ភាព​តាន​តឹង​ចុង​ក្រោយ​បង្អស់​នៅ​កូរ៉េ​ខាងជើង​ទាក់​ទង​នឹង​នាវាមុជ​ទឹក​ដ៏​គ្រោះ​ថ្នាក់​ថ្មី​មួយ

រូបឯកសារ៖ លោក គីម ជុងអ៊ុន ឈរ​នៅ​លើ​នាវា​មុជ​ទឹក​មួយ​ក្នុង​ពេល​លោក​ចុះ​ត្រួត​ពិនិត្យ កង​ទ័ព​ជើង​ទឹក​១៦៧ តាម​រយៈ​រូបថត​ដែល​មិន​មាន​កាល​បរិច្ឆេទ​មួយ។

ភាព​តាន​តឹង​ថ្មី​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​មិន​មែន​ជា​ការ​បង្ហោះ​កាំជ្រួច​មីស៊ីល​ឬក៏​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​អ្វី​នោះ​ទេ។ ប៉ុន្តែ ជា​​ការ​បង្ហាញ​ថ្មី​របស់​លោក​ គីម ជុងអ៊ុន នូវ​នាវា​មុជ​ទឹក​ថ្មី​មួយ​គ្រឿង។

ការ​បង្ហាញ​នា​វា​មុជ​ទឹក​នេះ​ ជា​វិធី​ចុង​ក្រោយ​បង្អស់​ដែល​កូរ៉េ​ខាង​ជើង​ធ្វើ​ឡើង​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​សហរដ្ឋ​អាមេរិក ​ខណៈ​ពេល​ដែល​ការចរចា​អាវុធ​នុយក្លេអ៊ែរ​នៅ​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការ​ចាប់​ផ្តើម។

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង​បាន​ចេញ​ផ្សាយ​រូបភាព​នៃ​លោក​ គីម ជុងអ៊ុន ក្នុង​ការ​ត្រួតពិនិត្យ​នាវា​មុជទឹក​ដែល​ទើប​នឹង​សាង​សង់​ថ្មី​មួយ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​បាន​ឲ្យ​ដឹង​ថា ​នាវា​នេះ​នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​សមុទ្រ​ភាគ​ខាង​កើត​របស់​កូរ៉េ​ខាង​ជើង។​

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​កូរ៉េ​បាន​រាយការណ៍​ថា៖ «លោក គីម ជុងអ៊ុន បាន​បង្ហាញ​ការ​ពេញ​ចិត្ត​ជាខ្លាំង​ពី​ការ​ពិត​ដែល​ថា នាវាមុជ​ទឹក​នេះ​ត្រូវ​បាន​រចនា​និង​សង់​ឡើង​ដោយ​មាន​សមត្ថភាព​ក្នុង​ការ​ប្រតិបត្តិ​ឲ្យ​បាន​ពេញ​លេញ ​នូវ​គោល​បំណង​យុទ្ធសាស្រ្ត​យោធារបស់​គណបក្ស​ក្នុង​ស្ថានការណ៍​ផ្សេងៗ»។

បើទោះបី​ជា​អត្ថបទ​នេះ​មិន​បាន​បញ្ចេញ​ថា តើ​សព្វាវុធ​ប្រភេទ​ណា​ដែល​បំពាក់​នៅ​នាវា​មុជ​ទឹក​ថ្មី​នេះ​ក៏ដោយ សេចក្តីរាយការណ៍​នេះ​និយាយ​យោង​ទៅលើ​សមត្ថភាព​យុទ្ធសាស្រ្ត​ដែល​បាន​បង្ហាញ​ថា នាវា​នេះ​អាច​ផ្ទុក​កាំជ្រួច​មីស៊ីល​នុយក្លេអ៊ែរ​សម្រាប់​គោល​បំណង​កំញើញ​ភាគី​ម្ខាងទៀត។​

លោក គីម ជុងអ៊ុន ចុះ​ពិនិត្យ​រោង​ចក្រ​ផលិត​នាវា​មុជ​ទឹក។

នាវា​មុជទឹក​ថ្មី​នេះ​គឺ​ជា​ការក្រើន​រំឭកថា កូរ៉េ​ខាងជើង​កំពុង​បន្ត​អភិវឌ្ឍ​និង​បង្កើន​កម្មវិធី​សព្វាវុធ​របស់​ខ្លួន​ ខណៈ​ពេល​ដែល​មាន​ការ​ពន្យារ​ការ​ចរចា​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​មួយ​ទៀត​។

ការគំរាម​កំហែង​ថ្មី​មួយ​ដែល​មិន​អាច​ស្មាន​ទុក​ជាមុន

ការអភិវឌ្ឍ​នៃ​នាវា​មុជទឹក​ដែល​អាច​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​ឆ្លង​ទ្វីប​ ឬក៏​ហៅកាត់​ថា ​SLBMs ​នឹង​បន្ថែម​សមាសភាគ​ថ្មី​មួយ​ទៀត​ទៅ​ក្នុង​ឃ្លាំង​សព្វាវុធ​របស់​កូរ៉េខាងជើងដែល​មិន​អាច​ស្មានទុក​ជាមុន​បាន។ នាវាមុជ​ទឹក​ដែល​អាច​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​ឆ្លង​ទ្វីប​នេះ​អាច​ផ្លាស់​ទី​បាន​ ដែល​អាច​នឹង​បង្កើន​វិសាលគម​នៃ​វង់ប្រតិបត្តិការ​របស់​មីស៊ីល​ឆ្លងទ្វីប​របស់​កូរ៉េ​ខាងជើង។ ​នាវាមុជទឹកងាយ​ស្រួល​ជាង​នាវា​ផ្សេងៗ​ក្នុង​ការ​លាក់​ទុក។

លោក ​Vipin Narang ​អ្នកជំនាញ​ផ្នែក​អាវុធ​នុយក្លេអ៊ែរ​មួយ​រូប​នៅ​ឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​រដ្ឋ ​Massachusetts (MIT) ​បាន​បង្ហោះ​តាម​សារ Twitterថា៖ «កាំជ្រួច​មីស៊ីល​អន្តរទ្វីប ICBMs គឺ​ប្រើ​សម្រាប់​ការ​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​និង​ប្រតិបត្តិការ​រយៈ​ចម្ងាយ​ឆ្ងាយ​ ចំណែក​ឯ​នាវាមុជ​ទឹក​ដែល​អាច​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​ឆ្លងទ្វីប SLBMs​ នេះ​វិញ​គឺ​ប្រើ​សម្រាប់​ការ​ជួយ​ឲ្យ​រស់​រាន​ជីវិត»។​
បន្ទាប់​ពី​មាន​ការបរាជ័យ​ក្នុង​ការ​សាកល្បង​ពីបី​ដងរួច​មក​ កូរ៉េខាងជើង​ កាល​ពី​ឆ្នាំ​២០១៦ បាន​ធ្វើ​ការ​សាកល្បង​បាញ់​កាំជ្រួច​មីស៊ីល​ឆ្លងទ្វីប​ដែល​បាន​បង្ហោះ​ចេញ​ពី​នាវាមុជទឹក​ពិសោធន៍​ Gorae-class​ បាន​យ៉ាង​ជោគជ័យ។

សេចក្តី​រាយការណ៍​មួយ​ចំនួន​ដែល​ផ្អែក​ទៅ​លើ​រូបភាព​ផ្កាយរណប បាន​បង្ហាញ​ឲ្យ​ដឹង​ថា កូរ៉េខាង​ជើង​កំពុង​ធ្វើការ​សាងសង់​នាវាមុជទឹក​ខា្នត​ធំ​មួយ​ថ្មី​ដែល​អាច​បាញ់​កាំជ្រួច​មីស៊ីល​អន្តរទ្វីប​បាន​ច្រើន។

នាវាមុជទឹក​ដែល​ត្រូវបាន​បង្ហាញ​ឲ្យ​ឃើញ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ​ហាក់ដូចជា​បាន​បញ្ជាក់​របាយការណ៍​ទាំងនោះ​។ នេះ​បើយោងតាម​អ្នក​វិភាគ​ជាច្រើន។ អ្នកវិភាគ​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា នាវា​ថ្មី​នេះ​ប្រហែល​ជា​ប្រភេទ​នាវាមុជទឹករបស់​កូរ៉េ​ខាងជើង​ដែលមានស្រាប់​ហើយត្រូ​វបានគេ​កែច្នៃ​ឲ្យ​មាន​សមត្ថភាព​ផ្ទុក​កាំជ្រួច​មីស៊ីល​អន្តរទ្វីប​បាន។

លោក Park Won-gon សាស្រ្តាចារ្យ​នៅ​ឯ​សាកល​វិទ្យាល័យ Handong Global បាន​មាន​ប្រសាសន៍​ថា៖ «វា​ហាក់បី​ដូចជា​នាវាមុជទឹក​ដែល​មាន​ទម្ងន់ ៣ពាន់តោន ដែល​អាច​ផ្ទុក​កាំជ្រួច​មីស៊ីល​ដែល​ត្រូវ​បាន​បង្ហោះ​ចេញពី​នាវាមុជទឹក​ បាន​៣​ទៅ​៤​គ្រឿង។ នាវាមុជទឹក​នេះ​ពិបាក​ក្នុងការ​ប្រយុទ្ធប្រឆាំង​។ នេះ​គឺ​ជា​ប្រភេទ​ឱសានវាទ​មួយ​នៅ​ពេល​ដែល​វា​មាន​សមត្ថភាព​ខាងផ្នែក​ថាមពល​នុយក្លេអ៊ែ»។

រូបឯកសារ៖ មីស៊ីល​ត្រូវ​បាន​បាញ់​បង្ហោះ​នៅ​ក្នុង​ការ​ធ្វើ​សម​យុទ្ធ​មួយ​នៅ​កូរ៉េ​ខាង​ជើង កាល​ពី​ខែ​ឧសភា ២០១៩។

បង្កើន​អនុភាព?

ការបង្ហាញ​នាវាមុជទឹក​នេះ​គឺ​ជា​ការព្យាយាម​ចុងក្រោយ​បង្អស់​របស់​កូរ៉េខាងជើង​ដើម្បី​បង្កើន​អនុភាព​របស់​ខ្លួន​ក្នុង​ការចរចារ​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។​

កាលពីខែ​ឧសភា​កន្លងទៅនេះ កូរ៉េខាងជើង​បាន​បាញ់បង្ហោះ​កាំជ្រួច​មីស៊ីល​អន្តរទ្វីប​រយៈ​ចម្ងាយខ្លី​មួយ​ចំនួន​និង​គ្រាប់កាំភ្លើង​ផ្សេងៗ​ទៀត​។ នេះ​គឺ​ជា​ការបាញ់​កាំជ្រួចមីស៊ីល​អន្តរទ្វីប​លើកដំបូង​ក្នុងរយៈពេល​១​ឆ្នាំ​កន្លះ​មកនេះ។​

កាលពី​សប្តាហ៍​មុន កូរ៉េខាងជើង​បាន​គំរាម​បន្ត​បាញ់​កាំជ្រួច​មីស៊ីល​រយៈចម្ងាយ​ឆ្ងាយ​ក៏ដូចជា​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ ប្រសិនបើ​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាងត្បូង​មិន​បញ្ឈប់​សមយុទ្ធ​យោធា​ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែ​ក្រោយ។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកDonald Trump មិន​បាន​បញ្ចេញ​យោបល់​អ្វី​ទៅលើ​នាវា​មុជទឹក​ថ្មី​នេះ​ទេ ប៉ុន្តែ​លោក​បាន​ព្រងើយ​កន្តើយ​នឹង​ការរករឿង​របស់​កូរ៉េខាងជើង ដោយ​បាន​និយាយ​ថា លោក​មិន​ប្រញាប់​នោះទេ​សម្រាប់​កិច្ចព្រមព្រៀង។

លោក Shin Beom-chul អ្នកវិភាគ​ជាន់ខ្ពស់​នៅឯ​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​គោលនយោបាយ Asan នៅក្នុង​ទីក្រុង សេអ៊ូល បាន​មានប្រសាសន៍​ថា ដោយ​បង្ហាញ​ពី​នាវាមុជទឹក​នេះ កូរ៉េ​ខាងជើង​គឺ «ច្បាស់ណាស់​ចង់​ដាក់សម្ពាធ​ទៅលើ​សហរដ្ឋអាមេរិក»។ ប៉ុន្តែ លោក​បាន​បន្តទៀត​ថា ការរករឿង​របស់​កូរ៉េខាងជើង​នេះ​ហាក់បីដូចជា​ត្រូវបាន​រៀបចំ​ព្រៀងទុក​យ៉ាង​ប្រុងប្រយ័ត្ន។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ទាំង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាងជើង​នឹង​មិន​បញ្ឈប់​ការពិភាក្សា​នោះ​ទេ បើទោះបីជា​កូរ៉េខាង​ជើង​ប្រហែលជា​ព្យាយាម​ពង្រឹង​ជំហរ​ចរចា​របស់​ខ្លួន​ក៏ដោយ»។​

គ្មាន​កាលបរិច្ឆេទ​សម្រាប់​ការចរចា​

លោក​ប្រធានាធិបតី Trump កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ​បាន​ទទួលស្គាល់​ថា មិន​មាន​កាលបរិច្ឆេទ​ណាមួយ​សម្រាប់​បន្ត​ការ​ចរចា​នោះទេ។

មន្ត្រី​របស់​សេតវិមាន​បាន​និយាយ​អំពី​ការទម្លាយ​ភាពទាល់ច្រក​ បន្ទាប់​ពី លោក Kim និង​លោក​ប្រធានាធិបតី Trump បាន​យល់ព្រម​បន្ត​ការពិភាក្សា​ នៅ​ក្នុង​ជំនួប​ដែល​បាន​រៀបចំ​យ៉ាង​ប្រញាប់ប្រញាល់​កាលពី​ខែមុន​នៅ​ឯ​តំបន់​គ្មាន​យោធា​ដែល​តំបន់​នេះ​បាន​បែងចែក​ប្រទេស​កូរ៉េ​ទាំងពីរ។​

លោក Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា លោក​សង្ឃឹម​ថា ការពិភាក្សា​កម្រិត​ថ្នាក់​ការងារ​នឹង​ចាប់ផ្តើម​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខនេះ។ លោក Pompeo បាន​ថ្លែង​កាល​ពីលើកមុន​ថា លោក​បានគិត​ថា ​ការពិភាក្សា​នឹង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែ​កក្កដា​។

រូបឯកសារ៖ លោក​ គីម ជុងអ៊ុន ជួប​ជាមួយ​ប្រធានា​ធិបតី​ ត្រាំ នៅប្រទេស​សិង្ហបុរី កាល​ពី​ខែ​មិថុនា ២០១៨។

អស់រយៈពេល​ជាង​មួយ​ឆ្នាំ​ដែល​លោកប្រធានាធិបតី Trump ព្យាយាម​សម្រួល​ជាមួយ​លោក ​Kim នោះ មន្ត្រី​សហរដ្ឋអាមេរិក​បាន​ទទួល​ស្គាល់​ថា ភាគី​ទាំងសងខាង​មិនទាន់​បាន​យល់ព្រម​ទៅលើ​ថា តើ​គំនិត​នៃ​ការ​ដក​អាវុធ​នុយក្លេអ៊ែរ​មានន័យ​យ៉ាងដូចម្តេច​ទេ​។ លោក​ Pompeo ​កាលពី​ថ្ងៃ​ច័ន្ទ​នេះ​មិនបាន​ធ្វើ​ការបកស្រាយ​ពី​ការ​មិន​យល់ស្រប​គ្នា​នោះទេ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​និយាយ​ទៅកាន់​លោក​ប្រធាន Kim អំពី​រឿង​នេះ​ជាច្រើន​ដង​មកហើយ។ នេះ​គឺ​ជា​ការបញ្ជាក់​យ៉ាងច្បាស់លាស់​មួយ​។ វាគ្មាន​ជំលោះ​អ្វី​នោះទេ។ នេះ​គឺ​ជា​ការខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ​យ៉ាងល្អិតល្អន់​និង​ពេញលេញ​មួយ​ដែល​ពួកយើង​កំពុង​ពិភាក្សា​។ ខ្ញុំ​ឮ​មនុស្ស​ជាច្រើន​និយាយ​ថា តើ​អាច​មាន​ភាពស្រពិចស្រពិល ឬ ទេ។ វា​មិនមាន​ភាពស្រពិចស្រពិល​អ្វី​នោះ​ទេ»។

កូរ៉េ​ខាងជើង​បាន​ដាក់​ពេលកំណត់​មួយ​នៅ​ចុងឆ្នាំ​នេះ​ដើម្បី​ឲ្យ​សហរដ្ឋ​អាមេរិក​ភ​ធ្វើការ​យល់​ព្រម​ឲ្យ​បាន​ច្រើន​ជាងនេះ​ក្នុងការ​ពិភាក្សា​អាវុធ​នុយក្លេអ៊ែរ៕

ប្រែសម្រួល​ដោយ​កញ្ញា លី វួចនា