ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឥណ្ឌូនេស៊ី​ពិនិត្យ​មើល​របាយការណ៍​ពី​កម្ទេច​បាក់​បែក​របស់​យន្តហោះ​នៅ​ក្នុង​តំបន់​រុករក

  • Steve Herman

ពួក​អាជ្ញាធរ​ឥណ្ឌូនេស៊ី ​បាន​បញ្ជាក់​ថា ​យន្តហោះ​ស្វែងរក​មួយ​គ្រឿង​របស់ប្រទេស​អូស្រ្តាលី​ ​បាន​ឃើញកម្ទេច​បាក់​បែក​នៅ​ក្នុង​ផ្ទៃ​ទឹក​ទល់​មុខ​កោះ​ Borneo ​ដែល​ស្ថិត​នៅ​ចម្ងាយ​១.១០០​គីឡូម៉ែត្រ​ពី​ទីតាំង​ដែល​គេដឹង​ចុង​ក្រោយ​នៃ​ជើង​ហោះ​ហើរ​លេខ៨៥០១​របស់​ក្រុម​អាកាស​ចរណ៍​ Air Asia ​ក៏ប៉ុន្តែ​ ​គ្មាន​ការ​បញ្ជាក់​ថា ​កម្ទេច​បាក់​បែក​នោះ ​បាន​ពាក់​ព័ន្ធ​ទៅ​នឹង​យន្តហោះបាត់ដែល​បាន​ដឹក​មនុស្ស១៦២​នាក់​នោះ​ទេ។

លោក Jusuf Kalla ​អនុប្រធានា​ធិបតី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ ​និយាយ​ថា ​នាវា​ចំនួន​៣០​គ្រឿង​និង​យន្តហោះ​ចំនួន​១៥​គ្រឿង ​ទាំង​យន្តហោះ​និង​ឧទ្ធម្ភាគចក្រ ​បាន​ចូលរួម​នៅ​ក្នុង​ការរុករកយន្តហោះ​ធុន ​Airbus លេខ​A320 ​ ដែល​បាន​បាត់។ ក៏ប៉ុន្តែ ​លោក ​កំពុង​ព្យាយាម​បន្ថយ​ក្តីរំពឹង​ថា​យន្តហោះ​នោះ​នឹង​ត្រូវ​រក​ឃើញនៅពេល​ឆាប់​ៗ​នេះ។ ​យន្តហោះ​បាត់នោះ​ត្រូវនាយក​ទីភ្នាក់ងារ​រុករក​និយាយ​ថា ​ទំនង​ជាស្ថិត​នៅ​បាត​សមុទ្រ ។

«តាម​ការពិត ​យើង ​សង្ឃឹម​នឹង​រកឃើញ​ឲ្យ​បាន​ឆាប់​រហ័ស​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។​យើង ​មិន​មានទិស​ដៅ​ជាក់​លាក់​ ក៏ប៉ុន្តែ ​នឹងធ្វើ​ឲ្យ​បាន​ឆាប់​រហ័ស​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន»។

លោក​អនុប្រធានា​ធិបតី ​បាន​កត់​សម្គាល់​ថា ​ជើង​ហោះ​ហើរ​ម៉ា​ឡេស៊ី​លេខ​៣៧០​ ដែល​បាន​បាត់​កាល​ពី​ខែ​មិនា​នៅ​ក្នុង​ទឹក​ជ្រៅទល់​មុខ​ឆ្នេរសមុទ្រ​អូស្រ្តាលី ​នៅ​មិន​ទាន់​រកឃើញ​នៅឡើយ​ហើយ​យន្តហោះ​ផ្សេង​ទៀត​ដែល​បាន​បាត់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ​បាន​ចំណាយ​ពេល​រាប់​សិប​ខែ​ឬ​យូរជាងនោះ​ទម្រាំ​រកឃើញ។

សហរដ្ឋ​អាមេរិក ​ចិន​និង​ប្រទេស​ឥណ្ឌា ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ផ្តល់​ធនធាន​របស់​ខ្លួន​សម្រាប់​កិច្ច​ប្រតិបត្តិការ​នៅ​ក្នុងអ្វី​ដែល​ជាផ្លូវ​ដឹក​ជញ្ជូន​ដ៏​មមា​ញឹក​បំផុត​មួយ​របស់​ពិភពលោក។ ​យន្តហោះ​មក​ពី​ប្រទេស​អូស្រ្តាលី ឥណ្ឌូណេស៊ី ​ម៉ាឡេស៊ី​និង​ប្រទេស​សឹង្ហបូរី​ ​បាន​ចូលរួមរួច​ទៅ​ហើយ​នៅ​ក្នុង​ការ​រុករក​នៅតំបន់​ទឹក​រាក់ៗ។

ក្នុង​រដ្ឋ​ធានី​ហ្សាកាតា ​ក្រសួង​ដឹកជញ្ជូន ​ប្រាប់​ឲ្យ​ដឹង​ថា ​រដ្ឋាភិបាល ​នឹង​ពិនិត្យ​មើល​ឡើង​វិញ​នូវ​កិច្ច​ប្រតិបត្តិការនៃ​សាខា​របស់​ក្រុមហ៊ុន​អាកាសចរណ៍​Air Asia ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។

លោកTony Fernandes ​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ធំ​នោះ ​បាន​ពន្យល់ពួក​អ្នក​យក​ព័ត៌មានថា ​ក្រុម​ហ៊ុន​អាកាសចរណ៍​ Air Asia ​មិន​ដែល​បាន​បាត់​បង់ជីវិត​មនុស្ស​ទេ ​ទើបតែ​បាត់​ជើង​ហោះ​ហើរ​លេខ៨៥០១​កាល​ពី​ថ្ងៃ​អាទិត្យ​ប៉ុណ្ណោះ។

«យើង ​បាន​ដឹក​ជញ្ជូន​មនុស្ស​២២០​លាននាក់​រហូត​មក​ទល់​ពេល​នេះ។​ជាការ​ពិត ​មាន​ប្រតិកម្ម​ខ្លះ។ ក៏​ប៉ុន្តែ ​យើង ​មាន​ទំនុកចិត្ត​សមត្ថភាព​របស់​យើង​នៅ​ក្នុង​ការ​ដឹក​ជញ្ជូន​មនុស្ស។ ហើយ​យើង ​នឹង​បន្ត​នៅតែ​ខ្លាំង»។

យន្តហោះ​ឥណ្ឌូណេស៊ី ​AirAsia ​លេខ៨៥០១​ដែល​មាន​មនុស្ស១៦២​នាក់​នៅ​លើ​នោះ​ ​បាន​ចាក​ចេញ​ពី​ទីក្រុង​ Surabaya ​ទៅ​កាន់​ចំណត​អាកាស​យាន​ Changi នៃ​ប្រទេស​សឹង្ហបូរី​កាល​ពី​ថ្ងៃ​អាទិត្យដែល​ការ​ហោះហើរ​មាន​រយៈ​ពេល​ប្រហែល​២​ម៉ោង។ក៏ប៉ុន្តែ ​យន្តហោះ​នោះ ​បាន​បាត់​នៅពេល​ដែល​បើក​ប្រហែល​ពាក់​កណ្តាល​ផ្លូវឆ្ពោះ​ទៅកាន់​ទីដៅ​របស់​ខ្លួន។

អ្នកបើក​បរ​យន្តហោះ​ម្នាក់ ​បាន​សុំ​ពួក​អ្នក​ត្រួតត្រា​ចរាចរណ៍​អាកាសចរណ៍​ដើម្បី​អនុញ្ញាត​ឲ្យ​យន្តហោះ​ហោះឡើង​កម្ពស់​ប្រហែល​១.​៨០០​ម៉ែត្រ​ថែម​ទៀត​ទៅ​ជិត​កម្ពស់​១ម៉ឺន១ពាន់​៦រយម៉ែត្រ​ដើម្បី​បញ្ចៀស​ព្យុះ។ក៏ប៉ុន្តែ ​ការ​សុំ​អនុញ្ញាត​នោះ ត្រូវ​បាន​បដិសេធ​ ពី​ព្រោះ​តែ​យន្តហោះ​មួយ​ទៀត ​កំពុង​ហោះ​ហើរ​ក្នុង​តំបន់​នោះ។

អ្នក​ត្រួតត្រា​នៅ​ដី ​មិន​បាន​ទទួល​ការហៅទូរស័ព្ទពេល​គ្រា​អាសន្ន​ណា​មួយ​មកពី​ក្រុម​អ្នក​បើក​បរ​ហើយ​ការទាក់​ទង​តាម​ប្រព័ន្ធ​រ៉ាដា ​បាន​បាត់​ប្រហែល​៦​នាទីបន្ទាប់​ពីការ​បញ្ជូន​សញ្ញា​តាម​វិទ្យុ​ចុងក្រោយ​មក​ពី​យន្តហោះ​ធុន​ Airbus។

លោក​កាពី​តែន​ដែល​បញ្ជា​យន្តហោះ​នោះ ​មាន​បទ​ពិសោធន៍​យ៉ាង​ខ្លាំង​ដោយ​បាន​ធ្វើ​ការ​ហោះ​ហើរ​ជាង២ម៉ឺន​ម៉ោង​ហើយ​៦​ពាន់​ម៉ោង​នៃរយៈ​ពេលទាំង​នោះ​បើកបរ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូណេស៊ី ​Air Asia ​នៅ​ក្នុង​បន្ទប់​បើកបរ​យន្តហោះ​ធុន ​Airbus A320៕​

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG