ឥណ្ឌូនេស៊ី៖«គ្មាន​ភស្តុតាង​ភេរវកម្ម​លើ​ការ​ធ្លាក់​យន្ត​ហោះ​AirAsia ទេ»

កម្ទេច​តួយន្តហោះ ​AirAsia ​ជើង​ហោះហើរ​ QZ8501​ ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​ឃ្លាំង​មួយ​នៅ​ឯកំពង់ផែ​ Kumai​ នៃ​ទីក្រុង​ Pangkalan Bun​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា​ ឆ្នាំ​២០១៥។

ពួក​អ្នក​ស៊ើប​អង្កេត​របស់​ប្រទេស​ឥណ្ឌូនេស៊ី​និយាយ​ថា ​ពួក​គេមិន​បាន​រកឃើញ​ភ័ស្តុតាង​នៃភេរវកម្មនៅ​ក្នុង​ការ​ធ្លាក់​យន្តហោះ​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន AirAsia កាលពី​ខែ​មុន​ទេ។

លោក​ Andreas Hananto ​ប្រធាន​ក្រុម​ស៊ើបអង្កេត​ដែល​មាន​សមាជិក​១០​នាក់​នៃ​គណៈកម្មាធិការ​ជាតិ​ផ្នែក​សុវត្ថិភាព​ខាង​ការ​ដឹក​ជញ្ជូន​ បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ កាល​ពី​ថ្ងៃ​ច័ន្ទ​ថា «គ្មាន​ការ​គំរាម​កំហែង»​ ណាមួយ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រដាប់​ថត​សំទ្បេង​នៅ​ក្នុង​បន្ទប់​អ្នក​បើក​យន្តហោះ​នោះ​ដែល​បាន​បាត់​ពី​កញ្ចក់រ៉ាដា​កាលពី​ថ្ងៃទី​២៨​ខែ​ធ្នូ​នោះ​ទេ។​

លោក​ Hananto​ ក៏​បាន​និយាយ​ដែរ​ថា ​ការ​ថត​ទិន្នន័យ​សំទ្បេងនៃ​ការ​ហោះហើរនោះបាន​បង្ហាញ​ថា​ មិន​ទំនង​ជា​មាន​ការ​ផ្ទុះ​នៅ​មុន​ពេល​យន្តហោះ​នោះ​ធ្លាក់ទេ។​

ប្រអប់​ខ្មៅទាំង​ពីរ​នៃ​យន្តហោះ​ក្រុម​ហ៊ុន AirAsia ​ជើង​ហោះ​ QZ8501 ត្រូវ​បាន​រក​ឃើញ​ពី​កម្ទិច​យន្តហោះ​នោះ​នៅក្នុង​សមុទ្រ​ Java។​

មនុស្ស​ទាំង​អស់​១៦២​នាក់​ដែល​ជិះ​ក្នុង​យន្តហោះ​នោះ​បានបាត់​បង់ជីវិត​នៅ​ក្នុង​ការ​ធ្លាក់​យន្តហោះ​នោះ៕