នៅក្នុងការសន្យាមួយ ដើម្បីជាថ្នូរនឹងការដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន សាច់ញាតិរបស់ប្រជាពលរដ្ឋដែលជាប់ឃុំ បានអះអាងថា ពួកគេនឹងឈប់តវ៉ាក្នុងជម្លោះដីធ្លីនៃគម្រោងព្រលានយន្តហោះថ្មីក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ការសន្យានេះធ្វើឡើងតាមរយៈសំណើមួយច្បាប់ទៅអាជ្ញាធរ ដែលក្នុងនោះមានការសុំទោស និងទទួលកំហុសផងដែរ។
កាលពីសប្តាហ៍មុន ប្រជាពលរដ្ឋបានចេញមុខតវ៉ា ហើយក្នុងនោះ៣០នាក់ត្រូវបានឃាត់ខ្លួន ក្រោយមានផ្ទុះហិង្សា។ ប៉ុន្តែក្រោយមក អាជ្ញាធរបានដោះលែងមនុស្ស២១នាក់ និងបញ្ជូនអ្នកភូមិ៩នាក់ទៅតុលាការ។
ពួកគេត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន។
មួយសប្តាហ៍ក្រោយ ពួកគេត្រូវបានតុលាការសម្រេចដាក់ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ប៉ុន្តែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ និងត្រូវគោរពតាមលក្ខខណ្ឌរបស់អាជ្ញាធរ។
អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល លោក ជួន សុបញ្ញា បានប្រាប់វីអូអេនៅថ្ងៃអង្គារថា អ្នកភូមិទាំង៩នាក់នោះ ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃចន្ទ តាមសំណើរបស់ជនត្រូវចោទទាំងនោះ ប៉ុន្តែពួកគេស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និងរង់ចាំការជំនុំជម្រះក្តី។
លោកថ្លែងថា៖ «ម្សិលមិញ ចៅក្រមស៊ើបសួរបានសម្រេចឲ្យ៩នាក់នៅក្រៅឃុំបណ្តោះអាសន្ន តាមពាក្យសុំរបស់គាត់»។
លោកបន្តថា៖ «ចៅក្រមស៊ើបសួរ គាត់អាចសម្រេចតាមពាក្យសុំរបស់ជនត្រូវចោទ[ស្នើ]នៅក្រៅឃុំបណ្តោះអាសន្ន មិនមែនចប់សំណុំរឿងទេ នៅរង់ចាំការជំនុំជម្រះ ដើម្បីស្វែងរកថា តើគាត់ពិតជាបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់អញ្ចឹងមែនអត់»។
ប្រជាពលរដ្ឋ៩នាក់នោះ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល លោក វ៉ាន់ សុបញ្ញា បានសម្រេចចោទចំនួន៣បទចោទ «ពីបទហិង្សាមានស្ថានទម្ងន់ទោស ប្រឆាំងរាជការសាធារណៈមានស្ថានទម្ងន់ទោស និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ» ហើយសម្រេចឃុំខ្លួនរបស់ពួកគេកាលពីសប្តាហ៍មុន។ សមត្ថកិច្ចបានអះអាងថា អ្នកភូមិទាំង៩នាក់នោះ ជាប់ពាក់ព័ន្ធនឹងការបង្ករបួសស្នាមធ្ងន់ធ្ងរដល់កម្លាំងសមត្ថកិច្ច ដោយមានភស្តុតាងនៃការថតរូបភាពពីកន្លែងផ្ទុះហិង្សាក្នុងការតវ៉ា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។
មុនពេលមានការដោះលែង ក្រុមគ្រួសាររបស់ពួកគេដែលមានស្នាមមេដៃចំនួន៩នាក់ បានធ្វើលិខិតមួយច្បាប់ដាក់ទៅលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដោយស្នើសុំអភ័យទោសនូវរាល់កំហុសឆ្គងដែលបានប្រព្រឹត្តអំពើមិនគប្បីមកលើកងកម្លាំងសមត្ថកិច្ចកំពុងឈរជើងបំពេញការងាររក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងទីតាំងគម្រោងសាងសង់ព្រលានយន្តហោះថ្មី កាលពីសប្តាហ៍មុន។ នេះបើយោងតាមលិខិតសុំទោសដែលវីអូអេទទួលបាននៅថ្ងៃអង្គារ។
លិខិតសុំទោសដដែល ចុះថ្ងៃទី១៧ ខែកញ្ញា ក៏បានបញ្ជាក់លក្ខខណ្ឌ ៣ចំណុច ដើម្បីឲ្យមានការយោគយល់ និងដោះលែងក្រុមគ្រួសាររបស់ពួកគេឲ្យមានសេរី និងនៅក្រៅឃុំបាន។
លិខិតសុំទោសឲ្យដឹងថា៖ «ទី១ ឈប់ប្រព្រឹត្តនូវអំពើមិនគប្បីទាំងនេះតទៅទៀត ចាប់ពីពេលនេះតទៅ ទី២ ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសការស្ថាបនាព្រលានយន្តហោះថ្មីឲ្យទទួលបានជោគជ័យទាំងស្រុង ទី៣ [ក្នុង]ករណីខ្ញុំបាទ នាងខ្ញុំទាំងអស់គ្នាបន្តសកម្មភាព ឬចូលរួមសកម្មភាពរារាំងខាងលើនេះទៀត ខ្ញុំបាទ នាងខ្ញុំទាំងអស់គ្នា សូមឲ្យសមត្ថកិច្ចចាត់វិធានការម៉ឺងម៉ាត់បំផុតលើសកម្មភាពនេះ ដោយពុំត្រូវលើកលែងជាលើកទី២ឡើយ»។
អ្នកស្រី ទូច កែវ ពលរដ្ឋដែលមានទំនាស់ដីធ្លីក្នុងគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្រាប់វីអូអេនៅថ្ងៃអង្គារថា ប្តីរបស់អ្នកស្រីឈ្មោះ ស្រ៊ុន ញ៉ក់ អាយុ៤២ឆ្នាំ និងពលរដ្ឋ៨នាក់ផ្សេងទៀត ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន កាលពីថ្ងៃចន្ទម្សិលមិញ វេលាម៉ោងប្រមាណ៥ល្ងាច។ អ្នកស្រីបន្តថា មុនពេលដោះលែងសាច់ញាតិរបស់ពួកគេ រូបអ្នកស្រីផ្ទាល់បាននាំគ្នាទៅជួបអាជ្ញាធរស្រុក ដើម្បីសុំការអន្តរាគមន៍ឲ្យក្រុមគ្រួសាររបស់ពួកគាត់មានសេរីភាព និងបាននៅក្រៅឃុំ ដោយត្រូវធ្វើតាមលក្ខខណ្ឌមួយចំនួន។
អ្នកស្រីប្រាប់វីអូអេថា៖ «គាត់ធ្វើក្រដាសស្នាមថា ថ្ងៃក្រោយ យើងកុំឲ្យទៅហ្នឹងទៀត បើថាយើងស្នើសុំតវ៉ាដី យើងទៅធ្វើក្រដាសស្នាមទៅ កុំទៅធ្វើបាតុកម្មចឹងហា៎» ។
អ្នកស្រីបន្ថែមថា អ្នកស្រីពិតជាចង់ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិណាស់ ប៉ុន្តែអ្នកស្រីស្នើឲ្យអាជ្ញាធរបង្កើនតម្លៃដីឲ្យបានខ្ពស់ជាងនេះបន្តិចទៀត គឺលើស៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ទោះបីជាតម្លៃមិនបានស្មើទីផ្សារ ប៉ុន្តែសុំផ្តល់តម្លៃមួយដែលប្រជាពលរដ្ឋទូទៅអាចទទួលយកបាន ដើម្បីយកទៅដោះស្រាយជីវភាពរស់នៅ។
អ្នកស្រីបន្តថា៖ «ខ្ញុំគ្រាន់តែថា ស្នើសុំដល់រាជរដ្ឋាភិបាលឲ្យគាត់សុំដំឡើង[ថ្លៃ]ដីដែលប៉ះពាល់ក្នុងព្រលាន[យន្តហោះ]ហ្នឹងបន្តិចទៀតមក ដូចថា ៨ដុល្លារយើងមើលទៅជុំវិញខេត្តកណ្តាលស្ទឹងវាអត់មានចឹងហា៎ វាមានតែថ្លៃ» ។
លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល បានប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការដោះលែងអ្នកភូមិទាំង៩នាក់នេះ ដោយសារតែមានការសម្របសម្រួលរបស់អភិបាលខេត្តកណ្តាល ជាមួយតុលាការតាមរយៈការស្នើសុំរបស់គ្រួសាររបស់សាច់ញាតិដែលជាប់ឃុំ។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋរបស់គាត់ដែរ គាត់[អភិបាលខេត្តកណ្តាល]សុំទៅតុលាការទៅ គាត់សុំឲ្យមានការយោគយល់ គាត់[តុលាការ]ឲ្យមានការចេញមកវិញ»។
អភិបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងទៀតថា រឿងតម្លៃដីដែលប្រជាពលរដ្ឋស្នើលើសពី៨ដុល្លារក្នុងមួយម៉ែត្រការ៉េ អាជ្ញាធរស្រុកមិនអាចកំណត់បាននោះទេ ដោយមានតែការសម្របសម្រួលបន្តទៀត។
លោក គង់ សោភ័ណ អភិបាលខេត្តកណ្តាលបានប្រាប់វីអូអេថា លោកបានស្នើសុំទៅតុលាការ បន្ទាប់ពីមានការស្នើសុំរបស់ពលរដ្ឋ។
លោកបញ្ជាក់ថា៖ «គាត់ គ្រួសារគាត់ និងបងប្អូនទាំងអស់ គាត់បានយល់ថា គាត់យល់ហា៎! គាត់យល់អំពីអ្វីដែលគាត់បានជ្រុលជ្រួស មើលលើសមត្ថកិច្ចរបស់យើង អញ្ចឹងទេគាត់ក៏បានសុំថាគាត់មិនបន្តឲ្យមានការគ្រោះថ្នាក់ ឬបញ្ហាអីផ្សេងៗលើសមត្ថកិច្ចតទៅទៀតទេ។ គាត់បានដាក់ពាក្យស្នើសុំមកចឹងហា៎ ចឹងទៅខាងតុលាការគេក៏សុំថាគាត់បានភ្ញាក់រឭកហើយ»។
វីអូអេបានព្យាយាមទាក់ទងទៅតំណាងក្រុមហ៊ុន OCIC ដែលវិនិយោគសាងសង់ព្រលានយន្តហោះនៅតំបន់នោះ លោក ជូ កុកសាយ ប៉ុន្តែមិនទាន់អាចសុំការអត្ថាធិប្បាយបានទេ។ លោកបានប្រាប់វីអូអេកាលពីសប្តាហ៍មុនថា ក្រុមហ៊ុននៅតែផ្តល់ជម្រើស២ទៅប្រជាពលរដ្ឋ ដែលរួមមានការផ្តល់សំណងចំនួន៨ដុល្លារក្នុងមួយម៉ែត្រការ៉េ និងដោះដូរដីចំពោះដីប្រជាពលរដ្ឋមានការប៉ះពាល់ផ្លូវយន្តហោះរត់។
លោកបញ្ជាក់ទៀតថា ក្រុមហ៊ុនមិនបានបង្ខំប្រជាពលរដ្ឋណាម្នាក់ក្នុងការលក់ដីឲ្យក្រុមហ៊ុននោះទេ ហើយការចរចាតម្លៃដីយ៉ាងណា លោកមិនអាចបញ្ជាក់បានទេ ដោយលោកថា ធ្វើតាមគោលការណ៍របស់ក្រុមហ៊ុនតែប៉ុណ្ណោះ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក ថ្លែងថាការដោះលែងពលរដ្ឋទាំង៩នាក់នេះ ជាការល្អ ប៉ុន្តែលោកជំរុញឲ្យអាជ្ញាធរសិក្សា និងស៊ើបអង្កេតឲ្យបានច្បាស់លាស់ និងហ្មត់ចត់លើករណីមួយនេះ ជាពិសេសការកាត់ទោសដោយយុត្តិធម៌។
លោកថ្លែងថា៖ «ពេលដែលកើតហេតុហិង្សាហ្នឹងកើតឡើង គឺអត់ទាន់មានដំណោះស្រាយណាមួយកើតឡើងទេ [និង]ដំណោះស្រាយណាមួយអាចទទួលយកបានទេ។ ផ្ទុយទៅវិញ មានតែការប្រើនូវសម្ពាធផ្សេងៗ ទៅលើប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ទទួលយកអាការដោះស្រាយពីខាងអាជ្ញាធរ ហើយនិងក្រុមហ៊ុនហ្នឹង គឺមិនសមស្របជាមួយនឹងអ្វីដែលជាការទាមទាររបស់ពួកគាត់»។
មន្រ្តីសិទ្ធិមនុស្សមនុស្សរូបនេះបន្តថា អាជ្ញាធរពាក់ព័ន្ធត្រូវស្វែងរកវិធីសាស្រ្តក្នុងការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានសមស្របនិងអាចទទួលយកបានទាំងគ្រប់ភាគី ហើយលោកយល់ថា អំពើហិង្សាដែលបានកើតឡើងកន្លងមក មិនមែនជាកំហុសដែលបង្កដោយភាគីពលរដ្ឋតែម្ខាងនោះទេ។
លោកយល់ថា ការដែលប្រជាពលរដ្ឋឈានទៅដល់ការប្រើហិង្សា គឺដោយហេតុថាពលរដ្ឋជាម្ចាស់ដីមានការរារាំងពីអាជ្ញាធរហាមឃាត់មិនឲ្យចូលទៅក្នុងភូមិសាស្រ្តដីធ្លីដែលពលរដ្ឋអះអាងថាជាកម្មសិទ្ធិស្របច្បាប់។ លោកក៏អំពាវនាវឲ្យមានការអន្តរាគមន៍មួយសមស្រប និងផ្តល់ភាពយុត្តិធម៌ ទាក់ទងហិង្សាដែលកើតឡើងក្នុងរឿងជម្លោះដីធ្លីក្នុងស្រុកកណ្តាលស្ទឹងនេះ៕