ក្រុមមន្ត្រីសន្តិសុខខាងការបោះឆ្នោតមិនមានភស្តុតាងថា សន្លឹកឆ្នោតត្រូវបានគេលុប ឬបាត់ដោយប្រព័ន្ធបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែនេះទេ។ នេះតាមសេចក្តីថ្លែងការណ៍របស់ក្រុមសន្តិសុខការបោះឆ្នោត២ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយទីភ្នាក់ងារសន្តិសុខប្រព័ន្ធកំព្យូទ័រនាំមុខរបស់សហរដ្ឋអាមេរិក។
ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា ក្រុមសន្តិសុខទាំង២នោះបានបញ្ជាក់អំពីការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកាដែលលោក ចូ បៃដិន (Joe Biden) បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បានឈ្នះនោះថា «គ្មានភស្តុតាងថា ប្រព័ន្ធបោះឆ្នោតណាមួយបានត្រូវគេលុបឬសន្លឹកឆ្នោតបានបាត់ បានផ្លាស់ប្តូរឬត្រូវបានលួចបន្លំទេ»។
ប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បានធ្វើការអះអាងដោយគ្មានភស្តុតាងម្តងហើយម្តងទៀតអំពីការលួចបន្លំសន្លឹកឆ្នោតហើយមិនទាន់ចុះចាញ់នៅឡើយទេ។
ក្រុមសន្តិសុខទាំង២ គឺគណៈកម្មាធិការក្រុមប្រឹក្សាប្រតិបត្តិសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាល (GCC) និងក្រុមប្រឹក្សាសម្របសម្រួលផ្នែកហេដ្ឋារចនាសម្ព័ន្ធការបោះឆ្នោត (SCC) បានបញ្ជាក់ថា ការបោះឆ្នោតនេះមានសន្តិសុខបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។
ក្រុមសន្តិសុខនោះបានបញ្ជាក់ទៀតថា រដ្ឋដែលមានលទ្ធផលបោះឆ្នោតប្រកៀកប្រកិតគ្នា មានបញ្ជីក្រដាសរបស់សន្លឹកឆ្នោតនិមួយៗដែលអាចរាប់បាន ប្រសិនបើចាំបាច់៕