ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​យុត្តិធម៌​បញ្ជា​តុលាការ​ឲ្យ​ចោទ​លោក​សម រង្ស៊ី ​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ


(ឆ្វេង) លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងស្តូបតែងលម្អនៃព្រះមហាក្សត្រកម្ពុជាព្របាទ នរោត្តម សីហមុនី នៅមុខព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ។

លោក ​អង្គ​ វង្សវឌ្ឍនា ​បាន​សំអាង​ថា​ សេចក្តី​អត្ថា​ធិប្បាយ​របស់​លោក​សម រង្ស៊ី «ជា​ទង្វើ​រំលោភ​បំពាន​លើ​រដ្ឋ​ធម្មនុញ្ញ»​របស់​ប្រទេស​កម្ពុជា ដែល​មាន​ចែង​ក្នុង​មាត្រា​៤៣៧​ស្ទួន​​ នៃ​ក្រម​ព្រហ្មទណ្ឌ។

ក្រសួង​យុត្តិ​ធម៌កម្ពុជា​នៅថ្ងៃ​សុក្រ​នេះ​ បាន​បញ្ជា​ឲ្យ​តុលាការរាជធានី​ភ្នំពេញ​ចោទ​ប្រកាន់លោក​សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ចំពោះ​ការប្រើ​ពាក្យ​អសុរោះ​ធ្ងន់ៗ​មក​លើ​ព្រះ​កិត្តិនាម​ព្រះ​មហាក្សត្រ​ ព្រះ​បាទ​នរោត្តម​ សីហមុនី។

ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នក​កាសែត​នៅក្នុងកិច្ច​សម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​អាស៊ី​សេរី កាលពី​យប់​ថ្ងៃទី​១២ ខែ​កញ្ញា​ ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បា​ន​អធិប្បាយ​ថា ​អ្នក​ដែល​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​គឺជា​ចំណាប់​ខ្មាំង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន សូម្បី​តែ​ព្រះ​មហាក្សត្រ​ក៏​ជា​ចំណាប់​ខ្មាំង​របស់​លោក​ដែរ។ លោក​ សម រង្ស៊ី បន្ថែម​ថា ​លោក«​មិន​អាច​ពឹង​ព្រះ​មហាក្សត្រ​អ្វី​បាន​ទេ​ដែល (ដោយសារ) ​ព្រះ​មហាក្សត្រ​ជា​អាយ៉ង​របស់​លោក​ហ៊ុន សែន»។

ក្នុង​លិខិត​មួយ​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដែល​វីអូអេ​ទទួល​បាន​ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ លោក​អង្គ វង្សវឌ្ឍនា ​បាន​បញ្ជា​ទៅ​កាន់​ព្រះរាជអាជ្ញា​នៃ​តុលាការ​ជាន់​ទាប​ឲ្យ​ «ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​បន្ទាន់ ​និង​ដោយ​ម៉ឺង​ម៉ាត់​បំផុត​ចំពោះ​អំពើ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ»។

លោក ​អង្គ​ វង្សវឌ្ឍនា ​បាន​សំអាង​ថា​ សេចក្តី​អត្ថា​ធិប្បាយ​របស់​លោក​សម រង្ស៊ី «ជា​ទង្វើ​រំលោភ​បំពាន​លើ​រដ្ឋ​ធម្មនុញ្ញ»​របស់​ប្រទេស​កម្ពុជា ដែល​មាន​ចែង​ក្នុង​មាត្រា​៤៣៧​ស្ទួន នៃ​ក្រម​ព្រហ្មទណ្ឌ។

លោក គុជ គីម​ឡុង​ អ្នក​នាំពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ប្រាប់​វីអូអេ​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ទទួល​លិខិតពី​ក្រសួង​យុត្តិធម៌​ និងបាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​លោក សម រង្ស៊ី ពី​បទ​ប្រមាថចំពោះ​អង្គ​ព្រះ​មហាក្សត្រ។

លោក ជិន ម៉ាលីន អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ប្រាប់​ VOA នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​មាន​តួនាទី​ពិនិត្យ​លើ​សំណុំ​រឿងព្រហ្មទណ្ឌ​ណាមួយ​ និង​អាច​បញ្ជា​ឲ្យ​ព្រះរាជ​អាជ្ញា​ធ្វើ​ការ​ចោទ​ប្រកាន់អំពី​សំណុំ​រឿង​នោះ​បាន។

«គោល​ការណ៍​ច្បាប់​ប្បញ្ញត្តិ​មាត្រា​២៩​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ហ្នឹង ​គឺថា​អធិបញ្ជា​ហ្នឹង គឺ​ព្រះ​រាជ​អាជ្ញា​ត្រូវ​តែ​ធ្វើ ពី​ព្រោះ​ថា​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ជា​ប្រធាន​ឋានានុក្រម​នៃ​ព្រះរាជអាជ្ញា អញ្ចឹង​គាត់​អាច​បញ្ជា​ឲ្យ​ព្រះ​រាជអាជ្ញា​ធ្វើ​ការ​ចោទ​ប្រកាន់​បាន តែ​មិន​អាច​បញ្ជា​ព្រះ​រាជ​អាជ្ញា​មិន​ឲ្យ​ធ្វើ​ការ​ចោទ​ប្រកាន់​បាន​ទេ»។

បទ​បញ្ជា​របស់​ក្រសួង​យុត្តិធម៌​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​ក្រោយ​ពី​លិខិត​ថ្កោល​ទោស​លោក​ សម រង្ស៊ី ​របស់​ក្រសួង​ព្រះ​បរម​រាជ​វាំង​ចំពោះ​សេចក្តី​អត្ថាធិប្បាយ​របស់​លោក ​តាម​វិទ្យុ​អាស៊ីសេរី។

ក្រសួង​ព្រះ​បរម​រាជវាំង​បាន​សរសេរ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា៖ «ក្រសួង​ព្រះ​បរម​រាជ​វាំង សូម​ប្រកាស​ដាច់​អហង្កា​ថ្កោល​ទោស​ចំពោះ​លោក សម រង្សី ដែល​មាន​ចរិត​ជា​ជន​ក្បត់​ជាតិ តែងតែ​ពោល​ពាក្យ​ប៉ះពាល់​ដល់​ព្រះកិត្តិនាម ​ព្រះករុណា ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ​ដែល​ព្រះអង្គ​កំពុង​គង់​ប្រថាប់​បំពេញ​ព្រះរាជ​តួនាទី​ដ៏​ឧត្តុង្គ​ឧត្តម ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ ​និង​និរន្តរភាព​ជាតិ»។

នៅ​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ដដែល​នោះ លោក​ សម រង្ស៉ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​ឯក្រៅ​ប្រទេស បាន​ថ្លែង​រៀបរាប់​ពី​ប្រវត្តិ​នៃ​ការ​ដោះ​ស្រាយ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា ​នា​ពេល​កន្លង​ទៅ ​ថាមាន​តែ​ព្រះ​មហាវីរក្សត្រ ព្រះ​បាទ​នរោត្តម សីហនុ​ តែ​មួយ​អង្គ​គត់​ដែល​បាន​ដើរ​តួ​សំខាន់​ក្នុង​ការ​សម្រប​សម្រួល​គូ​ជម្លោះ។

លោក សម រង្ស៊ី ប្រាប់ VOA តាម​រយៈ​សារ​អេឡិច​ត្រូនិច​ ឬ​អ៊ីម៉ែល​ថា ព្រះ​ករុណា​ព្រះបាទ​នរោត្តម​សីហនុ ព្រះ​មហាវីរក្សត្រ តែងតែ​ប្រទាន​តម្លៃដល់​សកម្ម​ភាព​របស់​លោក ដែល​លោក​ សម រង្ស៊ី ហៅ​ថា​ជា​ «សកម្មភាព​ស្នេហា​ជាតិ» ប្រឆាំង​អំណាច​ផ្តាច់ការ និង​អំពើ​ពុករលួយ​របស់​លោក​ ហ៊ុន សែន។

លោក​បន្ថែម​ថា៖ «ព្រះបរម​រាជ​វាំង​សព្វថ្ងៃ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់ ហ៊ុន សែន ដែល​ជា​ជន​ក្បត់​ជាតិ​យ៉ាង​ពិត​ប្រាកដ»និង«ពូកែ​តែ​តាម​ធ្វើ​បា​ប​អ្នក​ស្នេហា​ជាតិ»។

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយលើកឡើង​ថា ​ការ​រិះគន់​ព្រះ​មហាក្សត្រ​ក្នុង​ន័យ​នយោបាយ​ណាមួយ​ គឺ​ជា​ការ​ធ្វើ​នយោបាយ​ដែល​មិន​ទទួល​បាន​ផល​ចំណេញ​នោះ​ទេ។

«អ្នកនយោបាយ​ដែល​ចង់​ទៅ​ដឹកនាំ​ប្រទេស​ ប្រហែល​ជា​មិន​បាន​ចំណេញ​ទេ បើ​សិនជា​មាន​អរិយភាព​ចំពោះ​ព្រះមហាក្សត្រ​របស់​យើង»។

នេះ​ជា​លើក​ទី​២​ហើយ ដែល​លោក​ សម រង្ស៊ី ប្រឈម​នឹង​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ព្រះ​មហា​ក្សត្រ។ តុលាការ​ភ្នំពេញ​កាលពី​ខែ​សីហា ឆ្នាំ​២០១៨ បាន​ចោទ​ប្រកាន់​លោក​សម រង្ស៊ី​ ពីបទ​ប្រមាថ​ព្រះ​មហាក្សត្រ ក្រោយ​លោក​បាន​អធិប្បាយលើ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​ សីហមុនី​ ដែល​បាន​អំពាវនាវ​ឲ្យ​ប្រជារាស្ត្រ​ព្រះអង្គ​ទៅ​បោះឆ្នោត​។​លោក​សម រង្ស៊ី បាន​ហៅ​ព្រះរាជ​សារ​នៅ​ពេល​នោះ​ថា​ជា​«រាជសារ​ក្លែងក្លាយ»៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG