អង្គការសង្គមស៊ីវិល សមាគម និងសហគមន៍ដីធ្លី សរុបជាង៦០ នៅថ្ងៃពុធនេះ បានដាក់ចេញនូវអនុសាសន៍មួយចំនួន ដែលក្នុងនោះមានការផ្សះផ្សានយោបាយ ដែលពួកគេថា ជា«លក្ខខណ្ឌអប្បបរមា» ដើម្បីធានាភាពស្របច្បាប់នៃការបោះឆ្នោតឃុំសង្កាត់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលសល់ពេលមិនដល់មួយឆ្នាំទៀតផង គេមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើគណបក្សសង្រ្គោះជាតិដែលត្រូវរំលាយអាចចូលរួមការបោះឆ្នោតមួយនេះ ឬយ៉ាងណា?
ក្រុមសង្គមស៊ីវិលដែលបានដាក់អនុសាសន៍នោះ មានដូចជាសមាគមអាដហុក អង្គការសង់ត្រាល់ អង្គការតម្លាភាពកម្ពុជា អង្គការខុមហ្រ្វែល អង្គការលីកាដូ និងវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាជាដើម។ សំណើរបស់ពួកគេ មានដូចជាការផ្សះផ្សានយោបាយ ដើម្បីឲ្យអ្នកនយោបាយទាំងអស់មានសិទ្ធិចូលរួមពេញលេញក្នុងដំណើរការបោះឆ្នោត ការបង្កបរិយាកាសនយោបាយសេរី ដោយស្តារឡើងវិញនូវសេរីភាពនៃការបញ្ចេញមតិ ការជួបជុំ ដោះលែងសកម្មជននយោបាយ និងផ្តល់សិទ្ធិក្នុងការធ្វើនយោបាយ។
ទាក់ទងនឹងសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលសមាជិកគ្របដណ្តប់លើសលប់ពីអ្នកដែលមាននិន្នាការជាមួយគណបក្សប្រជាជនកម្ពុជា សង្គមស៊ីវិលបានស្នើឲ្យអនុវត្តស្របទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំការបោះឆ្នោត ដែលគណបក្សប្រឆាំងសំខាន់ចាំបាច់ត្រូវបានអនុញ្ញាតឲ្យពិនិត្យ និងជ្រើសរើសសមាជិក៤រូបក្នុងចំណោម៩រូប ដូចដែលបានឯកភាពគ្នាកាលពីធ្វើកំណែទម្រង់ស្ថាប័នបោះឆ្នោត។
សង្គមស៊ីវិលក៏ជំរុញឲ្យកងកម្លាំងប្រដាប់អាវុធ និងតុលាការ ធានាភាពឯករាជ្យ និងអព្យាក្រឹត។ ពួកគេក៏ជំរុញឲ្យមានការធានាតួនាទីរបស់អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដោយអាចអនុវត្តសិទ្ធិនិងតួនាទីរបស់ពួកគេដោយសេរីនៅក្នុងសង្គមប្រជាធិបតេយ្យ។
ក្នុងសន្និសីទសារព័ត៌មានតាមរយៈប្រព័ន្ធអនឡាញ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានថ្លែងថា៖
«សង្គមស៊ីវិល យើងចង់ឃើញបរិយាកាសនៃការបោះឆ្នោត ឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគណបក្សនយោបាយ។ ជាមួយគ្នានោះអ្វីដែលសំខាន់នោះ គឺ សង្គមស៊ីវិលចង់ឃើញមានការអត់ឱនអធ្យាស្រ័យគ្នាខ្ពស់ចំពោះអ្នកនយោបាយ ហើយបញ្ចប់ទោសទណ្ឌទៅលើអ្នកនយោបាយ ដោយដោះលែង ឬក៏សកម្មជននយោបាយ សកម្មជនសង្គមផ្សេងៗដើម្បីអាចចូលរួមក្នុងជីវភាពនយោបាយ»។
លោក គឹម ឈន នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល បានថ្លែងថាការបោះឆ្នោត ជារឿងសំខាន់ដែលស្ថាប័នរៀបចំការបោះឆ្នោត ត្រូវតែរៀបចំដោយឯករាជ្យ ធានាភាពស្អាតស្អំ តម្លាភាព និងឲ្យមានការចូលរួមពីគ្រប់ភាគីគណបក្សនយោបាយទាំងអស់។
លោកថ្លែងថា៖ «យុត្តិធម៌ក្នុងការបោះឆ្នោត គ.ជ.ប ត្រូវបង្កើតនីតិវិធីឲ្យមានប្រសិទ្ធភាពដោយមានការចូលរួមពីភាគីដែលពាក់ព័ន្ធ ឥតលម្អៀង ហើយឥតមានការរើសអើង ពិសេសក្នុងការចុះឈ្មោះបោះឆ្នោត... អត់មានផាត់ចោលអ្នកដែលគ្រប់អាយុ ដែលមិនបានចុះឈ្មោះបោះឆ្នោតនោះទេ»។
លោក ប៉ា ចន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា លោកមានការព្រួយបារម្ភអំពីដំណើរការនៃការរៀបចំការបោះឆ្នោតនៅឆ្នាំ២០២២ខាងមុខ ដោយសារតែប្រទេសកម្ពុជា មិនទាន់មានប្រជាធិបតេយ្យចាស់ទុំនៅឡើយទេ។
លោកថ្លែងថា៖ «មានតែការបោះឆ្នោត ដោយសេរីត្រឹមត្រូវ នឹងយុត្តិធម៌នេះទេ គឺជាមធ្យោបាយមួយធានានូវ សុខសន្តិភាពពិតប្រាកដ ការផ្សះផ្សា ការបង្រួបបង្រួមជាតិ និងការផ្លាស់ប្តូរអ្នកឡើងកាន់អំណាច ដឹកនាំរដ្ឋាភិបាល និងដឹកនាំប្រទេសដោយមិនបង្ហូរឈាមគ្នា រវាងខ្មែរនិងខ្មែរ»។
លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប ប្រាប់ VOA នៅថ្ងៃពុធនេះថា គ.ជ.ប អនុវត្តការងាររបស់ខ្លួនទៅតាមច្បាប់ដែលមានជាធរមាន។ លោកអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ យល់អំពីកិច្ចការរបស់គ.ជ.ប ដែលជាស្ថាប័នបច្ចេកទេស និងចៀសវាងការចោទប្រកាន់ថា លម្អៀងទៅខាងណាមួយ។
លោកថ្លែងថា៖ «អញ្ចឹងនៅពេលដែលភាគីទាំងអស់យល់អំពីស្ថានភាពរបស់គ.ជ.ប ដែលជាស្ថាប័នបច្ចេកទេសនិងអនុវត្តច្បាប់នោះ ពួកគេនឹងមិនអាចធ្វើការវាយតម្លៃមួយ ដោយគ្មានមូលដ្ឋានគ្រប់គ្រាន់ក្នុងការចោទប្រកាន់គ.ជ.ប.ថា ជាអង្គការលម្អៀងបែបណានោះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ គ.ជ.ប ចង់ឲ្យគ្រប់ភាគីទាំងអស់ធ្វើការផ្ទៀងផ្ទាត់អំពីសកម្មភាពការងាររបស់គ.ជ.ប ជាមួយក្រមនិងខណ្ឌច្បាប់នោះ មានន័យថា បញ្ញត្តិដែលចែងអំពីកិច្ចការដែលគ.ជ.បអនុវត្ត វាជាកញ្ចក់ ដើម្បីឆ្លុះបញ្ចាំងអំពីសកម្មភាពរបស់គ.ជ.ប។ អញ្ចឹងកន្លែងនេះ គឺតម្លាភាពគ.ជ.ប គឺសំដៅលើកន្លែងហ្នឹងហើយ។ កិច្ចការរបស់គ.ជ.ប អនុលោម និងអនុវត្តតាមច្បាប់ជាធរមាន»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានបដិសេធមិនអត្ថាធិប្បាយ ដោយបង្វែរសំណួរនេះទៅស្ថាប័នគ.ជ.ប វិញ៕