អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៩នាក់ ក្នុងនោះបីនាក់ត្រូវបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធគារព្រៃស។ នេះបើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។
សកម្មជននយោបាយទាំងនេះត្រូវចោទប្រកាន់ពាក់ព័ន្ធនឹងការចូលរួមប្រជុំដើម្បីរៀបគម្រោងត្រៀមទទួលលោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សប្រឆាំងមួយរូប ចូលកម្ពុជាវិញនាដើមខែវិច្ឆិកា ខាងមុខ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ VOA នាល្ងាចថ្ងៃច័ន្ទនេះថា ការឃាត់ខ្លួនពួកគេទាំង៩នាក់ ធ្វើឡើងបន្ទាប់ពីមានភស្តុតាងជាសារ និងរូបថតដែលពួកគេបានចូលរួមប្រជុំជាមួយលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី និងការរៀបគម្រោងទទួលមេដឹកនាំបក្សប្រឆាំងរូបនេះចូលមកកម្ពុជាវិញ។
លោកខៀវ សុភ័គបានបន្ថែមថា៖
«អ្នកដែលឃាត់ខ្លួនទាំងអស់ហ្នឹង ពិសេសគឺបីនាក់ដំបូង បន្ទាប់មកយើងបានប្រាំមួយនាក់ទៀត។ បីនាក់ដំបូងក៏បានសារភាពទាំងអស់ ហើយឯកសារអីយើងមានគ្រប់គ្រាន់ ហើយមានទាំងរូបថតទៅប្រជុំ មានទាំងអីទាំងអស់ហ្នឹង។ ឯកសារអីផ្សេងៗទាំងអស់ ដែលជាយុទ្ធសាស្រ្ត យុទ្ធវិធីអីទាំងប៉ុន្មានមានទាំងអស់»។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បន្ថែមថា សមត្ថកិច្ចកម្ពុជាបាននិងកំពុងបន្តស៊ើបអង្កេតស្វែងរកអ្នកដែលពាក់ព័ន្ធបន្ថែមទៀត។
ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនចេញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយលោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ បានបង្គាប់ឲ្យឃុំខ្លួនអតីតសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចំនួនបីនាក់ ឲ្យស្ថិតក្រោមការពិនិត្យរបស់តុលាការ ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
អ្នកទាំងបីដែលត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ក្នុងនោះមានលោក ទុំ ប៊ុនថន យ៉ាត ភារម្យ និង កញ្ញា យូ ចាន់ធានី។ កញ្ញា យូ ចាន់ធានី គឺជាអតីតអ្នកអានព័ត៌មានតាមទំព័រហ្វេសប៊ុករបស់គណបក្សប្រឆាំង និងជាអតីតបុគ្គលិកធនាគារ អេប៊ីអេ ក្នុងរាជធានីភ្នំពេញ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លើកឡើងថា ក្រុមសកម្មជនគណបក្សប្រឆាំងទាំងនោះ មិនទាន់បានបញ្ចេញសកម្មភាពណាមួយប្រឆាំងរដ្ឋាភិបាលនៅឡើយទេ។ លោកបន្តថា ការឃាត់ខ្លួនបែបនេះនឹងនាំឲ្យមានការរិះគន់បន្ថែមទៀតពីការរិតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋាន។
«លោកស្រី រ៉ូណាស្មីត អ្នករាយការណ៍ពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សក៏បានសម្តែងការកង្វល់ គឺសេរីភាពក្នុងការជួបជុំ ការប្រមូលផ្តុំ ឬក៏សេរីភាពការចូលរួមក្នុងជីវភាពនយោបាយដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញរបស់យើង មាត្រា៣៥ផងដែរ។ អីចឹងបញ្ហាទាំងអស់នេះនាំឲ្យគេមានការរិះគន់បន្ថែមទៀត ទាក់ទងនឹងសេរីភាពការចូលរួមនយោបាយ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ»។
ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៩ អតីតគណបក្សសង្គ្រោះជាតិបញ្ជាក់ថា សកម្មជនរបស់គណបក្សនេះសរុបចំនួន ២៦នាក់ហើយ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួនតាំងពីដើមឆ្នាំ២០១៩មក។ ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ បញ្ជាក់ថា ការណ៍នេះគឺជា «ទង្វើរំលោភបំពានយ៉ាងកម្រោលលើច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋធម្មនុញ្ញនិងបំបាក់ស្មារតីប្រជាពលរដ្ឋស្លូតត្រង់ មិនឲ្យហ៊ានងើបឡើងតស៊ូទាមទារយុត្តិធម៌ និងសិទ្ធិសេរីភាពរបស់ខ្លួន»។
អតីតគណបក្សសង្គ្រោះជាតិ បានទាមទារឲ្យរដ្ឋាភិបាល ដោះលែងសកម្មជនរបស់ខ្លួន និងអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធខ្លាំងក្លាបន្ថែមទៀតលើរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងប្រធានអតីតគណបក្សសង្គ្រោះជាតិលោក កឹម សុខា រួមទាំងសកម្មជនគណបក្ស និងអ្នកទោសមនសិការផ្សេងទៀត ក៏ដូចជាឲ្យ «បញ្ឈប់ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញលើសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ តាមគ្រប់រូបភាព»៕