កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​យ៉ាង​តិច ១០ គ្រាប់ ដោយ ៣ គ្រាប់​សំដៅ​ទៅ​ដែនដី​កូរ៉េ​ខាង​ត្បូង

ប្រជាជន​កូរ៉េខាងត្បូង​មើល​ការ​ផ្សាយព័ត៌មាន​តាម​​ទូរទស្សន៍​អំពី​ការ​បាញ់​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​របស់​កូរ៉េខាងជើង​ទៅ​ក្នុង​សមុទ្រ នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​យ៉ាង​តិច ១០ គ្រាប់​នៅ​ថ្ងៃ​ពុធ​នេះ ដែល​ក្នុង​នោះ​មីស៊ីល​យ៉ាង​តិច ៣ គ្រាប់​ត្រូវ​បាន​បាញ់​សំដៅ​ឆ្ពោះ​ទៅ​ដែនដី​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​នេះ​គឺ​ជា​ការ​បាញ់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​ជូន​ដំណឹង​នៅ​តាម​ទូរទស្សន៍​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​បាន​បណ្ដាល​ឱ្យ​មាន​ការ​បន្លឺ​ស៊ីរ៉ែន​វាយ​ប្រហារ​តាម​អាកាស​នៅ​លើ​កោះ​មួយ​របស់​កូរ៉េ​ខាងត្បូង។

មីស៊ីល​មួយ​គ្រាប់​របស់​កូរ៉េ​ខាង​ជើង​បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ដែល​ស្ថិត​នៅ​ចម្ងាយ​តែ ៥៧ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ភាគ​ខាង​កើត​នៃ​ទីក្រុង Sokcho ដែល​ជា​ទីក្រុង​ទេសចរណ៍​ជាប់​សមុទ្រ​នៅ​ភាគ​ឦសាន​ប្រទេស​កូរ៉េ​ខាង​ត្បូង។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​យោធា​កូរ៉េ​ខាង​ត្បូង។

មីស៊ីល​មួយ​គ្រាប់​ទៀត​បាន​ធ្លាក់​នៅ​ចម្ងាយ ១៦៧ គីឡូម៉ែត្រ​ពី​ស្រុក Ulleung ដែល​ជា​តំបន់​ដី​កោះ​ដែល​មាន​មនុស្ស​រស់នៅ​រប៉េះរប៉ោះ​នៅ​ឯ​សមុទ្រ​ភាគ​ខាង​កើត​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង។

មីស៊ីល​គ្រាប់​ទី ៣ បាន​ធ្លាក់​ចូល​ក្នុង​ដែន​ទឹក​អន្តរជាតិ​ដែល​មាន​ចម្ងាយ​តែ ២៦ គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ​ពី​ភាគ​ខាង​ត្បូង​នៃ​ព្រំដែន​សមុទ្រ​ជាក់ស្ដែង​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​នានា។

យោធា​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា យន្តហោះ​ចម្បាំង​កូរ៉េ​ខាង​ត្បូង​បាន​បាញ់​មីស៊ីល ៣ គ្រាប់​នៅ​ភាគ​ខាង​ជើង​នៃ​ព្រំដែន​សមុទ្រ​នេះ ដើម្បី​ឆ្លើយតប​ចំពោះ​ការ​បាញ់​របស់​កូរ៉េ​ខាង​ជើង​នេះ។

ក្រុម​នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ការ​ឆ្លើយតប​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី «សមត្ថភាព​និង​ការ​ប្រុងប្រៀប​រួច​ជា​ស្រេច» របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង «ការ​វាយ​ប្រហារ​សត្រូវ​ឱ្យ​ចំ​គោលដៅ»។

ស្ថានការណ៍​លើក​នេះ​បាន​បង្ក​ឱ្យ​មាន​ភាព​តានតឹង​បន្ថែម​ទៀត​នៅ​លើ​ឧបទ្វីប​កូរ៉េ។ នៅ​ក្នុង​ឆ្នាំ​នេះ កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ប្រហែល ៥០ គ្រាប់​រួច​មក​ហើយ ដែល​ជា​ចំនួន​មួយ​ដ៏​ច្រើន​មិន​ធ្លាប់​មាន​ពី​មុន​មក៕

លោក Lee Juhyun រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។