ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​បន្ត​ធ្វើ​សមយុទ្ធ​យោធា​ នៅពេល​កូរ៉េ​ខាង​ជើង​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​កាន់តែ​ច្រើន


ការ​ផ្សាយ​ព័ត៌មាន​អំពី​ការ​បាញ់​បង្ហោះ​មីស៊ីល​កូរ៉េខាង​ជើង ​តាម​កញ្ចក់​ទូរទស្សន៍​​នៅ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​នៅ​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២២ បង្ហាញ​រូបភាព​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un។
ការ​ផ្សាយ​ព័ត៌មាន​អំពី​ការ​បាញ់​បង្ហោះ​មីស៊ីល​កូរ៉េខាង​ជើង ​តាម​កញ្ចក់​ទូរទស្សន៍​​នៅ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​នៅ​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២២ បង្ហាញ​រូបភាព​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un។

យន្តហោះ​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​នឹង​បន្ត​សមយុទ្ធ​យោធា​រួមគ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​ថ្ងៃ​ទៀត។ នេះ​បើ​តាម​ការប្រកាស​របស់​ពួក​មន្ត្រី​នៅ​ថ្ងៃ​សុក្រ​នេះ នៅពេល​ដែល​កូរ៉េ​ខាង​ជើង​បាន​បន្ត​រិះគន់​សមយុទ្ធ​នេះ​ដោយការ​បង្កើន​ការបាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល។

កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ថា សមយុទ្ធ​យោធាតាមផ្លូវ​អាកាស​ដែល​មាន​ឈ្មោះ​ថា Vigilant Storm ដែល​មានយន្តហោះ​ចំនួន​២៤០គ្រឿង​ចូលរួមនោះ​ នឹងបន្ត​ធ្វើ​រហូត​ដល់​ថ្ងៃ​សៅរ​ស្អែក​នេះ។ នេះ​បើតាម​ការ​ប្រកាស​របស់​យោធា​កូរ៉េ​ខាង​ត្បូង​ដែលយោង​ទៅ​លើការបង្កហេតុ​របស់​កូរ៉េ​ខាង​ជើង​នោះ។

ចាប់តាំង​កាលពី​ថ្ងៃពុធ​មក កូរ៉េ​ខាង​ជើង​បាន​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​ចំនួន​៣០ គ្រាប់​ដែល​កាំជ្រួច​មីស៊ីល​ខ្លះបាន​ធ្វើ​ឱ្យ​មាន​ការព្រមាន​ប្រកាស​អាសន្នពី​ការវាយ​ប្រហារ​តាម​អាកាស​និង​ការបញ្ជា​ឱ្យ​រក​កន្លែង​លាក់ខ្លួន​ក្នុង​គ្រាអាសន្ន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​ផង​ដែរ។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​ជួប​ប្រជុំគ្នា​នៅ​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​ពិភាក្សា​អំពី​ការបាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​នេះ​ ទៅតាម​សំណើ​របស់​ប្រទេស​មួយ​ចំនួន​ រួមទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ។ នេះ​បើ​តាម​ប្រភព​ការទូត​ជា​ច្រើន​ដែល​បាន​ប្រាប់​វីអូអេ។

ក្នុង​រយៈពេល​មួយ​យប់ កូរ៉េ​ខាង​ជើង​ក៏​បាន​បាញ់​កាំភ្លើង​ធំ​ចំនួន​៨០គ្រាប់​ចូល​ក្នុង​តំបន់​ព្រំដែន​សមុទ្រ​នៃ​ឆ្នេរ​សមុទ្រ​ខាង​កើត​របស់​ខ្លួន។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់នាយអគ្គសេនាធិការ​រួម​របស់​កូរ៉េ​ខាង​ត្បូង។

នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ឯណោះ​វិញ រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក​បាន​សន្យា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា​នឹង​បង្កើន​ការឆ្លើយតប​ខាង​ការពារ​ប្រទេស​របស់​ពួកគេ​ ដល់​ការ​បាញ់​សាកល្បង​របស់​កូរ៉េ​ខាង​ជើង​នេះ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​លោក Lee Jong-sup​ បាន​ថ្លែង​នៅ​ក្បែរ​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin​ ថា​ សហរដ្ឋ​អាមេរិក​បាន​យល់ព្រម​ដាក់​ពង្រាយ​អាវុធ​យុទ្ធសាស្ត្រ​ ដែល​មាន​កម្រិតជាការដាក់ពង្រាយ​ជា​ប្រចាំ។

កូរ៉េ​ខាង​ត្បូង​បាន​ជំរុញ​ឱ្យ​សហរដ្ឋ​អាមេរិក​បញ្ជូន​យន្តហោះ​ចម្បាំង​ដែល​មាន​សមត្ថភាព​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ ​និង​នាវា​កាន់តែ​ច្រើន​ឡើង​ទៅកាន់​តំបន់​នោះ នៅពេល​ដែល​មេដឹកនាំ​កូរ៉េ​ខាង​ជើងKim Jong Un បង្កើន​ការសាកល្បង​កាំជ្រួច​មីស៊ីល​ហើយ​បាន​ព្រមាន​ពី​សមត្ថភាព​របស់​លោក ​ដើម្បី​ធ្វើ​ការវាយ​ប្រហារ​អាវុធ​នុយក្លេអ៊ែរ​កលយុទ្ធ​ប្រឆាំង​នឹង​កូរ៉េ​ខាង​ត្បូង៕

XS
SM
MD
LG