ទីភ្នាក់ងារព័ត៌មាន KCNA របស់ប្រទេសកូរ៉េខាងជើងបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ការសាកល្បងមីស៊ីលជាបន្តបន្ទាប់របស់ប្រទេសកូរ៉េខាងជើងកាលពីពេលថ្មីៗនេះគឺរៀបចំឡើងដើម្បីជាការព្រមានដោយធ្វើឱ្យដូចទៅនឹងការបាញ់ស្រោចដាក់លើប្រទេសកូរ៉េខាងត្បូងដោយប្រើអាវុធនុយក្លេអ៊ែរដូច្នេះដែរ បន្ទាប់ពីកងទ័ពកូរ៉េខាងត្បូងនិងកងទ័ពសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាមួយគ្នាមក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
កូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងមីស៊ីលពីរគ្រាប់ទៀតកាលពីព្រឹកថ្ងៃអាទិត្យ ដែលនេះគឺជាការបាញ់ដូចនេះលើកទី ៧ ហើយចាប់តាំងពីថ្ងៃទី ២៥ ខែកញ្ញាមក។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងនិងមន្ត្រីរដ្ឋាភិបាលជប៉ុន។
ទីភ្នាក់ងារព័ត៌មាន KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានណែនាំការបាញ់សាកល្បងដែលធ្វើឡើងដោយកងយោធានុយក្លេអ៊ែរនៅក្នុងរយៈពេល ២ សប្ដាហ៍កន្លងមកនេះ ដែលនៅក្នុងការសាកល្បងនោះគឺមានគ្រាប់ផ្លោងមីស៊ីលដែលធ្វើត្រាប់តាមការបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ។ ទីភ្នាក់ងារព័ត៌មាននេះបានបន្ថែមថា ការសាកល្បងទាំងនេះមានបំណងចង់បញ្ជូនសារខ្លាំងក្លាអំពីវិធីសាស្ត្រកម្លាបែបសង្គ្រាម។
ទីភ្នាក់ងារព័ត៌មាន KCNA បានបញ្ជាក់ទៀតថា ការសាកល្បងទាំងនេះបានធ្វើឱ្យដូចទៅនឹងការវាយប្រហារលើបញ្ជាការដ្ឋានយោធា កំពង់ផែចម្បង និងអាកាសយានដ្ឋាននានានៅក្នុងប្រទេសកូរ៉េខាងត្បូងដូច្នេះដែរ។
ទីភ្នាក់ងារព័ត៌មានរបស់កូរ៉េខាងជើងនេះបានលើកឡើងដូច្នេះថា៖ «ប្រសិទ្ធភាពនិងសមត្ថភាពប្រយុទ្ធដែលផ្ដោតលើការប្រតិបត្តិជាក់ស្ដែងនៃកងទ័ពនុយក្លេអ៊ែររបស់យើងត្រូវបានបង្ហាញឡើងពេញទំហឹង ស្របពេលដែលខ្លួនប្រុងប្រៀបរួចជាស្រេចនៅក្នុងការវាយប្រហារនិងបំផ្លាញគោលដៅនានានៅពេលណាមួយក៏បាននិងចេញពីទីតាំងណាមួយក៏បាន»។
ទីភ្នាក់ងារព័ត៌មាន KCNA នេះបានដកស្រង់សម្ដីរបស់លោក Kim Jong Un ដែលបាននិយាយថា៖ «បើទោះបីជាសត្រូវនៅបន្តនិយាយអំពីការពិភាក្សានិងការចរចាក៏ដោយ ក៏យើងមិនមានអ្វីដែលត្រូវពិភាក្សាឬក៏យើងមានអារម្មណ៍ថាចាំបាច់ត្រូវធ្វើដូច្នេះនោះទេ»។
ទីភ្នាក់ងារព័ត៌មាន KCNA នេះបានបញ្ជាក់បន្ថែមថា គណបក្សពលកររបស់ប្រទេសកូរ៉េខាងជើងដែលជាគណបក្សកាន់អំណាចបានសម្រេចធ្វើការសាកល្បងមីស៊ីលទាំងនេះដើម្បីជាការឆ្លើយតបដោយចៀសមិនរួចចំពោះការធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកនិងកងទ័ពជើងទឹកប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រ ដែលនៅក្នុងសមយុទ្ធនោះក៏មានការចូលរួមពីនាវាផ្ទុកយន្តហោះចម្បាំងនិងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរ។
បន្ទាប់ពីកូរ៉េខាងជើងបានលើកឡើងដូច្នេះមក ខុទ្ទកាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានបញ្ជាក់ថា៖ «វាជារឿងសំខាន់ដែលត្រូវទទួលស្គាល់ឱ្យបានត្រឹមត្រូវអំពីកម្រិតធ្ងន់ធ្ងរនៃបញ្ហាសន្តិសុខនានានៅលើឧបទ្វីបកូរ៉េនិងនៅតំបន់អាស៊ីឦសានដើម្បីត្រៀមលក្ខណៈឱ្យបានត្រឹមត្រូវ»។ នេះបើតាមការបញ្ជាក់របស់មន្ត្រីកូរ៉េខាងត្បូងម្នាក់៕