ប្រទេសកូរ៉េខាងជើង កំពុងរងផលប៉ះពាល់ដោយសារការរាំងស្ងួតដ៏ខ្លាំងបំផុតក្នុងរយៈពេលមួយសតវត្សរ៍នេះ ដែលកំពុងធ្វើឲ្យកាន់តែអាក្រក់ឡើង និងមានការខ្វះខាតម្ហូបអាហារកាន់តែខ្លាំងឡើងនៅក្នុងប្រទេសដ៏ក្រីក្រនេះ។ នេះបើយោងតាមបណ្តាញផ្សាយព័ត៌មានរបស់រដ្ឋ។
ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េបានប្រាប់ឲ្យដឹងកាលពីថ្ងៃអង្គារថា៖ «ការរាំងស្ងួតដ៏អាក្រក់ក្នុងរយៈពេល១រយឆ្នាំនេះ បានបន្តនៅក្នុងប្រទេសកូរ៉េខាងជើង ដែលបណ្តាលឲ្យមានការប៉ះពាល់យ៉ាងខ្លាំង»។
ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានប្រាប់ឲ្យដឹងថា វាលស្រែមានសភាពស្ងួតហែងនៅក្នុងបណ្តាខេត្តដែលដាំដុះស្រូវសំខាន់ៗ រួមមានខេត្ត Hwaghaeនិងខេត្ត Pyongan ពីព្រោះខេត្តទាំងនោះភាគច្រើនខ្វះភ្លៀង។
កូរ៉េខាងជើង បានជួបប្រទះគ្រោះទុរ្ភិក្សដ៏បំផ្លិចបំផ្លាញនៅដើមទសវត្សរ៍១៩៩០ ដោយបានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ស្លាប់។ ចាប់តាំងពីពេលនោះមក កូរ៉េខាងជើងបានជួបប្រទះនូវការខ្វះខាតម្ហូបអាហារជាប្រចាំ ដែលបានធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងដោយសារទឹកជំនន់ ការរាំងស្ងួតហើយនឹងការរៀបចំចាត់ចែងមិនបានល្អ។
អង្គការសហប្រជាជាតិ បានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋកូរ៉េខាងជើង៧០ភាគរយឬ១៨លាននាក់ គ្មានសុវត្ថិភាពខាងម្ហូបអាហារទេ ហើយមានការខ្វះខាតម្ហូបអាហារផ្សេងៗ។ អត្រាគ្មានអាហាររូបត្ថម្ភ មានកម្រិតខ្ពស់ដោយមានកុមារចំនួ២៧,៩ភាគរយកំពុងរងផលប៉ះពាល់មកពីកង្វះអាហារូបត្ថម្ភ។
កាលពីខែមេសា អង្គការសហប្រជាជាតិបានចាប់ផ្តើមអំពាវនាវរកប្រាក់១១១លានដុល្លាដើម្បីជួយផ្តល់ថវិកាដល់ទីភ្នាក់ងារផ្តល់ជំនួយចំនួន៥ដែលកំពុងធ្វើការផ្តល់ម្ហូបអាហារ និងទឹកស្អាតដល់ពលរដ្ឋកូរ៉េខាងជើងនៅឆ្នាំ២០១៥ នេះ៕