ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ការទូត​អាមេរិក​ចម្បង​ទទួល​បន្ទុក​កិច្ចការ​កូរ៉េ​ខាង​ជើង​នឹង​ចូល​និវត្តន៍


លោក Joseph Yun អ្នក​តំណាង​ពិសេស​របស់​អាមេរិក​សម្រាប់​គោលនយោបាយ​កូរ៉េ​ខាង​ជើង​អញ្ជើញ​ទៅ​ដល់​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​សារព័ត៌មាន​នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧។

លោក Joseph Yun អ្នក​តំណាង​ពិសេស​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​គោល​នយោបាយ​កូរ៉េ​ខាង​ជើង នឹង​ចាកចេញ​ពី​តំណែង​របស់​លោក​នៅ​ក្នុង​សប្ដាហ៍​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​លោកស្រី Heather Nauert បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដោយ​និយាយ​ថា លោក Joseph Yun នឹង​ចូល​និវត្តន៍​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ «ដោយសារ​មូលហេតុ​ផ្ទាល់​ខ្លួន» ហើយ​លោក​រដ្ឋមន្ត្រី​ការបរទេស Rex Tillerson បាន «ឯកភាព​ដោយ​ស្ទាក់ស្ទើរ» ជាមួយ​នឹង​ការ​សម្រេច​ចិត្ត​របស់​មន្ត្រី​ការទូត​ជើង​ចាស់​មួយ​នេះ។

លោក Joseph Yun ដែល​កាន់​តំណែង​ជា​ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​កូរ៉េ និង​ជប៉ុន​ផង​ដែរ​នោះ បាន​បញ្ជាក់​អះអាង​អំពី​ការ​ចូល​និវត្តន៍​របស់​លោក​ជាមួយ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

លោក Joseph Yun ដែល​ជា​មន្ត្រី​ជើង​ចាស់​បម្រើ​ការ​បាន​រយៈពេល ៣២ ឆ្នាំ ឲ្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ត្រូវ​បាន​តែងតាំង​ជា​អ្នក​តំណាង​ពិសេស​សម្រាប់​កិច្ចការ​គោល​នយោបាយ​កូរ៉េ​ខាង​ជើង​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៦ នៅ​ក្រោម​អាណត្តិ​របស់​អតីត​ប្រធានាធិបតី Barack Obama។

ការ​ចូល​និវត្តន៍​របស់​លោក​បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​មាន​សញ្ញា​ថា​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ប្រហែល​ជា​នៅ​ទី​បំផុត​អាច​មាន​ឆន្ទៈ​ក្នុង​ការ​ពិភាក្សា​ផ្ទាល់​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពាក់ព័ន្ធ​នឹង​កម្មវិធី​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់​ផ្លោង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង។

កន្លង​មក លោក Yun បាន​តស៊ូ​មតិ​ឲ្យ​មាន​ការ​ប្រឡូក​ដោយ​ផ្ទាល់​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង និង​បាន​ពិភាក្សា​ដោយ​ផ្ទាល់​ជា​ប្រចាំ​ជាមួយ​នឹង​មន្ត្រី​ការទូត​កូរ៉េ​ខាង​ជើង​ប្រចាំ​អង្គការ​សហប្រជាជាតិ៕

XS
SM
MD
LG