បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលយ៉ាងតិច ១០ គ្រាប់កាលពីថ្ងៃពុធ ដែល ៣ គ្រាប់សំដៅឆ្ពោះទៅដែនដីប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះប្រទេសនេះបានបាញ់មីស៊ីល ៣ គ្រាប់ទៀត ដែលក្នុងនោះរួមមានទាំងមីស៊ីលរយៈចម្ងាយឆ្ងាយមួយគ្រាប់ផងដែរ ដែលបានធ្វើឱ្យអាជ្ញាធរនៅក្នុងអាណាខេត្ត ៣ របស់ប្រទេសជប៉ុនចេញបញ្ជាឱ្យពលរដ្ឋរកទីជម្រកសុវត្ថិភាព។
ពលរដ្ឋជប៉ុននៅក្នុងអាណាខេត្ត Miyagi អាណាខេត្ត Yamagata និងអាណាខេត្ត Niigata ត្រូវបានអាជ្ញាធរប្រាប់ឱ្យរត់រកកន្លែងជ្រកកោនជាបន្ទាន់ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីល ៣ គ្រាប់នេះ។
ប្រព័ន្ធផ្សព្វផ្សាយគ្រាអាសន្នរបស់ប្រទេសជប៉ុនដំបូងបានផ្សាយថា មីស៊ីលរបស់កូរ៉េខាងជើងបានហោះកាត់ពីលើនិងផុតដែនដីប្រទេសជប៉ុន ប៉ុន្តែក្រោយមក ក្រសួងការពារជាតិជប៉ុនបានបញ្ជាក់ថានេះជាការផ្សាយច្រឡំ ដោយរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Yasukazu Hamada បាននិយាយថា មន្ត្រីផ្នែកការពារជាតិបានបាត់សញ្ញាតាមដានមីស៊ីលនេះនៅពេលដែលវាហោះពីលើសមុទ្ររវាងឧបទ្វីបកូរ៉េនិងប្រទេសជប៉ុន។
មីស៊ីលរយៈចម្ងាយឆ្ងាយនេះហោះបានចម្ងាយប្រហែល ៧៦០ គីឡូម៉ែត្រ ប៉ុន្តែបានបរាជ័យនៅក្នុងដំណាក់កាលទីពីរនៃការហោះហើរនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងដែលយោងលើសម្ដីរបស់មន្ត្រីយោធា។
ក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបានចេញសេចក្ដីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក «ថ្កោលទោសខ្លាំងក្លា» លើការបាញ់គ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើងនេះ និងសន្យា «ចាត់វិធានការចាំបាច់ទាំងអស់» ដើម្បីធានាសុវត្ថិភាពរបស់សហរដ្ឋអាមេរិក ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។
នៅពេលក្រោយមកនៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់ទៀតចូលក្នុងមហាសមុទ្រ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីយោធាកូរ៉េខាងត្បូងនិងជប៉ុន។
តាំងពីព្រឹកថ្ងៃពុធមក ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលយ៉ាងតិច ២៧ គ្រាប់ រួមជាមួយនឹងគ្រាប់កាំភ្លើងធំជាង ១០០ គ្រាប់ ស្របពេលដែលប្រទេសនេះបន្តបង្ហាញកំហឹងរបស់ខ្លួនដាក់ការធ្វើសមយុទ្ធយោធារួមគ្នារបស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងដែលនៅកំពុងបន្តធ្វើ៕
ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង —