ក្រុម​អ្នក​ជំនាញ​ខាង​អាវុធ​នុយក្លេអ៊ែរ​គាំទ្រ​កិច្ចព្រម​ព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់

ក្រុម​អ្នក​គាំ​ទ្រ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​ លើកបដា​សរសេរ​សារគាំទ្រ​កិច្ច​ព្រមព្រៀង នៅក្នុង​ទីក្រុង​ Los Angeles សហរដ្ឋ​អាមេរិក។

ពួក​អ្នកជំនាញការ​មួយ​ក្រុម​ខាង​ការ​ត្រួតត្រា​អាវុធ​និង​ការ​មិន​រីកសាយ​អាវុធ បានគាំទ្រ​ដល់​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​នេះ​ដែល​មាន​គោលដៅ​ទប់ទល់​នឹង​កម្មវិធី​បរមាណូ​របស់​ប្រទេស​អ៊ីរ៉ង់ ដោយ​ហៅ​កិច្ចព្រមព្រៀង​បរមាណូ​អ៊ីរ៉ង់​ថា​ជា​កិច្ចព្រមព្រៀង​«ខ្លាំង ​មាន​រយៈពេល​យូរ​និង​អាច​ផ្ទៀងផ្ទាត់​បាន»។

​សមាគម​ត្រួតត្រា​អាវុធ​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីតោន​ បាន​និយាយ​ថា កិច្ចព្រមព្រៀង​នេះ​«ជំរុញ​ឲ្យ​មាន​អត្ថ​ប្រយោជន៍​ខាង​សន្តិសុខ​របស់​ក្រុម​ប្រទេស​ជាតិ​ P៥ បូក១ ​សហភាព​អឺរ៉ុប ​ពួក​សម្ព័ន្ធ​មិត្ត​និង​ដៃ​គូ​របស់​ពួក​គេ​នៅ​ក្នុង​ភូមិភាគ​មជ្ឈឹមបូព៌ា​និង​សហគមន៍​អន្តរជាតិ»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ពួក​គេ​ ក្រុម​នេះ​និយាយ​ថា​កិច្ចព្រមព្រៀង​នេះ​បង្កើត​ឱ្យមាន​ការ​រឹតត្បិត​ក្នុង​រយៈ​ពេល​យូរ​និង​ផ្ទៀងផ្ទាត់​បាន​អំពី​កម្មវិធី​បរមាណូ​នៃ​ប្រទេសអ៊ីរ៉ង់​ និង​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​«កិច្ច​ខិតខំប្រឹងប្រែង​ណាមួយ​ក្នុង​ពេល​អនាគត​ដោយ​ប្រទេស​អ៊ីរ៉ង់​ក្នុង​ការ​ស្វះស្វែង​ឱ្យ​មាន​អាវុធ​បរមាណូអាច​ត្រូវ​ដឹង​ជា​បន្ទាន់​ដែរ ទោះ​ជា​អ៊ីរ៉ង់​មាន​កម្មវិធី​លាក់​បាំង​ណស​មួយ​ក៏​ដោយ»។

សេចក្តី​ថ្លែងការណ៍នេះ​មានឡើង​តែប៉ុន្មាន​សប្តាហ៍​មុន​សភាស​.រ.អា.​បោះឆ្នោត​យល់​ព្រម​ឬ​ច្រាន​ចោល​កិច្ច​ព្រមព្រៀង​នេះ៕