សហរដ្ឋអាមេរិក ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការនិងបង្កើនវិធានការកម្លារារាំងនានា មុនពេលប្រទេសកូរ៉េខាងជើងអាចធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរណាមួយ។
ការប្ដេជ្ញាចិត្តនេះបានធ្វើឡើងនៅក្នុងអំឡុងជំនួបមួយនៅថ្ងៃពុធនេះក្នុងទីក្រុងតូក្យូនៃប្រទេសជប៉ុនរវាងអនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង ៣។
អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Cho Hyun-dong បាននិយាយថា៖ «យើងឯកភាពគ្នាថា ទំហំនៃការឆ្លើយតបដែលមិនអាចប្រៀបបាន គឺជាការចាំបាច់ ប្រសិនបើប្រទេសកូរ៉េខាងជើងជំរុញទៅមុខនូវការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី ៧ [របស់ខ្លួន]»។
កាលពីថ្ងៃអង្គារ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងជើងបានបញ្ចប់ការរៀបចំសម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរ ដែលការសាកល្បងលើកនេះនឹងក្លាយជាការសាកល្បងលើកទី ៧ របស់កូរ៉េខាងជើងតាំងពីឆ្នាំ ២០០៦ មក។
អនុរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeo Mori បាននិយាយថា៖ «ដោយសារតែអាចមានការបង្កហេតុបន្ថែមទៀត [ពីប្រទេសកូរ៉េខាងជើង] ដែលក្នុងនោះរួមមានទាំងការសាកល្បងអាវុធនុយក្លេអ៊ែរផងដែរ យើងបានឯកភាពគ្នាថា … យើងនឹងពង្រឹងសមត្ថភាពកម្លារារាំងរបស់យើងនៅក្នុងតំបន់ … ហើយធ្វើការជិតស្និទ្ធជាមួយគ្នា ដោយឈរលើទស្សនៈនៃកិច្ចប្រឹងប្រែងការទូត»។
អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកអ្នកស្រី Wendy Sherman បានជំរុញប្រទេសកូរ៉េខាងជើងឱ្យ «បញ្ឈប់ការបង្កហេតុបន្ថែមទៀត» និងបានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែតាំងចិត្តធ្វើការចរចាដោយគ្មានលក្ខខណ្ឌទុកជាមុន។
អ្នកស្រី Sherman ក៏បានបញ្ជាក់ឡើងវិញផងដែរអំពីការតាំងចិត្ត «យ៉ាងរឹងមាំដូចដែក» ដើម្បីការពារប្រទេសជប៉ុននិងកូរ៉េខាងត្បូង ដោយអ្នកស្រីបាននិយាយថា ប្រទេសទាំងនេះ «បានច្របាច់បញ្ចូលគ្នាយ៉ាងជាក់ច្បាស់ដោយសារផលប្រយោជន៍សន្តិសុខរួម»៕