កូរ៉េ​ខាងជើង​បាញ់​គ្រាប់​មីស៊ីល​វង់​ប្រតិបត្តិការ​ជិត​ពីរ​គ្រាប់

មីស៊ីល​មួយ​គ្រាប់​ត្រូ​វបាន​គេ​ឃើញ​បាញ់​ក្នុង​ពេល​ធ្វើ​សម​យុទ្ធ​យោធា​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង តាម​រយៈ​រូប​ថត​ដែល​បញ្ចេញ​ដោយ​ភ្នាក់​ងារ​ព័ត៌មាន​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃ​ទី​១០ ឧសភា ២០១៩។

យោង​តាម​យោធា​ខាង​ត្បូង​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ថា ​កូរ៉េ​ខាង​ជើង​បាន​ចាញ់​គ្រាប់​មីស៊ីល​ផ្លោង​វង់​ប្រតិបត្តិជិត​ពីរគ្រាប់​ ដែល​សកម្មភាព​នេះ​ជា​ការបាញ់​ចេញ​គ្រាប់​មីស៊ីល​លើក​ទីពីរ​របស់​ក្រុង​ព្យុងយ៉ាង ​ក្នុង​អំឡុង​ពេល​មិន​ដល់​មួយ​សប្តាហ៍​ផង។

មេបញ្ជាការ​រួម​កូរ៉េ​ខាងត្បូង​បាន​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ គ្រាប់​មីស៊ីល​មួយ​បាន​បាញ់​ចេញ​ចម្ងាយ​ ៤២០ ​គីឡូ​ម៉ែត្រ​ និង​មួយ​គ្រាប់​បាន​ចម្ងាយ​ ២៧០​ គីឡូ​ម៉ែត្រ។ សេចក្តី​ថ្លែងការណ៍​នោះ​បាន​បញ្ជាក់​ថា​ គ្រាប់​មីស៊ីល​ទាំង​ពីរ​គ្រាប់​នេះ​ត្រូវ​បាន​គេ​បាញ់​ចេញ​ពី​ខេត្ត ​North Pyongan​ ភាគពាយ័ព្យ​នៃ​ប្រទេស​ និង​បាន​បាញ់​សំដៅ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត។

ខេត្ត​ North Pyongan​ គឺ​ជា​ទីតាំង​របស់​រោងចក្រ​ Sino-ri​ ដែល​ផលិត​គ្រាប់​មីស៊ីល​ផ្លោង​ Nodong ​វង់​ប្រតិបត្តិការ​មធ្យម។ នេះ​បើ​យោង​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​កម្មវិធី Beyond Parallel program​ នៃ​មជ្ឈមណ្ឌល​សម្រាប់​សិក្សា​យុទ្ធសាស្រ្ត​និង​អន្តរជាតិ។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ បាន​ថ្លែង​នៅ​ឯ​សេតវិមាន​ថា​ គ្មាន​នណា​ម្នាក់​រីករាយ​នឹង​ព័ត៌មាន​នេះ​ទេ។ លោក​បាន​បន្ថែម​ទៀត​ថា​ លោក​មិន​ជឿ​ថា​ កូរ៉េខាងជើង​ត្រៀម​លក្ខណៈ​រួច​រាល់​ដើម្បី​ចរចា​នោះ​ទេ។

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក ​Moon Jae-in​ បាន​ជំរុញ​ឲ្យ​កូរ៉េ​ខាង​ជើង​បញ្ឈប់​ការ​បាញ់​គ្រាប់​មីស៊ីល​ ដែល​លោក​ចាត់​ទុក​ថា​ជា​សកម្មភាព​មួយ​បង្ក​ការ​លំបាក​ដល់​កិច្ច​ប្រឹង​ប្រែង​លុប​បំបាត់​នុយក្លេអ៊ែរ​នៅ​ឧបទ្វីបកូរ៉េទាំងមូល។

តាម​រយៈ​បទសម្ភាសន៍​ជាមួយ​នឹង​បណ្តាញ​ទូរទស្សន៍ ​KBS​ របស់​កូរ៉េខាងត្បូង​ កាល​ពីល្ងាច​ថ្ងៃព្រហស្បតិ៍ ​លោក ​Moon​ បាន​ថ្លែង​ថា​ ទោះបី​ជា​ការបាញ់​គ្រាប់​មីស៊ីល​វ៉ង់​ប្រតិបត្តិការ​ជិត​របស់​កូរ៉េ​ខាង​ជើង​មិន​មែន​ជា​ការ​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​យោធា​អន្តរ​កូរ៉េ​ក៏​ដោយ ​ក៏​ទង្វើ​នេះ​បង្ក​ការរារាំង​ដល់​កិច្ចចរចាដែល​កំពុង​បន្ត​កើត​ឡើង​ និង​កិច្ចចរចា​នានា​ក្នុង​ពេល​អនាគត​ផងដែរ។

កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ការិយាល័យ​របស់​លោក​ប្រធានាធិបតី ​Moon​ បាន​បង្ហាញ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ អំពី​ការ​បាញ់​គ្រាប់​មីស៊ីល​របស់​កូរ៉េខាង​ជើង​នេះ​ ដោយ​បាន​ប្រកាស​ថា​ សកម្មភាព​នេះ​ជា​ការារាំង​ដល់​កិច្ចប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យប្រសើរឡើង​នូវទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ ​និង​កិច្ចប្រឹងប្រែង​ដើម្បី​បញ្ចប់​ភាពតានតឹង​យោធា​នៅលើ​ឧទ្វីប​កូរ៉េ។

ក្រុមមន្រ្តី​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​បង្កើន​សន្តិសុខ​ដើម្បី​ត្រៀម​ខ្លួន​ទប់​ទល់​ក្នុង​ករណី​មាន​ការបាញ់​គ្រាប់​មីស៊ីល​បន្ថែម​ទៀត៕