ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​តវ៉ា​ប្រឆាំង​នឹង​គោល​នយោបាយ​ទាក់ទង​កូរ៉េ​ខាង​ជើង​របស់​លោក Moon Jae In


​អ្នក​គាំទ្រ​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូ​ង Park Geun-hye ធ្វើ​បាតុកម្ម​នៅ​ខាងមុខ​តុលាការបន្ទាប់​ពី​ព្រះរាជអាជ្ញារ​នឹង​ស្នើ​ដាក់​ទណ្ឌកម្ម ប្រធានាធិបតី​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ឲ្យ​ជាប់​ពន្ធនាគារ​៣០​ឆ្នាំនៅ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃទី​២៧ កុម្ភៈ ២០១៨។

ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ដែល​មាន​គំនិត​អភិរក្ស​និយម​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​តវ៉ា​នឹង​ការណ៍​ដែល​លោក​ប្រធានាធិបតី Moon Jae In ប្រើប្រាស់​កីឡា​អូឡាំពិក​ដើម្បី​ងាក​ទៅ​បង្កើត​ទំនាក់ទំនង​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង។

ពួកគេ​ក៏​តវ៉ា​ផង​ដែរ​ដើម្បី​គាំទ្រ​ដល់​លោកស្រី​អតីត​ប្រធានាធិបតី Park Geun Hye ដែល​ត្រូវ​គេ​ដក​ចេញ​ពី​តំណែង និង​ដែល​កំពុង​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ចំនួន ៣០ ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់​អំពើ​ពុករលួយ។

ក្រុម​បាតុករ ដែល​ភាគ​ច្រើន​គ្រវី​ទង់ជាតិ​អាមេរិកាំង បាន​តវ៉ា​ប្រឆាំង​នឹង​គោល​នយោបាយ​របស់​លោក Moon Jae In ដែល​ជំរុញ​ឲ្យ​មាន​ការ​បង្កើន​កិច្ច​ពិភាក្សា និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង ដោយ​ពួកគេ​អះអាង​ថា គោល​នយោបាយ​នេះ​ធ្វើ​ឲ្យ​សត្រូវ​មាន​អារម្មណ៍​ធូរស្រាល និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យុទ្ធសាស្ត្រ «ដាក់​សម្ពាធ​ជា​អតិបរមា» របស់​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក Kim Suk Woo អ្នក​រៀបចំ​ការ​ធ្វើ​បាតុកម្ម​នេះ​មួយ​រូប បាន​និយាយ​ថា៖ «ដោយ​ព្យាយាម​ផ្សព្វផ្សាយ​នូវ​ពាក្យ​ស្លោក​សន្តិភាព​ដែល​មិន​ត្រឹមត្រូវ​មួយ​ចំនួន​ដូចជា​ពាក្យ «គ្មាន​សង្គ្រាម​នៅ​កូរ៉េ» ជា​ដើម លោក​ប្រធានាធិបតី Moon Jae In នា​ពេល​ឥឡូវ​នេះ មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ដោយសារ​លោក​បាន​ឯកភាព​ជាមួយ​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​លោក Kim Jong Un»។ លោក Kim Suk Woo គឺ​ជា​អតីត​អនុ​រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ទាំង​ពីរ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ជា​ប្រធាន​វិទ្យាស្ថាន​អភិវឌ្ឍ​ជាតិ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល។

ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​នេះ​មាន​គោល​បំណង​ជំរុញ​ឲ្យ​មាន​ការ​គាំទ្រ​ជា​សាធារណៈ​នៅ​ក្នុង​ការ​ដក​លោក​ប្រធានាធិបតី Moon Jae In ចេញ​ពី​តំណែង ដោយសារតែ​កន្លង​មក ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​បែប​នេះ​បាន​បណ្ដាល​ឲ្យ​មាន​ការ​ដក​ដំណែង​លោកស្រី Park Geun Hye ដែល​ជា​អ្នក​មាន​ទស្សនៈ​អភិរក្ស​និយម ចេញ​ពី​តំណែង​ជា​ប្រធានាធិបតី៕

XS
SM
MD
LG