កូរ៉េ​ខាង​ជើង​ទទួល​យក​ការ​ជួប​ពិភាក្សា​កម្រិត​​ខ្ពស់​ពី​កូរ៉េ​ខាង​ត្បូង

មនុស្ស​កំពុង​មើល​កញ្ចក​ទូរទស្សន៍​ដែល​បង្ហាញ​រូប​មេដឹកនាំ​កូរ៉េ​ខាង​ជើង គឹម ជុងអ៊ុន ដែល​ថ្លែង​ការណ៍​សម្រាប់​ឆ្នាំ​ថ្មី​ នៅ​ស្ថានីយ៍​រថ​ភ្លើង​ក្នុង​ទីក្រុង​​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា។

ប្រទេស​កូរ៉េខាង​ជើង​បាន​យល់​ព្រម​តាម​សំណើ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូងដើម្បី​ធ្វើការ​ចរចាក​ម្រិត​ខ្ពស់​នៅ​ថ្ងៃ​អង្គារ​ទី៩​ខែ​មករា​ ខាង​មុខ​នេះ​នៅ​ឯភូមិ​យុទ្ធ​សន្តិភាព Panmunjom​ នៅ​ក្នុង​តំបន់​គ្មាន​កងទ័ព​ដែល​បែង​ចែក​ប្រទេស​កូរ៉េ​ទាំង​ពីរ។​

បើ​តាម​ក្រសួង​បង្រួប​បង្រួមប្រទេស​ជាតិ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​សុក្​រនេះ​ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បញ្ជូ​ន​សារ​មួយ​និយាយ​ថា ​ខ្លួន​យល់​ព្រម​តាម​សំណើ​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូលដើម្បី​ធ្វើការ​ជួប​គ្នា​នៅ​ឯ​ភូមិ​ជាប់​នឹង​ព្រំដែន​នេះ​ ដើម្បី​ពិភាក្សា​គ្នា​អំពី​កិច្ច​សហ​ប្រតិបត្តិការ​ក្នុងការ​ប្រកួត​កីឡា​អូឡាំពិក​ និង​អំពី​ធ្វើ​បែប​ណា​ដើម្បី​កែ​លម្អ​ចំណង​ទាក់ទង​ទាំង​អស់។​

លោក Baik Tae-hyun អ្នកនាំ​ពាក្យ​នៃ​ក្រសួង​បង្រួប​បង្រួមប្រទេស​ជាតិ​នៃ​ប្រទេសកូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​ មាន​ការ​រំពឹង​ថា ​ប្រទេស​កូរ៉េ​ទាំង​ពីរ​នឹង​ប្រើ​បណ្តាញ​គមនាគមន៍​ឆ្លង​កាត់​ព្រំដែន​ដែល​ទើប​បាន​ធ្វើ​ឱ្យ​មាន​ជាថ្មី​ឡើង​វិញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដើម្បី​កំណត់ថា​តើនរណា​នឹង​ដឹកនាំ​គណៈ​ប្រតិភូ​នៃ​ប្រទេស​រៀងៗ​ខ្លួន​នៅ​សប្តាហ៍​ក្រោយ។​

ការ​សន្ទនា​គ្នា​ណា​មួយ​រវាង​ប្រទេស​កូរ៉េខាង​ជើង​និង​ប្រទេស​កូរ៉េខាង​ត្បូង​ត្រូវ​យល់​ឃើញ​ថា​ ជា​ជំហាន​វិជ្ជមាន​មួយ​ក្នុង​ការ​កែ​លម្អ​ទំនាក់​ទំនង​គ្នា​ក្នុង​ឧប​ទ្វីប​កូរ៉េ​ដែល​អាច​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​ក្នុង​តំបន់​នោះ​ទាំង​មូល​ផង​ដែរ៕