រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo នឹងជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសនានានៃបណ្ដាប្រទេសអាស៊ាន នៅក្នុងប្រទេសសិង្ហបុរីនៅសប្ដាហ៍នេះ។
លោក Pompeo នឹងផ្សព្វផ្សាយទស្សនវិស័យរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ អំពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយដែលមានលក្ខណៈសេរី និងបើកចំហ ប៉ុន្តែការព្រួយបារម្ភអំពីបញ្ហាកូរ៉េខាងជើងប្រហែលជាចំណុចផ្ដោតខ្លាំងនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះ។
នៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ីបូព៌ា លោក Pompeo នឹងជួបជាមួយនឹងសមភាគីទាំង១៧រូប របស់លោក ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខសំខាន់ៗមួយចំនួននៅក្នុងតំបន់ ដែលក្នុងនោះមានដូចជាការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង បញ្ហាសមុទ្រចិនខាងត្បូង វិបត្តិរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា បញ្ហាសន្តិសុខអ៊ីនធឺណិត និងបញ្ហាផ្សេងៗទៀត។
ឆ្លើយទៅនឹងសំណួរដែលសួរថាតើលោក Pompeo នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយនឹងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Yong Ho នៅក្នុងប្រទេសសិង្ហបុរីដែរឬក៏យ៉ាងណានោះ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកមួយរូបបានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រទេសកូរ៉េខាងជើងក៏ចូលរួមនៅក្នុងវេទិកាថ្នាក់តំបន់អាស៊ាននេះដែរ ក្នុងចំណោមប្រទេសចំនួន២៧។ ដូច្នេះប្រាកដជាមានការពិភាក្សាដាច់ដោយឡែកមួយពីបញ្ហាកូរ៉េខាងជើង»។
ក្ដីបារម្ភអំពីសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីលជាបន្តនៅក្នុងប្រទេសកូរ៉េខាងជើងបានកើនឡើង បន្ទាប់ពីសារព័ត៌មាន The Washington Post បានរាយការណ៍កាលពីថ្ងៃអង្គារថា មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកជឿថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងកំពុងបន្តផលិតមីស៊ីលថ្មីនៅក្នុងរោងចក្រស្រាវជ្រាវដែលកូរ៉េខាងជើងបានប្រើដើម្បីផលិតគ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីប ដែលអាចមានលទ្ធភាពហោះដល់តំបន់ភាគខាងកើតនៃសហរដ្ឋអាមេរិកបាន។
នៅក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី លោក Pompeo នឹងឈប់សំចតនៅក្នុងប្រទេសម៉ាឡេស៊ីដើម្បីជួបពិភាក្សាជាមួយនឹងលោកនាយករដ្ឋមន្ត្រី Mahathir Mohamad អំពីផលប្រយោជន៍រួមគ្នារវាងប្រទេសទាំងពីរ ដែលក្នុងមានទាំងបញ្ហាពាណិជ្ជកម្ម និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មផងដែរ។
នៅក្នុងដំណើរត្រឡប់មករដ្ឋធានីវ៉ាស៊ីនតោនវិញ បន្ទាប់ពីកិច្ចប្រជុំនោះបញ្ចប់ទៅ លោក Pompeo នឹងឈប់សំចតនៅក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីជួបជាមួយនឹងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ដើម្បីបញ្ជាក់ឡើងវិញអំពីភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយជាមួយនឹងប្រទេសឥណ្ឌូនេស៊ី៕