ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ថា ការបាញ់​មីស៊ីល​របស់​ខ្លួន​ថ្មីៗ​នេះ​គឺ​ធ្វើ​ឱ្យ​ដូច​ការវាយ​ប្រហារ​ពិត


កម្មវិធី​ព័ត៌មាន​មួយ​ចុះ​ផ្សាយ​អំពី​ការ​បាញ់​គ្រាប់​មីស៊ីល​របស់​កូរ៉េខាងជើង​ ដែល​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ស្ថានីយ​រថភ្លើង​មួយ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការបាញ់​កាំជ្រួច​មីស៊ីល​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​គឺ​ជា​ការ​សាកល្បង​ឱ្យ​ដូច​ការ​វាយ​ប្រហារ​លើ​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក​ដូច្នេះ​ដែរ ដោយសារតែ​ប្រទេស​ទាំង​ពីរ​នេះ​បាន​ធ្វើ«សម យុទ្ធ​យោធា​ប្រកប​ដោយ​គ្រោះថ្នាក់»។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានReuters។

ការលើកឡើង​របស់​កូរ៉េ​ខាង​ជើង​នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា​ខ្លួន​បាន​រក​ឃើញ​បំណែក​មួយ​ចំនួន​នៃ​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​មួយ​គ្រាប់​នៅ​ជិត​មាត់​សមុទ្រ​របស់​ខ្លួន។

កាលពី​សប្ដាហ៍​មុន កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​ជា​ច្រើន​គ្រាប់​ដែល​ក្នុង​នោះ​ប្រ ហែល​ជា​មាន​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​មួយ​គ្រាប់​ដែល​បរាជ័យ​នៅ​ពាក់​កណ្ដាល​ទី និង​គ្រាប់​ផ្លោង​កាំភ្លើង​ធំ​រាប់​រយ​គ្រាប់​ផង​ដែរ​ចូល​ទៅ​ក្នុង​សមុទ្រ ស្រប​ពេល​ដែលកូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក​ធ្វើ​សមយុទ្ធ​ផ្លូវ​អាកាស​រយៈពេល៦ថ្ងៃ​ដែល​ទើប​នឹង​បាន​បញ្ចប់​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន។

យោធា​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​ថា សមយុទ្ធ«Vigilant Storm»របស់​កូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក​នេះ​គឺ​ជា«ការបង្កហេតុ​ដោយ​បើក​ចំហ​ក្នុង​បំណង​ធ្វើ​ឱ្យ​ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​ដោយ​ចេតនា» និង​ជា«សមយុទ្ធ​ប្រកប​ដោយ​គ្រោះថ្នាក់​ដែល​មាន​លក្ខណៈ​គឃ្លើន​យ៉ាង​ខ្លាំង»។

យោធា​កូរ៉េ​ខាង​ជើង​បាន​លើកឡើង​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​សាកល្បង​ឱ្យ​ដូច​ទៅ​នឹង​ការវាយ​ប្រហារ​ពិត​ប្រាកដ​លើ​មូលដ្ឋាន​ទ័ព​អាកាស​និង​យន្តហោះ​ចម្បាំង ក៏​ដូចជា​លើ​ទីក្រុង​ចម្បង​មួយ​របស់​កូរ៉េ​ខាង​ត្បូង​ដើម្បី «កម្ទេច​អារម្មណ៍​ច្រាស់ច្រាល់​ហួស​កម្រិត​រឿង​សង្គ្រាម​ដែល​បន្ត​មិន​ឈប់​របស់​សត្រូវ»។

មន្ត្រី​ការទូត​កំពូល​មកពី​សហរដ្ឋ​អាមេរិក ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អាទិត្យ​ហើយ​បាន​ថ្កោលទោស​ការ​សាកល្បង​កាំជ្រួច​មីស៊ីល​នា​ពេល​ថ្មីៗ​នេះ​របស់​កូរ៉េ​ខាង​ជើង ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​បាញ់​មីស៊ីល​មួយ​គ្រាប់​ដែល «គ្មាន​ការ​ប្រុង​ប្រយ័ត្ន» ធ្លាក់​ចូល​សមុទ្រ​ជិត​សមុទ្រ​របស់​កូរ៉េ​ខាង​ត្បូង​កាលពី​សប្ដាហ៍​មុន​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក៕

បទ​យក​ការណ៍​វីអូអ៖ ដក​ទំនប់​ចេញ​វិញ​ពី​ទន្លេ Klamath នៅ​អាមេរិក

ចូល​ទៅ​កាន់​ទំព័រ​ពិសេស​នៃ​បទ​យក​ការណ៍​ទាំង​៤​ភាគ
XS
SM
MD
LG