​កូរ៉េខាង​ជើង​បាន​ព្រមាន​ប្រឆាំង​នឹង​សមយុទ្ធ​យោធា​រួម​រវាង​អាមេរិក​និងកូរ៉េខាង​ត្បូង​

រូបឯកសារ៖ យន្ត​ហោះ​ចម្បាំង​អាមេរិក Air Force F-16 និង F-35 Lightning ក្នុង​ការ​ហ្វឹកហាត់​នៅ​ជិត​មូលដ្ឋាន​ទ័ព​ អាកាសនៅ Kunsan កាល​ពី​ឆ្នាំ​២០១៧។

ប្រទេស​កូរ៉េខាង​ជើង​បាន​ព្រមាន​កាល​ពី​ថ្ងៃសៅរ៍​ថា​ ខ្លួន​នឹង​ឆ្លើយ​តប​ប្រសិន​បើ​សហរដ្ឋ​អាមេរិក​ធ្វើ​សមយុទ្ធ​យោធា​រួម​នៅ​ខែក្រោយ​ជាមួយ​កូរ៉េខាងត្បូង​ ដោយ​អះអាង​ថា​ សមយុទ្ធ​នេះ​នឹង​រារាំង​ទំនាក់​ទំនង​រវាង​កូរ៉េ​ទាំង​ពីរ។ ​

ទំនាក់​ទំនង​នេះ​ ​នឹង​ចេញលទ្ធផល​យ៉ាង​ណាៗ​នៅ​ពេល​សមយុទ្ធ ដែល​ត្រូវ​បាន​ពន្យារ​ពេល​សម្រាប់​កីអូឡាំពិក​រដូវរងារ​នៅ​កូរ៉េ​ខាងត្បូង​នោះ ចាប់​ផ្តើម​នៅ​ចុង​ខែមីនា ​ឬដើម​ខែ​មេសា។ ​ទីប្រឹក្សា​សន្តិសុខ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា ​សមយុទ្ធ​រួមគ្នា​នេះ​នឹង​ចាប់ផ្តើម​នៅ​ដើម​ខែមេសា។ នេះ​បើ​យោង​តាម​ភ្នាក់​ងារ​ព័ត៌មាន​ Yonhap ​របស់​កូរ៉េខាង​ត្បូង។

​ប្រទេស​កូរ៉េខាង​ជើង​ដែល​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា សាធារណរដ្ឋ​ប្រជាមានិត​ប្រជា​ធិបតេយ្យ​កូរ៉េ ​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា ​សមយុទ្ធ​នេះ​គឺ​ជា​ការ​គំរាមកំហែង​មួយ។​ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋកូរ៉េខាង​ជើង​និយាយ​ថា ​«ប្រសិន​បើ​សហ​រដ្ឋ​អាមេរិក​នៅ​តែ​ធ្វើ​សម​យុទ្ធយោធា​រួមគ្នា​ខណៈ​រក្សា​ការ​ដាក់​ទណ្ឌ​កម្ម​លើកូរ៉េ​ខាង​ជើង​នោះ នោះ​កូរ៉េខាង​ជើង​នឹង​ប្រឆាំងសហរដ្ឋអាមេរិក​តាម​វិធី​របស់​កូរ៉េខាង​ជើង​ ហើយ​សហ​រដ្ឋអាមេរិក​នឹងត្រូវ​ទទួល​ខុស​ផល​វិបាក​ដែល​កើត​មាន»។

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​នៅថ្ងៃទី​២៣ ​ខែ​កុម្ភៈ​ថា ​ខ្លួន​បាន​ដាក់​ទណ្ឌកម្ម​ធំបំផុត​ទៅលើ​កូរ៉េខាង​ជើង​នៅក្នុង​កិច្ចខិត​ខំប្រឹង​ប្រែង​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ប្រទេស​នេះបោះ​បង់​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរនិង​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ។ ​

កូរ៉េខាងត្បូង​គ្រោង​នឹង​បញ្ជូន​បេសកជន​ពិសេសទៅកាន់​ប្រទេស​កូរ៉េខាង​ជើងតាម​ការ​អញ្ជើញ​របស់​មេដឹក​នាំ​កូរ៉េខាង​ជើង​គឺ​លោក គីម ជុងអ៊ុន​ គឺ​ដូច​ដែលលោក ​Moon Jae-in ​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​បាន​ប្រាប់​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ តាម​ទូរស័ព្ទ៕