លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីស.រ.អា.និយាយថា ស.រ.អា.កំពុងបន្តគាបសង្កត់ឲ្យប្រទេសអ៊ីរ៉ង់ដោះលែងពលរដ្ឋអាមេរិកាំង៣នាក់ ដែលរដ្ឋាភិបាលក្រុង Tehran ឃុំឃាំង ដែលរួមមានអ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែត Washington Post និងម្នាក់ទៀតដែលគេជឿថា នៅក្នុងប្រទេសអ៊ីរ៉ង់ប៉ុន្តែមិនដឹងថានៅទីណា។
អ្នកទិតៀនខ្លះប្រឆាំងនឹងកិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់និយាយថា លោកប្រធានាធិបតីមិនគួរយល់ព្រមក្នុងកិច្ចព្រមព្រៀងនេះ ដោយអ្នកទាំងបួនមិនទាន់បានវិលមកស.រ.អា.វិញនោះទេ។
លោកប្រធានាធិបតី អូបាម៉ា បានឆ្លើយនឹងសំណួរខ្លះអំពីបញ្ហាកិច្ចការទូតរបស់ស.រ.អា. ហើយត្រង់ចំណុចមួយ លោកបានសុំឲ្យអ្នកយកព័ត៌មានសួរសំណួរថែមទៀតអំពីកិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់ ដោយលោកសង្ឃឹមថា នឹងបកស្រាយចំពោះការតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងនេះឲ្យអស់សេចក្តី។ លោកប្រធានាធិបតីនិយាយថា ប្រសិនបើលោកអ្នកស្តាប់តែអ្នកប្រឆាំងនឹងកិច្ចព្រមព្រៀងនេះ លោកអ្នកនឹងគិតថា ប្រទេអ៊ីរ៉ង់នឹងកាន់កាប់ពិភពលោក។ លោកនិយាយថា តាមពិតវាមិនអញ្ចឹងទេ។
លោកប្រធានាធិបតីនិយាយថា ទោះជាប្រទេសអ៊ីរ៉ង់សម្រេចចិត្តជាចុងក្រោយថា ធ្វើអាវុធនុយក្លេអ៊ែរក្រោយពេលក្រុមអធិការកិច្ចអន្តរជាតិពិនិត្យរយៈពេល១០ឬ១៥ឆ្នាំនោះ នោះស.រ.អា.នឹងនៅតែអាចមានលទ្ធភាពប្រមូលការគាំទ្រពីប្រទេសនានាប្រឆាំងនឹងការប្រឹងប្រែងរបស់អ៊ីរ៉ង់ក្នុងការធ្វើអាវុធនុយក្លេអ៊ែរ។
លោកនិយាយថា អ្នករិះគន់មិនចាំបាច់បារម្ភថា ប្រធានាធិបតីស.រ.អា.ក្នុងពេលអនាគតនឹងមានការលំបាកក្នុងការប្រឆាំងនឹងបំណងរបស់ប្រទេសអ៊ីរ៉ង់ធ្វើអាវុធនុយក្លេអ៊ែរទេ បើអ៊ីរ៉ង់មិនធ្វើតាមកិច្ចព្រមព្រៀងនេះ៕