បង​ប្រុស​ឪពុក​តែ​មួយ​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ស្លាប់​ក្នុង​រយៈ​ពេល​២០​នាទី​ក្រោយ​រង​ការ​វាយ​ប្រហារ

បុគ្គលិក​ផ្នែក​ស្រាវជ្រាវ​សារធាតុ​គ្រោះ​ថ្នាក់​កំពុង​ស្កែន​តំបន់​មាន​សុវត្ថិភាព​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ ​នៅ​ទីក្រុង​កូឡាឡាំពួរ កាលពី​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ។

អាជ្ញាធរ​សុខាភិបាល​ម៉ាឡេស៊ី​និយាយ​ថា ​លោក ​Kim Jong Nam ​«ទទួល​រង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​មុន​នឹង​ស្លាប់»​ ហើយ​លោក​បាន​ស្លាប់​ក្នុង​រយៈ​ពេល​២០​នាទី​ក្រោយ​ពី​ត្រូវ​បាន​គេ​វាយ​ប្រហារ​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​កូឡាឡាំពួរ។ ​

ប៉ូលិស​ថ្លែង​ថា បង​ប្រុស​ឪពុក​តែ​មួយ​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង ​Kim Jong Un​ រូប​នេះ ត្រូវ​បាន​គេ​ធ្វើ​ឃាត​កាល​ពី​ថ្ងៃ​សុក្រ ​ទី​១៣ នៅ​ឯ​អាកាសយានដ្ឋាន​កូឡាឡាំពួរ​ ដោយ​ប្រើ​ប្រាស់​សារធាតុ​គីមី​ VX។

«លោក Kim Jong Nam ​បាន​ទទួល​មរណភាព​នៅ​ក្នុង​រថយន្ត​សង្គ្រោះ​បន្ទាន់។ លោក​បាន​សន្លប់​នៅ​ក្នុង​មន្ទីរ​ព្យាបាល។ ក្រោយ​ពី​រង​ការ​វាយ​ប្រហារ លោក​បាន​ស្លាប់​ក្នុង​រយៈ​ពេល​១៥​ ទៅ ​២០​នាទី»។ នេះ​បើ​យោង​តាម​សម្តី​របស់​លោក ​Sathasivam Subramanian ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី​ ដែល​បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន។

ប៉ូលិស​ថ្លែង​ថា ​លោក​ Kim Jong Nam ​មាន​អារម្មណ៍​ថា​មាន​មនុស្ស​ម្នាក់​ចាប់​ទាញ​មុខ​របស់​លោក​ពី​ខាង​ក្រោយ»។​
រូបភាព​ក្នុង​វីដេអូ ​CCTV​ មួយ​បង្ហាញ​ឲ្យ​ឃើញស្ត្រី​២​នាក់​បាញ់​ទឹក​អ្វី​មួយ​ដាក់​លើ​មុខ​របស់​លោក​ Kim។ ​

ប៉ូលិស​បាន​ចាប់​ខ្លួន​ស្ត្រី​ទាំង​២​នាក់​ឃុំ​ខ្លួន​ និង​បុរស​ជនជាតិ​កូរ៉េខាង​ជើង​ម្នាក់​ដែល​ជាប់​សង្ស័យ​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះ៕