ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ទាមទារ​ឱ្យ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​បញ្ឈប់​សមយុទ្ធ​យោធា​រួម​គ្នា


រូបឯកសារ​៖ មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un មើល​ការ​បាញ់​គ្រាប់​មីស៊ីល​សាកល្បង​នៅ​ទីតាំង​មួយក្នុង​ប្រទេស​កូរ៉េខាងជើង។ រូបភាព​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២២។ (KCNA via REUTERS)
រូបឯកសារ​៖ មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un មើល​ការ​បាញ់​គ្រាប់​មីស៊ីល​សាកល្បង​នៅ​ទីតាំង​មួយក្នុង​ប្រទេស​កូរ៉េខាងជើង។ រូបភាព​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២២។ (KCNA via REUTERS)

កាលពី​ថ្ងៃ​ចន្ទ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ទាមទារ​ឱ្យ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បញ្ឈប់​ការ​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ ដោយ​បាន​ហៅ​សមយុទ្ធ​ទាំង​នេះ​ថា​ជា​ការ​បង្ក​ហេតុ​ដែល​អាច​នាំ​ឱ្យ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ចាត់ «វិធានការ​តបត​ខ្លាំង​ជាង​មុន‍»។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​ប្រទេស​នេះ​ថា៖ «ស្ថានការណ៍​នៅ​លើ​ឧបទ្វីប​កូរ៉េ​និង​នៅ​ក្បែរៗ​នោះ​បាន​ចូល​ដល់​ដំណាក់កាល​ប្រឈម​មុខ​ដាក់​គ្នា​ធ្ងន់ធ្ងរ​នៃ​អំណាច​ដើម្បី​អំណាច​ជា​ថ្មី​ម្ដង​ទៀត ដោយសារ​វិធានការ​យោធា​គ្មាន​ឈប់ឈរ​និង​មិន​បាន​គិត​ហ្មត់ចត់​របស់​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង‍»។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​ផ្លូវ​អាកាស​រួម​គ្នា​ដ៏​ធំ​បំផុត​មួយ​កាលពី​ថ្ងៃ​ចន្ទ ដោយ​មាន​ការ​ចូលរួម​ពី​យន្តហោះ​ចម្បាំង​រាប់​រយ​គ្រឿង​របស់​ប្រទេស​ទាំង​ពីរ​ ដោយ​ធ្វើ​ត្រាប់​ឱ្យ​ដូច​ការ​វាយ​ប្រហារ​ជាក់ស្ដែង​រយៈពេល ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ។

កងទ័ព​ជើង​អាកាស​របស់​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា សមយុទ្ធ​ដែល​មាន​ឈ្មោះ​ថា Vigilant Storm នេះ​នឹង​ធ្វើ​រហូត​ដល់​ថ្ងៃ​សុក្រ​ខាង​មុខ ហើយ​មាន​ការ​ចូលរួម​ពី​យន្តហោះ​ចម្បាំង​ប្រមាណ ២៤០ គ្រឿង​ដែល​ធ្វើ​សមយុទ្ធ​ចេញ​ទៅ​វាយ​ប្រហារ​ចំនួន​ប្រហែល ១.៦០០ ជើង។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និង​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ជឿ​ថា រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ប្រហែលជា​ជិត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​ថ្មី​ទៀត បន្ទាប់ពី​កូរ៉េ​ខាង​ជើង​មិន​បាន​សាកល្បង​អាវុធ​ប្រភេទ​នេះ​តាំងពី​ឆ្នាំ ២០១៧ មក ហើយ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​ប្រកាន់​យក​យុទ្ធសាស្ត្រ «កម្លា​រារាំង» កូរ៉េ​ខាង​ជើង​តាម​រយៈ​ការ​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នានា។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង​នេះ​បាន​បញ្ជាក់​ថា កូរ៉េ​ខាងជើង «ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ដើម្បី​ចាត់​វិធានការ​ចាំបាច់​ទាំង​អស់​ដើម្បី​ការពារ​អធិបតេយ្យភាព សន្តិសុខ​ប្រជាពលរដ្ឋ និង​បូរណភាព​ទឹកដី​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​យោធា​ណា​មួយ​ពី​ខាង​ក្រៅ‍»។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បន្ថែម​ថា៖ «ប្រសិនបើ​សហរដ្ឋ​អាមេរិក​នៅតែ​បន្ត​ការ​បង្កហេតុ​ខាង​យោធា​ធ្ងន់ធ្ងរ​តទៅ​ទៀត សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​នឹង​ចាត់​វិធានការ​តបត​ខ្លាំង​ជាង​មុន‍»៕

XS
SM
MD
LG