លោក​ ​ហ៊ុន សែន​៖​​គ្មាន​ការ​ដោះលែង​លោក​​កឹម សុខា​ពី​ពន្ធ​នាគារ​នោះ​ទេ

រូបឯកសារ៖ លោក​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា ​(ឆ្វេង) លើក​​សន្លឹកឆ្នោត​បង្ហាញទៅ​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​បញ្ជាក់ពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ ក្នុង​ថ្ងៃ​នេះ​ដែរ លោក កឹម សុខា (ស្តាំ)​ ប្រធានគណបក្សសង្គ្រោះជាតិ បោះឆ្នោត​នៅឯការិយាល័យបោះឆ្នោតក្នុងសាលាបឋមសិក្សា ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ (ខាន់​ សុគុំមនោ​/អូន ឆេងប៉រ/VOA)

បន្ទាប់​ពីមាន​ការ​​រំពឹង​ទុក​ថា​ លោក​​កឹម សុខា​ ​ប្រធាន​គណបក្ស​ប្រឆាំង​​​អាច​នឹង​​ត្រូវ​បាន​ដោះ​លែង​​នា​ពេល​ឆាប់ៗ​ខាងមុខ​ និង​ក្រោយ​​​ចំណាប់​ខ្មាំង​នយោបាយ​​ ត្រូវ​បាន​លើកលែង​ទោស​​ជា​បន្តបន្ទាប់​នោះ​ ​នៅ​ថ្ងៃ​ពុធ​នេះ​  ​លោក​នាយក​រដ្ឋ​មន្រ្តី​​ហ៊ុន សែន​​ប្រកាស​ថា​ ​គ្មាន​ការ​លើកលែង​ទោស​លោក​​កឹម សុខា​នោះ​ទេ។ ហើយ​លោក​ក៏​បាន​ព្រមាន​ចាប់​ខ្លួន​អ្នក​ដែល​បំផុស​ថា ​មាន​ការ​ដោះ​លែង​លោក​ ​កឹម សុខា​ផង​ដែរ។

លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន​ ​នៅ​ថ្ងៃ​ពុធ​នេះ​ ​បាន​ប្រកាស​ថា​ ​នឹង​គ្មាន​ការដោះ​លែង​លោកកឹម សុខា​ ​មេបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​នៅ​ថ្ងៃ​ទី​៣០​ ​ខែ​សីហា​ឆ្នាំ​ទៅ​នោះ​ទេ។

លោក​ហ៊ុន សែន​ថ្លែង​បែប​នេះ​ ​ក្រោយ​មាន​ការ​រំពឹង​ថា​ ​លោក​កឹម សុខា​ ​ប្រធាន​គណបក្ស​ប្រឆាំង​ ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ​នោះនឹង​ត្រូវ​បាន​ដោះ​លែងនៅ​ថ្ងៃ​ទី​៣០​ខែ​សីហា​នេះ​ បន្ទាប់​ពី​អ្នក​ជាប់​ឃុំ​ ដែល​ត្រូវ​បានគេ​ហៅ​ថា​ជា​ «ចំណាប់​ខ្មាំង​នយោបាយ»​មួយ​ចំនួនត្រូវ​បាន​លើកលែង​ទោសជា​បន្តបន្ទាប់។​

ថ្លែង​ក្នុង​ពិធី​សំណេះ​សំណាលជាមួយ​កម្មករ-កម្មការិនី​ ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ ​រាជធានី​ភ្នំពេញ​ ​នា​ព្រឹក​ថ្ងៃទី​២៩ ​ខែ​សីហា​ឆ្នាំ​២០១៨​នេះ​ លោក​នាយក​រដ្ឋមន្រ្តី​ថ្លែង​ថា ​លោកកឹម សុខា ​ដែល​ជា​មេបក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ​គឺ​ស្ថិត​ក្នុង​នាម​ជា​ពិរុទ្ធជន ​មិនមែន​ជា​ទណ្ឌិត​នោះ​ទេ។​ ​លោក​បន្ថែម​ថា​ ជន​ដែល​ស្ថិត​នៅ​ជា​ពិរុទ្ធ​ជន​មិន​ទាន់​កាត់ទោស​នោះ​ មិនអាច​ស្នើ​ឲ្យ​មាន​ការ​លើកលែង​ទោស​បាន​ទេ។

លោកហ៊ុន សែនថ្លែង​ដោយ​មិនចំ​ឈ្មោះ​អ្នក​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ទេ​ តែ​សំដៅ​លើ​លោកកឹម សុខាថា៖​

«ខ្ញុំ​សូម​បញ្ជាក់​ ​អ្នក​នៅ​ត្រពាំង​ផ្លុង​នៅ​ឋិត​នៅ​ក្នុង​ក្រប​ខណ្ឌ​ពិរុទ្ធជន​នៅ​ឡើយ​ ​មិន​មែន​ជា​ទណ្ឌិត​ទេ។​ សូម​ផ្តាំ​ ​កុំ​ភ្លើ​ពេក។​ ​នៅ​ជា​ពិរុទ្ធជន​ទេ​ ​គ្មាន​អ្នកណា​ដោះលែង​ទេ»។

លោក​នាយករ​ដ្ឋមន្រ្តីហ៊ុន សែនក៏​បាន​ព្រមាន​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួនអ្នក​ដែល​បំផុស​ឲ្យ​មាន​ការ​ទៅ​រង់​ចាំ​ទទួល​លោក​កឹម សុខាពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖​

«ខ្ញុំ​ធ្វើ​នាយក​រដ្ឋមន្រ្តី​ ​យ៉ាង​ណា​ក៏​ខ្ញុំ​មាន​ព័ត៌មាន​គ្រប់គ្រាន់​ដែរ។​ ​អ្នកខ្លះ​ទៅ​ដេក​ត្បូងឃ្មុំ​ល្ងាច​នេះ ​ដើម្បីព្រឹក​ស្អែក​គេ​ទទួល​គ្នា​គេ​ចេញ​ពី​គុក។ ​អាណា​ដោះលែង?​ ​បើ​គេ​មិនទាន់​កាត់​ទោស​ផង​ តើ​មាន​ទោស​ឯណា​សម្រាប់​លើក​ឲ្យ​វា? ​ឯ​លើក​លែង​ការ​ចោទ​ប្រកាន់​ ​អត់ទេ!​ ​អ្នកណា​ជា​អ្នក​លើកលែង? ​រឿង​នេះ​ក្តីក្តាំ​ក្នុង​ទោស​ក្បត់ជាតិ។​ អ្នកណា​ជា​អ្នក​ទទួល​លើកលែង​ការ​ចោទ​ប្រកាន់? ​ក្នុង​ឋានៈ​ខ្ញុំ​ជា​រាជ​រដ្ឋាភិបាល ​ខ្ញុំ​នៅ​តែ​បន្តប្តឹង​ដាច់ខាត»។​

កាលពី​ដើម​ខែ​ ​កញ្ញាឆ្នាំ​២០១៧ ​លោក​ ​កឹម សុខាត្រូវ​បាន​សមត្ថកិច្ច​ចូល​ចាប់​ខ្លួន​ពី​ក្នុង​ផ្ទះ​ទាំង​កណ្តាល​យប់​យកទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ដោយ​ចោទ​ថា​ ​លោក​បាន​ឃុបឃិត​ជាមួយ​បរទេស​ រៀបចំ​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន។ ​រហូត​មក​ដល់​ពេល​នេះ​ ​លោក​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួនរយៈពេលជិត​មួយ​ឆ្នាំ ​បន្ទាប់ពី​ការ​ឃុំ​ខ្លួនរយៈពេល៦​ខែ​ម្តង ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្តបន្ទាប់។​

ព្រឹក​ថ្ងៃ​ទី​៣០ខែ​សីហាឆ្នាំ​២០១៨​ស្អែក​នេះ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​ ទាំង​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ​ខេត្ត​ត្បូង​ឃ្មុំ​ដើម្បី​សម្រេច​ថា ​ត្រូវ​បន្ត​ឃុំ​ខ្លួន​លោក​កឹម សុខា​ទៀត​ ឬ​យ៉ាងណា។​

ក្រោយ​ការ​ប្រកាស​របស់​លោក​ហ៊ុន សែន ​តែ​ប៉ុន្មាន​ម៉ោង​ ​ ស្នងការ​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ ​នា​រសៀល​ថ្ងៃពុធ​នេះ ​បាន​បង្ហោះសារលើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​សរសេរភ្ជាប់​នឹង​វីដេអូ​នៃ​ការ​បញ្ជារបស់​លោកហ៊ុន សែន​ក្នុង​ន័យ​ដើម​ថា៖«នគរបាល​ខេត្ត​ត្បូងឃ្មុំ ​សូម​គោរព​ទទួល​បទ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី ​សម្រាប់​យក​ទៅ​អនុវត្ត​ឲ្យ​បាន​សម្រេច​ជោគជ័យ​មួយ​រយ​ភាគរយ»។

ទន្ទឹម​នឹងការ​ប្រកាស​ថា ​មិន​ដោះ​លែង​លោក​កឹម សុខា​ ​ លោក​ហ៊ុន សែន​ក៏បាន​ព្រមាន​ប្ដឹង​លោក​គឹម សុខ ​អ្នក​វិភាគ​នយោបាយ ​ដែល​ទើបត្រូវ​បាន​ដោះលែង​ ​ដើម្បី​យក​ទៅ​ដាក់​ពន្ធនាគារ​វិញ ​ប្រសិន​បើ​មិន​បង់​ប្រាក់​សំណង​៨០០​លាន​រៀល ​ឬ​ស្មើ​នឹង​ប្រមាណ​ជា​២០​ម៉ឺន​ដុល្លារ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​នោះ។​

លោក​បញ្ជាក់​ថា៖​

«អ្នក​រួច​ទោស​ដោយ​សាលក្រម​ផុត​រលត់​ត្រូវតែ​សង​លុយ​ជំពាក់​គេ។ ​អីចឹង អ្នក​ណា​ដែល​រួចទោស​បែប​នេះ ​គណ​បក្ស​ប្រជាជន​ត្រូវ​គេ​ជំពាក់​គណបក្ស​ប្រជាជន​៨០០​លាន​រៀល​ អីចឹង​ត្រូវ​រក​លុយ​សង។ បើ​មិន​សង​លុយ​ទេ​ ​ប្រហែល​ជា​ចូល​គុក​វិញ ​ព្រោះ​អ្នក​ឯង​មិន​សង​លុយ។ ​អ្នក​ឯង​ជាប់​ទោស ​រួច​តែ​ទោស​ទេ។ ​ប៉ុន្ដែ​លុយ​ត្រូវ​សង។ ​បើ​ករណី​លើកលែង​ទោស​ អាហ្នឹង​ត្រូវ​រួច​ទាំង​អស់។ ​អីចឹង​ត្រូវ​បែង​ចែក​គ្នា​ឲ្យ​ច្បាស់»។​

ការ​ព្រមាន​ចាប់​លោកគឹម សុខដាក់​ពន្ធនាគារ​វិញធ្វើ​ឡើង​ខណៈ​ដែល​លោកគឹម សុខ​នៅ​បន្ត​រិះ​គន់​រដ្ឋាភិបាល​របស់​លោកហ៊ុន សែនជាបន្ត​បន្ទាប់ ​ក្រោយ​ចេញ​ពី​ពន្ធនាគារ​នា​ពេល​ថ្មីៗ។

លោកគឹម សុខ​ ​អ្នកវិភាគ​នយោបាយ ​និង​សង្គម​ ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​នៅ​ព្រឹក​ថ្ងៃទី​១៧ ​ខែ​សីហា ​ឆ្នាំ​២០១៨​ បន្ទាប់ពី​អនុវត្ត​ទោស​ចប់​សព្វ​គ្រប់​រយៈពេល១៨​ខែ។​

លោកគឹម សុខ​ ​កាលពី​ថ្ងៃ​ទី​១០ ​ខែ​សីហា​ឆ្នាំ​២០១៧​កន្លង​ទៅ ​ត្រូវ​បាន​ចៅក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​ ១៨​ខែ ​និង​ពិន័យ​ប្រាក់​ចំនួន​៨លាន​រៀល​ ​រួម​នឹង​ប្រាក់​សង​ជំងឺ​ចិត្ត​ដល់​ដើម​បណ្តឹង​៨០០​លាន​រៀល ​ក្រោម​ការចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ ដែល​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ជាដើម​បណ្តឹង។​

លោកគឹម សុខ​ ​អ្នកវិភាគ​នយោបាយ​ដែល​ទើប​ត្រូវ​បាន​ដោះលែង​ចេញពី​ពន្ធ​នាគារ​ ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ពុធ​នេះ​ថា ​លោក​មិនមាន​ប្រាក់​សង​លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែននោះ​ទេ។​ ​លោក​បន្ថែម​ថា​ ​លោក​នៅ​តែ​បន្ត​ការងារ​ជា​អ្នក​វិភាគ​ដើម្បី​បង្ហាញ​ពី​ភាព​អវិជ្ជមាន​ក្នុង​សង្គម​ ​ហើយ​ថា លោក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ថា​ ​លោកនឹង​ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោក​ហ៊ុន​ សែនចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ម្តង​ទៀត។​

លោក​បញ្ជាក់​ថា៖​

«ការ​ដោះលែង​ខ្ញុំ​ ​ដោះ​លែង​ដោយ​ខ្ញុំ​បាន​អនុវត្ត​ទោស​១៨​ខែ​គ្រប់​ហើយ ​គ្រាន់តែ​ជា​ការ​ស្ទាបស្ទង់​មើល​ទេថា ​ខ្ញុំ​ចេញ​មក​ហ្នឹង​ធ្វើ​ការងារ​បន្ត​ទៀត​អត់? ​ធ្វើ​ការងារ​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​បន្ត​ទៀត​អត់? ​បើ​ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​ការងារ​របស់​ខ្ញុំ​ ​ ខ្ញុំ​ត្រូវ​ប្រឈម​នឹង​អ្វី​ដែល​ដូច​លោក​នាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​អីចឹង»។​

ការ​ដោះលែង​សកម្មជន​នយោបាយ​ ​ ការ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​ដីធ្លី​ ​និង​ការ​ដោះលែង​អ្នក​សារ​ព័តមាន​ជា​បន្ត​បន្ទាប់​នេះធ្វើ​ឡើង​ក្រោយ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី​៦​ ​កាលពី​ថ្ងៃទី​២៩​ ​ខែ​កក្កដាកន្លង​ទៅ​ ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែនឈ្នះ​ដាច់​នឹង​ឈាន​ទៅ​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស។​

សហគមន៍​អន្តរជាតិ​ធំៗ​ ដូចជា​សហ​រដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប ​ព្រមទាំង​បណ្តា​អង្គការ​អន្តរជាតិ​ធំៗ​មួយ​ចំនួន​ នៅតែ​ទទូច​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ដោះ​លែង​លោក​កឹម សុខា​ចេញ​ពី​ពន្ធនាគារ ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ ​រស់​ឡើងវិញ ​និង​លើកលែង​ការ​ព្យួរ​សិទ្ធិ​នយោបាយ​របស់​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ចំនួន​១១៨រូប។​

យ៉ាងណាក៏​ដោយ​ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែននៅ​តែ​អះអាង​ថា​ ​ខ្លួន​អនុវត្ត​ច្បាប់​ទៅ​តាម​បែប​បទ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ​បើ​ទោះ​បីជា​សហភាព​អឺរ៉ុប​ ​និង​សហរដ្ឋ​អាមេរិក​ព្រមាន​ដក​ការអនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ ​ដែល​ជា​ពន្ធផ្តល់​ឲ្យ​កម្ពុជា​នូវប្រាប់​ចំណេញ​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ក្តី៕