កងយោធាកាមេរូន(Cameroon) បានចាប់ផ្តើមបង្រ្កាបក្រុមអ្នកជំនួញនីហ្សេរីយ៉ានៅឧបទ្វីប បាកាសស៊ី (Bakassi) ដែលត្រូវបានជាប់សង្ស័យពីបទគេចវេះការបង់ពន្ធ។ កាមេរូនបានកាន់កាប់ទាំងស្រុងលើតំបន់ដែលសម្បូរទៅដោយប្រេងកាតនេះ តាំងពីខែសីហា ឆ្នាំ២០១៣ បន្ទាប់ពីការចេញសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ។ ក៏ប៉ុន្តែ អ្នករស់នៅតំបន់នោះ៩០ភាគរយគឺជាជនជាតិនីហ្សេរីយ៉ា។
លោក Stanley Obi ដែលជាម្ចាស់ហាងលក់ដូរគ្រឿងទេសមួយបាននិយាយថា កាលពីសប្តាហ៍មុន បម្រាមគោចរមួយត្រូវបានប្រកាសនៅក្នុងឧបទ្វីបនេះ បន្ទាប់ពីជម្លោះបានកើតមានឡើងរវាងក្រុមអ្នកជំនួញនិងក្រុមអ្នកប្រមូលពន្ធដារ។ លោកបានបន្តថា ក្រុមអ្នកជំនួញទាំងនោះមិនយល់អំពីច្បាប់ពន្ធដាររបស់កាមេរូនទេ។
«នៅគ្រាខ្លះ អ្នកនឹងឃើញក្រុមប្រឹក្សាមកប្រមូលពន្ធ បន្ទាប់មកមន្រ្តីពន្ធដារនឹងមកប្រមូលម្តង។ ក្រោយមកទៀត ប៉ូលិសក៏មកប្រមូលមួយសារទៀត។ នេះធ្វើឲ្យមានការយល់ច្រឡំទៅលើប្រព័ន្ធពន្ធដារទាំងមូល។ អ្នកមិនដឹងថា តើត្រូវទៅខាងណា។ ដូច្នេះ អ្នកត្រឹមតែជាប់គាំងនៅទីនោះតែប៉ុណ្ណឹង។ អស់រយៈពេលមួយឆ្នាំក្រោយមកទើបអ្នកដឹងថា ប្រាក់ទាំងអស់របស់អ្នកត្រូវបានចំណាយដើម្បីតែបង់ពន្ធប៉ុណ្ណោះ»។
អ្នកលក់រាយត្រីស្រស់ឈ្មោះ Na Eric បាននិយាយថា ចាប់តាំងពីកាមេរូនបានគ្រប់គ្រងទាំងស្រុងលើអធិបតេយ្យភាពនៃឧបទ្វីបដែលសម្បួរដោយប្រេងកាតនេះមក ជនជាតិនីហ្សេរីយ៉ានៅ Bakassi បានក្លាយជាជនរងគ្រោះនៃការរុកគួនជាញឹកញាប់ពីសំណាក់ទាហានកាមេរូន។
«នេះជាមធ្យោបាយរបស់ពួកគេក្នុងការសម្លាប់មុខជំនួញរបស់យើង»។
លោក Aboko Patrick ចៅហ្វាយក្រុងKombo Abedimo ដែលជាភាគមួយនៃតំបន់ Bakassi និយាយថា ពលរដ្ឋទាំងអស់ដែលរស់នៅក្នុងតំបន់របស់លោកត្រូវតែបង់ពន្ធដូចអ្វីដែលប្រទេសកាមេរូននិងនីហ្សេរីយ៉ាបានព្រមព្រៀងគ្នាតាមរយៈសន្ធិសញ្ញាផ្សេងៗក្រោយពេលចេញសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ។
«មាត្រាមួយនៃកិច្ចព្រមព្រៀង Green Tree សរសេរថា ការប្រមូលពន្ធដោយរើសមុខមិនគួរកើតមានទេនៅក្នុងឧបទ្វីប Bakassi។ តែកិច្ចព្រមព្រៀងនោះក៏មិនបានសរសេរថា វាគួរតែគ្មានការប្រមូលពន្ធនោះដែរ។ ប៉ុន្តែ ប្រជាជននីហ្សេរីយ៉ាដែលមានច្រើនជាងប្រជាជនកាមេរូននៅតំបន់នោះ បានប្រកាន់ជំហរថា គ្មានការប្រមូលពន្ធណាមួយត្រូវកើតឡើងដាច់ខាត។
ភា្លមៗ ក្រោយពីការប្រកាសសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ការប្រមូលពន្ធផ្សេងៗនៅ Bakassi ត្រូវបានផ្អាក។ ក៏ប៉ុន្តែ ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣មក ពលរដ្ឋត្រូវតែចាប់ផ្តើមបង់ចំណែកពន្ធរបស់ខ្លួន។ លោកAmandi Cletus ដែលជាអ្នកលក់គ្រឿងអេឡិចត្រូនិចនៅក្នុងតំបន់នោះ និយាយថា ក្រុមអ្នកជំនួញនឹងជួបការលំបាកនៅក្នុងការបង់ពន្ធ។
«យើងបានរស់នៅតំបន់នេះ ហើយបានដឹងពីនិងសម្របខ្លួនទៅនឹងប្រព័ន្ធនៅទីនេះ។ កាលពីពេលដែលប្រព័ន្ធនេះស្ថិតក្រោមការគ្រប់គ្រងរបស់នីហ្សេរីយ៉ា ពួកគេមិនបានបង់ពន្ធទេ។ តែនៅក្រោមកាមេរូន ការបង់ពន្ធជារឿងធម្មតាមួយ»។
លោក Bernard Okalia Bilai ដែលជាចៅហ្វាយក្រុងតំបន់មួយនៅភាគនីរតីកាមេរូន បានចោទប្រកាន់ប្រជាជននីហ្សេរីយ៉ាថា មិនគោរពលក្ខខណ្ឌសាលក្រមរបស់តុលាការអន្តរជាតិ តាមរយៈការបដិសេធមិនបង់ពន្ធ។
លោកបានបន្តថា កាមេរូនគ្រាន់តែចង់ប្រាប់ពួកគេឲ្យយល់ថា ឥឡូវនេះ Bakassi គឺជាទឹកដីរបស់កាមេរូន ហើយអ្នកទាំងឡាយណាដែលរស់នៅលើទឹកដីនេះ ត្រូវតែបង់ពន្ធនិងត្រូវគោរពតាមច្បាប់ទម្លាប់របស់កាមេរូន។
លោក Okalia Bilai បានបន្ថែមថា ការិយាល័យរបស់លោកបានដាក់បម្រាមគោចរដើម្បីរារាំងប្រជាជនពីរដ្ឋ Cross River របស់នីហ្សេរីយ៉ា មិនឲ្យចូលមកកាន់ Bakassi ពីព្រោះពួកគេមិនព្រមបង់ពន្ធដារ។
លោកបាននិយាយថា សេចក្តីសម្រេចរារាំងមិនឲ្យប្រជាជនធ្វើដំណើរពីនីហ្សេរីយ៉ាមក Bakassi នាពេលយប់ត្រូវបានអនុវត្តឡើង បន្ទាប់ពីកិច្ចប្រជុំមួយជាមួយប្រជាពលរដ្ឋក្រោយពីមានបណ្តឹងថា មានក្រុមចោរដែលមិនគោរពតាមច្បាប់ដែនទឹក ហើយបានវាយប្រហារមកលើប្រជាពលរដ្ឋ ព្រមទាំងមិនបង់ចំណែកពន្ធរបស់ខ្លួន។
តុលាការយុត្តិធម៌អន្តរជាតិ បានឲ្យពេលនីហ្សេរីយ៉ា៥ឆ្នាំក្នុងអំឡុងពេលអន្តរកាលចាប់ពីឆ្នាំ២០០៨ ដើម្បីប្រគល់ឧបទ្វីប Bakassi ដែលរងវិវាទទៅឲ្យកាមេរូនទាំងស្រុង។ គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ពលរដ្ឋនីហ្សេរីយ៉ាដែលមាន៩០ភាគរយនៃប្រជាជនសរុបទាំង៣០ម៉ឺននាក់ក្នុងតំបន់នោះ ត្រូវតែទទួលបានការអនុញ្ញាតឲ្យស្នាក់នៅ និងត្រូវចាត់ទុកជាជនបរទេសដែលរស់នៅក្នុងប្រទេសកាមេរូន។ អ្នកដែលសម្រេចចិត្តចូលសញ្ជាតិកាមេរូន ត្រូវតែទទួលបានអត្តសញ្ញាណប័ណ្ណនិងគោរពច្បាប់កាមេរូន។
តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចប្រគល់ Bakassi ទៅឲ្យកាមេរូននៅឆ្នាំ២០០២។ ទីបញ្ចប់នីហ្សេរីយ៉ាបានសម្រេចចិត្តមិនធ្វើការតវ៉ាប្រឆាំងសាលក្រមនិងបានផ្ទេរការគ្រប់គ្រងតំបន់នោះ ទោះបីជាមានការធ្វើបាតុកម្មពីសំណាក់ប្រជាពលរដ្ឋនៅ Bakassi ក៏ដោយ។ កាមេរូនបានបង្កើតគណៈកម្មការពិសេសមួយដើម្បីអភិវឌ្ឍតំបន់នោះ។
លោក Ndoh Beltha Bakata ដែលដឹកនាំគណៈកម្មការនោះមានប្រសាសន៍ថា ពួកគេជួបការលំបាកក្នុងការធ្វើឲ្យប្រជាពលរដ្ឋទាំងនោះមានអារម្មណ៍ថា កាមេរូនគឺជាផ្ទះរបស់ពួកគេ។
«វប្បធម៌របស់ពួកគេខុសពីយើង ដូច្នេះពួកគេត្រូវតែយល់ពីយើង។ ដំណាក់កាលដំបូង យើងគ្រាន់តែព្យាយាមឲ្យពួកគេយល់ថា Bakassi គឺជាទឹកដីរបស់កាមេរូន តែយើងមិនជំរុញឲ្យពួកគេធ្វើអ្វីដែលប្រឆាំងនឹងឆន្ទៈរបស់ពួកគេទេ។ ឥឡូវនេះ យើងត្រូវតែអនុវត្តច្បាប់ទម្លាប់របស់យើង ដែលបង្ហាញថា នេះគឺកាមេរូន។ អ្វីដែលយើងជួបប្រទះ ពួកគេក៏ត្រូវជួបប្រទះដូចយើងដែរ»។
Bakassi គឺជាឧបទ្វីបដែលសម្បួរទៅដោយប្រេងកាតនិងជាតំបន់ដីមានជីជាតិនៃមហាសមុទ្រអាត្លង់ទិច (Atlantic)។ កាមេរូនបានព្រងើយកន្តើយនឹងតំបន់នេះរហូតដល់ឆ្នាំ១៩៩០ ទើបមានបំណងទាមទារយកទឹកដីនេះមកវិញ ដែលនេះបានធ្វើឲ្យមានការប្រឈមគ្នាយ៉ាងតឹងតែងមួយជាមួយនឹងទាហាននីហ្សេរីយ៉ា៕
ប្រែសម្រួលដោយ នៀម ឆេង