ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​សហរដ្ឋ​អាមេរិក​ឃើញ​សញ្ញា​នៃ​ការ​ផ្លាស់ប្ដូរ​ខ្លាំង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាងជើង​ គិំ​ម​ ជុង​អ៊ុន
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាងជើង​ គិំ​ម​ ជុង​អ៊ុន

មន្ត្រី​យោធា​កំពូល​សហរដ្ឋ​អាមេរិក​មួយ​រូប​បាន​ហៅ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ថា​ជា «បុរស​ដែល​គោរព​ពាក្យ​សម្ដី​របស់​ខ្លួន» ស្រប​ពេល​ដែល​មន្ត្រី​យោធា​រូប​នេះ​គាំទ្រ​ការ​អះអាង​របស់​មន្ត្រី​យោធា​សំខាន់ៗ​ផ្សេង​ទៀត​ដែល​ថា ការ​ពិភាក្សា​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​កំពុងតែ​វិវឌ្ឍ​ទៅ​មុខ​បាន​ល្អ។

លោក​ឧត្ដមសេនីយ៍ Vincent Brooks ដែល​ជា​មេបញ្ជាការ​កង​កម្លាំង​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា តាំង​ពី​ពេល​ដែល​កូរ៉េ​ខាង​ជើង​សាកល្បង​គ្រាប់​មីស៊ីល​លើក​ចុង​ក្រោយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ មក ភាសា និង​កាយវិការ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង «បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ផ្លាស់ប្ដូរ​ទិសដៅ ដែល​ប្រហែល​ជា​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​វិធីសាស្ត្រ​វែកញែក​រក​ហេតុ​ផល​ដែល​សហរដ្ឋ​អាមេរិក​ចង់​ឃើញ»។

លោក Vincent Brooks បាន​ថ្លែង​ដូច្នេះ​ទៅ​កាន់​ទស្សនិកជន​នៅ​ឯ​វេទិកា​សន្តិសុខ Aspen នៅ​ក្នុង​ទីក្រុង Aspen រដ្ឋ Colorado សហរដ្ឋ​អាមេរិក​តាម​រយៈ​សន្និសីទ​វីដេអូ កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​បង្ហាញ​សុទិដ្ឋិនិយម​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ការ​ពិភាក្សា​ជា​បន្ត​ជាមួយ​នឹង​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង តាំង​ពី​លោក Trump និង​លោក Kim Jong Un បាន​ជួប​ពិភាក្សា​គ្នា​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ខែ​មុន​មក។

កាល​ពី​ថ្ងៃ​សុក្រ លោក Pompeo បាន​និយាយ​ថា លោក និង​លោក Trump នៅតែ​មាន «សុទិដ្ឋិនិយម» ចំពោះ​ក្ដី​រំពឹង​ដែល​ថា ប្រទេស​កូរ៉េ​ខាង​ជើង​នឹង​បន្ត​ធ្វើ​ឲ្យ​បាន​នូវ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង​ដែល​អាច​ផ្ទៀងផ្ទាត់​បាន៕

XS
SM
MD
LG