លោកប្រធានាធិបតីស.រ.អា.បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអង្គារ បានមានប្រសាសន៍ថា ស.រ.អា.នឹង«ដើរចេញ»ពីលទ្ធភាពនៃការមានកិច្ចព្រមព្រៀងបរមាណូមួយជាមួយប្រទេសអ៊ីរ៉ង់ប្រសិនបើលោកមិនជឿថាកិច្ចព្រមព្រៀងនេះនឹងអាចរារាំងមាគាររបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ ឆ្ពោះទៅកាន់ការផលិតអាវុធបរមាណូទេនោះ។
លោកអូបាម៉ាបានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយនៅឯសេតវិមានថា ប្រទេសអ៊ីរ៉ង់ត្រូវតែយល់ព្រមដល់«យន្តការផ្ទៀងផ្ទាត់ខ្លាំងនិងហ្មត់ចត់មួយ»ស្តីពីការកាត់បន្ថយកម្មវិធីអភិវឌ្ឍបរមាណូរបស់ខ្លួន។ លោកប្រធានាធិបតីបានមានប្រសាសន៍បន្ថែមថា រដ្ឋាភិបាលក្រុងតេហេរ៉ង់ត្រូវតែធ្វើតាមកិច្ចព្រមព្រៀង
ក្របខណ្ឌមួយដែលខ្លួនបានសម្រេចកាលពីពេលមុនក្នុងឆ្នាំនេះ ជាមួយស.រ.អា.និងប្រទសមហាអំណាចពិភពលោក៥ផ្សេងទៀតដែលអនុញ្ញាតឱ្យក្រុមអធិការចូលទៅមើលកន្លែងបរមាណូអ៊ីរ៉ង់ដើម្បីពិនិត្យផ្ទៀងផ្ទាត់ថា អ៊ីរ៉ង់ធ្វើតាមការប្តេជ្ញារបស់ផងខ្លួនឬទេ។
លោកអូបាម៉ាបានមានប្រសាសន៍ថា៖ «ការណ៍នេះស្រេចតែលើខាងអ៊ីរ៉ង់ទេ»។
អត្ថាធិប្បាយរបស់លោកអូបាម៉ាមានឡើងនៅពេលដែលស.រ.អា. ប្រទេសអាល្លឺម៉ង់ បារាំង រុស្សី ចិននិងប្រទេសអង់គ្លេសបានបន្តកិច្ចចរចាជាមួយប្រទេសអ៊ីរ៉ង់ក្នុងក្រុងវ្យែន (Vienne) ហួសពីថ្ងៃកំណត់ចុងក្រោយបង្អស់កាលពីថ្ងៃអង្គារសម្រាប់ធ្វើឱ្យសម្រេចកិច្ចព្រមព្រៀងមួយ។
ក្រសួងការបរទេសស.រ.អា.បាននិយាយថា ពួកអ្នកធ្វើការចរចាអ៊ីរ៉ង់បានសម្រេចពន្យាពេលរហូតដល់ថ្ងៃទី៧ខែកក្កដានូវវិធានការនៅក្រោមកិច្ចព្រមព្រៀងបណ្តោះអាសន្នដើម្បី«អនុញ្ញាតឱ្យមានពេលវេលាថែមទៀត»សម្រាប់កិច្ចចរចាអំពីកម្មវិធីបរមាណូនៃប្រទេសអ៊ីរ៉ង់ដើម្បីឱ្យមានដំណោះស្រាយមួយសម្រាប់រយៈពេលយូរ៕