ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ព្រមាន​ប្រធានាធិបតី​អ៊ីរ៉ង់​កុំ​ឲ្យ​គំរាម​កំហែង​សហរដ្ឋ​អាមេរិក


នេះ​ជា​រូបភាព​បញ្ចូល​គ្នា​រវាង​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (រូប​ឆ្វេង) ដែល​ថត​កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ និង​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ដែល​ថត​កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨។
នេះ​ជា​រូបភាព​បញ្ចូល​គ្នា​រវាង​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (រូប​ឆ្វេង) ដែល​ថត​កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ និង​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ដែល​ថត​កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ព្រមាន​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani តាម​រយៈ Twitter «កុំ​ឲ្យ​គំរាម​កំហែង​សហរដ្ឋ​អាមេរិក»។ លោក Trump បាន​ព្រមាន​ដូច្នេះ​គឺ​ក្នុង​រយៈពេល​ភ្លាមៗ បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​ថ្លែង​សុន្ទរកថា​រិះគន់​លើ​ក្រុម​មេដឹកនាំ​អ៊ីរ៉ង់។

លោក Trump បាន​បង្ហោះ​សារ​នៅ​លើ Twitter កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «ជូន​ចំពោះ​លោក​ប្រធានាធិបតី Rouhani! កុំ​គំរាមកំហែង​សហរដ្ឋ​អាមេរិក​ម្ដង​ទៀត​ឲ្យ​សោះ បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ទទួល​រង​ផល​វិបាក​ដូច​ដែល​មនុស្ស​មួយ​ចំនួន​ធ្លាប់​បាន​ទទួល​រួច​មក​ហើយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។ សហរដ្ឋ​អាមេរិក​មិន​មែន​ជា​ប្រទេស​ដែល​ទ្រាំទ្រ​ជាមួយ​នឹង​ពាក្យ​សម្ដី​ឆ្កួត​លីលា​របស់​អ្នក​ដែល​ចង់​បង្ក​ហិង្សា​ឲ្យ​មាន​ការ​ស្លាប់​នោះ​ទេ។ សូម​ប្រុង​ប្រយ័ត្ន​ទុក!»។

សារ​របស់​លោក Trump នេះ ទំនង​ជា​ឆ្លើយតប​ទៅ​នឹង​សេចក្ដី​រាយការណ៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដែល​ដកស្រង់​សម្ដី​របស់​លោក Rouhani ដែល​ព្រមាន​លោក Trump យ៉ាង​ដូច្នេះ​ថា៖ «កុំ​លេង​ជាមួយ​នឹង​កន្ទុយ​តោ ដោយសារតែ​ការ​ធ្វើ​ដូច្នេះ​គឺ​វា​មានតែ​បណ្ដាល​ឲ្យ​មាន​ការ​ស្ដាយក្រោយ​តែ​ប៉ុណ្ណោះ»។

លោក Rouhani បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​ត្រូវតែ​យល់​ថា ការ​មាន​សន្តិភាព​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់​គឺ​ជា​សន្តិភាព​ដ៏​ធំធេង​បំផុត​នៅ​លើ​ពិភពលោក ហើយ​ការ​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់​គឺ​ជា​សង្គ្រាម​ដ៏​ប្រល័យ​បំផុត​នៅ​លើ​ពិភពលោក​នេះ»។

លោក​ឧត្ដមសេនីយ៍ Gholam Hossein Gheibparvar មន្ត្រី​យោធា​ជាន់​ខ្ពស់​អ៊ីរ៉ង់ បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក Trump ថា​ជា «សង្គ្រាម​ចិត្តសាស្ត្រ» តែ​ប៉ុណ្ណោះ និង​បាន​និយាយ​ថា លោក Trump នឹង​មិន​ចាត់​វិធានការ​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់​នោះ​ទេ៕

XS
SM
MD
LG