាក់ អូបាម៉ា​ ឬ​ អូបាម៉ា​នោះ​ឡើយ។​

បង​ស្រី​ម៉ៅ​បាន​និយាយ​ថា៖​«ខ្ញុំ​មិន​ដឹង​ថា​ គាត់​ជា​នរណា​នោះ​ទេ»។

អតិថិជន​ម្នាក់​របស់​បង​ស្រី​ឈ្មោះ​ហ៊ាម ជា និយាយ​ថា​ គាត់​បាន​ឮ​អំពី​ទស្សនកិច្ច​នេះ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ តែ​មិន​បាន​ផ្តោត​ការ​ចាប់​អារម្មណ៍​ឡើយ។​

បង​ស្រី​បាន​និយាយ​ថា៖​ «ខ្ញុំអស់​កម្លាំង​ពេក​ មិន​ចាប់​អារម្មណ៍»៕