កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​តប​ទៅ​នឹង​ការ​តាំងចិត្ត​របស់​អាមេរិក​នៅ​ក្នុង​ការ​ការពារ​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន

បុរ​ស​ម្នាក់ដើរ​កាត់​កម្មវិធី​ផ្សាយ​ព័ត៌មាន​មួយ​ស្ដីពី​ការ​បាញ់​គ្រាប់​មីស៊ីល​របស់​កូរ៉េខាងជើង​​ទៅ​ក្នុង​តំបន់​ឆ្នេរ​ប៉ែក​ខាង​កើត​​របស់​ខ្លួន​ ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​មួយ​គ្រាប់​ឆ្ពោះ​ទៅ​ដែន​ទឹក​ភាគ​ខាង​កើត​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​បន្ទាប់ពី​ប្រទេស​នេះ​បាន​គំរាម​ឆ្លើយតប​បែប​យោធា «ឱ្យ​បាន​ខ្លាំងក្លា» ចំពោះ​ការ​ពង្រឹង​របស់​សហរដ្ឋ​អាមេរិក​នូវ​ការ​តាំងចិត្ត​ផ្នែក​សន្តិសុខ​របស់​ខ្លួន​ចំពោះ​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

មីស៊ីល​នេះ​បាន​បាញ់​ចេញ​ពី​តំបន់​ទីក្រុង Wonsan ជាប់​មាត់​សមុទ្រ​ភាគ​ខាង​កើត​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​វេលា​ម៉ោង ១០ និង ៤៨ នាទី​ព្រឹក និង​បាន​ធ្លាក់​ចូល​ក្នុង​ដែន​ទឹក​នៅ​ចន្លោះ​ឧបទ្វីប​កូរ៉េ​និង​ប្រទេស​ជប៉ុន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន។

បន្ទាប់ពី​បាន​ដឹង​ថា​មាន​ការ​បាញ់​មីស៊ីល​នេះ​មក យោធា​កូរ៉េ​ខាង​ត្បូង សហរដ្ឋ​អាមេរិក និង​ជប៉ុន បាន​ថ្កោលទោស​ភ្លាមៗ​លើ​ការ​បាញ់​នេះ​ថា​ជា​ការ​គំរាមកំហែង​ដល់​ស្ថិរភាព​នៅ​ក្នុង​តំបន់។

នេះ​គឺ​ជា​ការ​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​លើក​ដំបូង​បង្អស់​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​រយៈពេល ៨ ថ្ងៃ​ចុងក្រោយ​នេះ និង​ជា​ការ​បាញ់​ថ្មី​បំផុត​នៅ​ក្នុង​ការ​សាកល្បង​មីស៊ីល​របស់​ខ្លួន​ដូច​ទឹក​បាក់​ទំនប់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។

កន្លង​មក កូរ៉េ​ខាង​ជើង​ធ្លាប់​បាន​បញ្ជាក់​ថា ការ​សាកល្បង​មួយ​ចំនួន​របស់​ខ្លួន​គឺ​ធ្វើ​ឱ្យ​ដូច​ទៅ​នឹង​ការ​វាយ​ប្រហារ​ដោយ​នុយក្លេអ៊ែរ​ពិត​ប្រាកដ​ដូច្នេះ​ដែរ​លើ​គោលដៅ​នានា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក។

កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង​អ្នកស្រី Choe Son Hui បាន​ព្រមាន​ថា កិច្ច​ព្រមព្រៀង​ស្ដីពី​កូរ៉េ​ខាង​ជើង​ដែល​កើត​ចេញ​ពី​ការ​ប្រជុំ​កាលពី​ពេល​ថ្មីៗ​នេះ​រវាង​សហរដ្ឋ​អាមេរិក កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​នឹង​ធ្វើ​ឱ្យ​ភាព​តានតឹង​នៅ​លើ​ឧបទ្វីប​កូរ៉េ «កាន់តែ​ពិបាក​ទស្សន៍​ទាយ​ទុក​បន្ថែម​ទៀត»។

ការ​លើកឡើង​របស់​អ្នកស្រី Choe នេះ​គឺជា​ការ​ឆ្លើយតប​ផ្លូវការ​លើក​ដំបូង​បង្អស់​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ចំពោះ​ការ​ប្រជុំ​ត្រីភាគី​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ជាមួយ​នឹង​សមភាគី​របស់​លោក​មកពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​នៅ​ក្រៅ​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​ខ្លួន មេដឹកនាំ​ទាំង ៣ រូប​បាន​ថ្កោលទោស​ខ្លាំងក្លា​លើ​ការ​សាកល្បង​មីស៊ីល​កាលពី​ពេល​ថ្មីៗ​នេះ​របស់​កូរ៉េ​ខាង​ជើង និង​បាន​ឯកភាព​គ្នា​នៅ​ក្នុង​ការ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ពង្រឹង​វិធី​កម្លា​រារាំង។ លោក Biden បាន​បញ្ជាក់​អះអាង​ឡើង​វិញ​អំពី​ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ការពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​ឱ្យ​បាន​ពេញ​សមត្ថភាព ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ផ្នែក​នុយក្លេអ៊ែរ​របស់​ខ្លួន​ផង​ដែរ៕