ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង់ពន្ធប្រាក់ចំណូលជូនរដ្ឋាភិបាលសហព័ន្ធត្រឹមតែ ៧៥០ ដុល្លារប៉ុណ្ណោះក្នុងឆ្នាំ ២០១៦ ដែលជាឆ្នាំដែលលោកឈរឈ្មោះជាប្រធានាធិបតី និងឆ្នាំ ២០១៧ ដែលជាឆ្នាំដំបូងនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោកនៅសេតវិមាន។ នេះបើយោងតាមសេចក្ដីរាយការណ៍មួយរបស់កាសែត The New York Times ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញ។
សេចក្ដីរាយការណ៍នេះបានឲ្យដឹងថា លោកTrump ដែលជាអ្នកការពារខ្លាំងក្លាលើឯកសារប្រកាសពន្ធប្រាក់ចំណូលរបស់លោក និងជាប្រធានាធិបតីក្នុងសម័យទំនើបតែម្នាក់គត់ដែលមិនបញ្ចេញឯកសារនេះជាសាធារណ: មិនបានបង់ពន្ធប្រាក់ចំណូលជូនរដ្ឋាភិបាលសហព័ន្ធរយ:ពេល ១០ ឆ្នាំ ក្នុងអំឡុងពេល ១៥ ឆ្នាំចុងក្រោយនេះ។
ឯកសារហិរញ្ញវត្ថុរបស់លោកប្រធានាធិបតី Trump បង្ហាញថា លោករកចំណូលបានយ៉ាងតិច ៤៣៤ លាន ៩ សែនដុល្លារនៅក្នុងឆ្នាំ ២០១៨ ប៉ុន្តែក្នុងឯកសារបង់ពន្ធដាក់ថាខាតចំនួន ៤៧ លាន ៤ សែនដុល្លារទៅវិញ។
លោក Alan Garten ដែលជាមេធាវីនិងជាអ្នកនាំពាក្យនៃក្រុមហ៊ុនអចលនទ្រព្យ Trump Organization មិនបានឆ្លើយតបភ្លាមៗចំពោះការស្នើសុំយោបល់ពីទីភ្នាក់ងារព័ត៌មាន Associated Press ទាក់ទិននឹងសេចក្ដីរាយការណ៍របស់កាសែត The New York Times នេះទេ។ ប៉ុន្តែលោកធ្លាប់បានប្រាប់កាសែត The New York Times ថា លោក Trump ពិតជាបានបង់ពន្ធរាប់លានដុល្លារ។
លោក Trump បានច្រានចោលសេចក្ដីរាយការណ៍របស់កាសែត The New York Times នេះ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យម្សិលមិញថាជា «ព័ត៌មានក្លែងក្លាយ» និងនៅតែបញ្ជាក់ថា លោកបានបង់ពន្ធ ទោះបីជាលោកមិនបានបញ្ជាក់លម្អិតក៏ដោយ៕