ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អារ៉ាប៊ីសាអូឌីត​បែកធ្លាយ​រឿង «គោលនយោបាយ​សេដ្ឋកិច្ច​និងវិនិយោគ» នៅ​ក្នុង​សង្រ្គាម​ជាមួយ​អ៊ីរ៉ង់


Saudi Leaks Expose ‘Checkbook Diplomacy’ In Battle With Iran
សូម​រង់ចាំ

No media source currently available

0:00 0:03:09 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

អារ៉ាប៊ីសាអូឌីត​បែកធ្លាយ​រឿង «គោលនយោបាយ​សេដ្ឋកិច្ច​និងវិនិយោគ» នៅ​ក្នុង​សង្រ្គាម​ជាមួយ​អ៊ីរ៉ង់

ឆន្ទៈ​របស់​អារ៉ាប៊ីសាអូឌីត​ក្នុង​ការប្រើប្រាស់​លុយ​ប្រេង​របស់​ខ្លួន នៅ​លើ​ឆាក​ការទូត​សាកល​ហាក់​ដូចជា​ត្រូវ​បាន​ទម្លាយ ក្រោយពី​គេហទំព័រ​វីគីលីកស៍ (Wikileaks) បាន​ចេញ​ផ្សាយ​ឯកសារ​រាប់​ម៉ឺន​នៃក្រសួង​ការបរទេស​ក្រុង​រីយ៉ាដ (Riyadh)។ គេហទំព័រ​វីគីលីកស៍​មិន​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​ប្រភព​នោះ​ទេ ប៉ុន្តែ​ក្រុម​មួយ​ដែល​ហៅ​ខ្លួន​ឯង​ថា «កងទ័ព​អ៊ីនធឺណិត​ប្រទេស​យេម៉ែន» ឬ​ហៅ​ថា​ «Yemen cyber army» បាន​អះអាង​ថា ពួកគេ​បាន​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​រដ្ឋាភិបាល។

រាជាណាចក្រ​មួយ​ក្នុង​ចំណោម​រាជាណាចក្រ​ដែល​មាន​លក្ខណៈ​អភិរក្ស​និយម​និង​សម្ងាត់​បំផុត​នៅ​លើ​ពិភពលោក​នេះ ការលេចធ្លាយ​នូវ​ឯកសារ​ការទូត​សម្ងាត់​រាប់​ពាន់​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ក្រុង​រីយ៉ាដ។

លោកស្រី Jane Kinninmont នៃ​វិទ្យាស្ថាន​គោល​នយោបាយ Chatham House ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៏​បាន​ឲ្យ​ដឹង​ថា ឯកសារ​ទាំងនោះ​ទំនង​ជា​នឹង​បញ្ជាក់​ពី​មន្ទិល​សង្ស័យ​ដែល​មាន​ជា​ទូទៅ។

«ការ​លេចធ្លាយ​នេះ​ហាក់​ដូចជា​បាន​បញ្ជាក់​ពី​ជំនឿ និង​ការសន្និដ្ឋាន​ដែល​មាន​ស្រាប់​របស់​មនុស្ស​ភាគ​ច្រើន​ដែល​ថា ប្រទេស​អារ៉ាប៊ីសាអូឌីត​មាន​អ្នក​នយោបាយ​ជាច្រើន​ដែល​ស្ថិត​នៅ​ប្រទេស​ដទៃ​ទៀត ហើយ​ពួកគេ​ស្ថិត​ក្នុង​បញ្ជី​បើក​ប្រាក់​ខែ​របស់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព។ ហើយ​ថា ពួកគេ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អារ៉ាប់​ និង​តាម​មធ្យោបាយ​ហិរញ្ញវត្ថុ​ផងដែរ»។

ឯកសារ​ការ​ទូត​មួយ​បាន​បង្ហាញ​ថា អារ៉ាប៊ីសាអ៊ូឌីត​បាន​បង់​ប្រាក់​ជួយ​សង្គ្រោះ​ស្ថានីយ​ទូរទស្សន៍​ក្ស័យ​ធន​មួយ​របស់​ប្រទេស​លីបង់​ក្នុង​ទឹក​ប្រាក់​ពីរលាន​ដុល្លារ ជា​ថ្នូរ​នឹង​សេចក្តីរាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​មាន​លក្ខណៈ​វិជ្ជមាន​ដល់​ខ្លួន។ ឯកសារ​ការ​ទូត​ផ្សេង​ទៀត​បាន​បង្ហាញ​ថា​ ប្រទេស​លីបង់កំពុង​ត្រូវ​បាន​ប្រើ​ជា​សមរភូមិ​ដ៏​សំខាន់​រវាង​និកាយ​ស៊ុននី​ (Sunni) អារ៉ាប៊ីសាអូឌីត និង​ស៊ីអ៊ីត​ (Shi'ite) អ៊ីរ៉ង់។ លោកស្រី Jane Kinninmont បាន​និយាយ​បន្ថែម​ថា៖

«ព័ត៌មាន​លម្អិត​មួយ​ចំនួន​អាច​នឹង​មាន​លក្ខណៈ​អាម៉ាស់។ តែ​នេះ​មិនមែន​ជា​ការ​អាម៉ាស់​ខ្លាំង​សម្រាប់​ប្រជាជន​អារ៉ាប៊ីសាអូឌីត​ ដូច​អ្នក​ដែល​ទទួល​លុយ​នោះ​ទេ»។

អ្នក​វិភាគ​កិច្ចការ​អារ៉ាប់ លោក Abdel Bari Atwan និយាយ​ថា ការ​ភ័យ​ខ្លាច​នៃ​ការបកអាក្រាត​អាច​បង្ខំ​ឲ្យ​សម្ព័ន្ធមិត្ត​របស់​អារ៉ាប៊ីសាអូឌីត ឃ្លាត​ឆ្ងាយ​ពី​អ្វី​ដែល​ហៅ​ថា «គោលនយោបាយ​សេដ្ឋកិច្ច​និងវិនិយោគ»។

«មនុស្ស​ជាច្រើន​មិនមែន​គ្រាន់តែ​គិត​ហើយ​គិត​ទៀត​តែ​ពីរ​ដង​នោះ​ទេ ប្រហែល​ជា​គិត​ដល់​ទៅ​១០ដង មុន​ពេល​ដែល​ពួកគេ​បាន​សុំ​លុយ ឬ​ទទួល​យក​លុយ​ដែល​ជា​លក្ខណៈ​អំណោយ​ពី​អារ៉ាប៊ីសាអូឌីត​នោះ»។

ឯកសារ​ការទូត​មួយ​ទៀត​បាន​ចោទ​ប្រកាន់​ប្រទេស​កាតា​ថា បាន​ផ្តល់​ប្រាក់​២៥០លាន​ដុល្លារ ទៅ​ឲ្យ​មេដឹកនាំ​ Sheikh ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស​យេម៉ែន​ជា​ថ្នូរ​នឹង​ការ​បង្ក​ឲ្យ​មាន​ការ​បះបោរ​យោធា​នៅ​ក្នុង​ប្រទេស ​នៅ​អំឡុង​ពេល​លោក Abdu Rabu Mansour Hadi ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ចាត់​នៅ​ឆ្នាំ​២០១២។ ថ្មីៗ​នេះ អារ៉ាប៊ីសាអូឌីត​កំពុង​ធ្វើ​យុទ្ធនាការ​ទម្លាក់​គ្រាប់​បែក​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម Houthi នៅ​ក្នុង​ប្រទេស​យេម៉ែន។

លោក Adbel Bari Atwan បាន​និយាយ​ថា អាទិភាព​ចម្បង​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​គឺ​ ត្រូវ​ស្វែង​រក​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​បែកធ្លាយ​ឯកសារ​ទាំង​នោះ។

«តើ​ពួក​លួច​ចូល​ក្នុង​ប្រព័ន្ធ​អ៊ិនធឺណិត​ទាំង​នោះ​ធ្វើ​តាម​របៀប​ណា​ទើប​អាច​ឈាន​ទៅ​ដល់ឯកឯកសារ​របស់​រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត​បាន ​ហើយ​អាច​ប្លន់​យក ឬ​អាច​គ្រប់គ្រង​ឯកឯកសារ​ដ៏​ធំ​មហិមា​ទាំង​នោះ​បាន»។

លោកស្រី Jane Kinninmont បាន​លើក​ឡើងថា ជា​លទ្ធផល ​វា​ទំនង​នឹង​មាន​ការ​រឹតបន្តឹង​យ៉ាង​ខ្លាំង​ទៅ​លើ​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

«អារ៉ាប៊ីសាអូឌីត​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​រួច​ទៅ​ហើយ ​ចំពោះ​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ពួកគេ​បាន​រង​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ម្តង​រួច​ទៅ​ហើយ គឺ​ទៅ​លើ​ក្រុមហ៊ុន​ប្រេង Saudi Aramco ។ ហើយ​ខ្ញុំ​គិត​ថា នេះ​ជា​ការ​ធ្វើ​ឲ្យ​ភ្ញាក់​ឡើង​ម្តង​ទៀត​ទាក់ទង​នឹង​បញ្ហា​នេះ»។

អ្នកវិភាគ​និយាយ​ថា ​ឯកសារ​ការទូត​ដែល​លេច​ធ្លាយ​នោះ​មិន​មាន​ការ​លាត​ត្រដាង​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ដូចជា​ការ​ផ្តល់​មូលនិធិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជ្រុល​និយម​ស៊ុននី (Sunni) ​ដែល​វាយប្រហារ​រដ្ឋាភិបាល​ស៊ីរី​គាំទ្រ​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ង់​នោះ​ទេ។

«រហូត​មក​ដល់​ពេល​នេះ​គ្មាន​ការ​ចង្អុល​បង្ហាញ​ណា​មួយ​ថា ​ក្រសួង​ការបរទេស​របស់​អារ៉ាប៊ីសាអ៊ូឌីត ​បាន​ចូលរួម​ពាក់ព័ន្ធ​ក្នុង​ការ​ផ្ញើ​ធនធាន​ទៅ​ឲ្យ​រណសិរ្ស​ Jabhat al-Nusra ឬ​ ទៅ​ឲ្យ​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​កស៊ីរី​នោះ​ទេ។ វា​គ្រាន់​តែ​បាន​និយាយ​អំពី​ការ​គាំទ្រ​ខ្លាំងក្លា​ និង​បើក​ចំហ​របស់ក្រសួង​នោះ សម្រាប់​ក្រុមSNC (គណបក្ស​ប្រឆាំង​ក្រុម​ប្រឹក្សា​ជាតិ​ស៊ីរី) ។ ប៉ុន្តែ​នៅ​ក្នុង​ករណី​ណា​មួយ​ក៏ដោយ​ រាល់​ការ​គាំទ្រ​របៀប​នេះ​នឹង​មិន​ទំនង​នឹង​ធ្វើ​ទៅ​តាមរយៈ​បណ្តាញ​ក្រសួង​ការបរទេស​នោះ​ទេ។​ វា​ទំនង​នឹង​ធ្វើឡើង​ដោយ​សម្ងាត់»។

គេហទំព័រ​វីគីលីក​បាន​ឲ្យ​ដឹង​ថា ឯកសារ​ការទូត​ច្រើន​ជាង​នេះ​នឹង​ត្រូវចេញ​ផ្សាយ​នៅ​ក្នុង​ពេល​ខាង​មុខ​នេះ ដោយ​បង្កើន​លទ្ធភាព​នៃ​ការ​បកអាក្រាតទំនាក់ទំនង​ការទូត​របស់​រដ្ឋ​សម្ងាត់​មួយ​នេះ​បន្ថែម​ទៀត៕

ប្រែ​សម្រួល​ដោយ ហង្ស វុទ្ធិកា

XS
SM
MD
LG