ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ឆ្លើយតប​យ៉ាង​ខឹង​សម្បា​លើ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​កូរ៉េខាងជើង​​


រូបឯកសារ៖ ទង់ជាតិ​ចិន​និង​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​ឈ្មោះ​ថា Ryugyong Korean Restaurant ក្នុង​ក្រុង Ningbo ខេត្ត Zhejiang ប្រទេស​ចិន។
រូបឯកសារ៖ ទង់ជាតិ​ចិន​និង​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​ឈ្មោះ​ថា Ryugyong Korean Restaurant ក្នុង​ក្រុង Ningbo ខេត្ត Zhejiang ប្រទេស​ចិន។

ប្រទេស​ចិន​កាល​ពី​ថ្ងៃសៅរ៍​បាន​ឆ្លើយតប​យ៉ាង​ខឹង​សម្បា​ទៅ​លើ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​កូរ៉េខាងជើង​ ដែល​ការណ៍​នេះ​បង្ហាញ​ពី​ភាព​ផ្ទុយ​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​កិច្ច​ខំ​ប្រឹង​ប្រែង​ដើម្បី​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​ និង​កាំជ្រួញ​ម៉ីស៊ីល​ផ្លោង​ឆ្លង​ទ្វីប​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ​ កាល​ពី​ថ្ងៃសុក្រ​បាន​ប្រកាស​ពី​អ្វី​ដែល​លោក​ហៅ​ថា​ជា​ការ​«ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត​មិន​ដែល​មាន​ពី​មុន​មក» ប្រឆាំង​នឹង​កូរ៉េ​ខាងជើង​ និង​បាន​គំរាម​កំហែង​ពី​ការ​ដាក់​ទណ្ឌកម្ម​នៅ​ក្នុង​ដំណាក់​កាល​ទី២​ ប្រសិន​បើ​មិន​ទទួល​បាន​ផល​នៅក្នុង​ពេល​នេះ។

ការ​ដាក់​ទណ្ឌកម្ម​នេះ​បាន​ដាក់​ទៅ​លើ​ បុគ្គល​ម្នាក់​ ក្រុមហ៊ុន​ចំនួន​២៧​ និង​វានា​ចំនួន​២៨​គ្រឿង​ ដែល​បាន​ចុះ​បញ្ជី​នៅ​ក្នុង​ប្រទេស​ចិន​ និង​ក្នុង​ប្រទេស​ចំនួន​៧​ផ្សេង​ទៀត ក្នុង​គោល​បំណង​កាត់​ផ្តាច់​ការ​ដឹក​ជញ្ជូន​ខុស​ច្បាប់​ និង​ពាណិជ្ជ​កម្ម​របស់​កូរ៉េ​ខាង​ជើង។ សហរដ្ឋ​អាមេរិក​បាន​រាំង​ខ្ទប់​ទ្រព្បសម្បត្តិ​របស់​ក្រុមហ៊ុន​ទាំង​នោះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ និង​បាន​ហាម​ឃាត់​មិន​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ធ្វើ​ជំនួញ​រកស៊ី​ជាមួយ​នឹង​ក្រុមហ៊ុន​ទាំង​នេះ។

ក្រសួង​ការបរទេស​ចិន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​បាន​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​«ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់»​ទៅ​លើ​ទណ្ឌកម្ម​ឯកតោ​ភាគី​របស់​សហរដ្ឋ​អាមេរិក​ និង​បាន​ប្តេជ្ញា​ថា​នឹង​«ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​យ៉ាង​ខ្លាំង​ក្លា»​អនុលោម​តាម​ច្បាប់។ ក្រសួង​ក៏​បាន​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក​ដក​ទណ្ឌកម្ម​ទាំង​នេះ​ចេញ​ជា​បន្ទាន់​ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​វិស័យ​ពាក់ព័ន្ធ​ផ្សេង​ទៀត​នៅ​ក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី។

សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃសៅរ៍​ គឺ​ជា​ការ​ឆ្លើយ​តប​ចុង​ក្រោយ​បំផុតរ​បស់​ចិន​នៅ​ក្នុង​ការ​រិះគន់​ជា​បន្ត​បន្ទាប់​ទៅ​លើ​ការ​ដាក់​ទណ្ឌកម្ម​នានា​ប្រឆាំង​នឹង​កូរ៉េខាង​ជើង​ ដែល​មិន​ស្រប​តាម​ក្រប​ខ័ណ្ឌ​ការងារ​របស់​អង្គការ​សហ​ប្រជាជាតិ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG