សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​កែប្រែ​ច្បាប់​អង្គការ​​​ ពេល​ច្បាប់​នេះ​ទៅ​ដល់​​ព្រឹទ្ធ​សភា

Your browser doesn’t support HTML5

សមាជិក​សភា​​គណបក្ស​​​ប្រជាជន​​កម្ពុជា​​​លើក​ដៃ​​អនុម័ត​​ច្បាប់​អង្គការ​​​ ពេល​គណបក្ស​ជំទាស់​ធ្វើពហិការ។​(ថ្ងៃ១៣ ខែ​កក្កដា ២០១៥)

មេ​ដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បន្ត​ការ​តស៊ូ​មតិ​នៅ​នាទី​ចុង​ក្រោយ​ ដោយ​ស្នើឲ្យ​សមាជិក​ព្រឹទ្ធ​សភា​ធ្វើ​ការ​ពិចារណា​ និង​កែ​សម្រួល​ចំណុច​រស៊ើប​មួយ​ចំនួន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ដែល​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា​ ជា​ឧបករណ៍​ដាក់​ការ​គាប​សង្កត់ធ្ងន់​ធ្ងរ​លើ​សកម្ម​ភាព​របស់​ក្រុម​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

ជំហរ​នៃ​ការ​ស្នើ​ឲ្យ​មាន​ការ​កែ​ប្រែ​មាត្រា​ដែល​រឹតត្បិត​មួយ​ចំនួន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាសនេះ​ កើត​មាន​ឡើង​មួយ​ថ្ងៃមុន​ពេល​ព្រឹទ្ធ​សភា​ធ្វើ​ការ​ប្រជុំ​ និង​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។​

នៅ​ក្នុង​រូប​ថត​ពី​អេក្រង់​ទូរទស្សន៍​នៅ​មន្ទីរ​ដ្ឋសភា​នេះ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ​ នៅ​ក្នុង​សម័យ​ប្រជុំ​អនុម័ត​ច្បាប់​អង្គការ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥។

​អ្នក​ស្រី​ចក់ សុភាព​ នាយិកាប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​ទទូច​សុំ​ឲ្យ​ព្រឹទ្ធ​សភា​ពិចារណា​សារជា​ថ្មី​លើ​ការ​កែ​លម្អ​ចំណុច​មិន​ច្បាស់​លាស់​មួយ​ចំនួន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ។​

«ខ្ញុំ​សង្ឃឹម​ថា​ ក្នុង​នាទី​ចុង​ក្រោយ​នេះ​ គាត់​អាច​បង្ហាញ​នូវ​ឆន្ទៈ​ បង្ហាញ​ឲ្យ​សាធារណជន​ជាតិ​ និង​អន្តរជាតិ​បាន​ឃើញ​ថា​ ព្រឹទ្ធ​សភា​បាន​បំពេញ​តួនាទី​មួយ​នៅ​ក្នុង​ការ​ពិនិត្យ​ឲ្យ​បាន​ហ្មត់​ចត់​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ ហើយ​ស្តាប់​កង្វល់​របស់​សហគមន៍​ជាតិ​ និង​អន្តរជាតិ»។​

អ្នក​ស្រី​ចក់ សុភាព​សង្កត់​ធ្ងន់​ថា មតិរិះគន់​ដែល​ថា ស្ថាប័ន​ព្រឹទ្ធ​សភា​គឺ​ជាស្ថាប័ន​ដែល​ចាំតែ​ប្រថាប់​ត្រា​នោះ​គឺ​ពិត​ជា​ត្រឹម​ត្រូវ ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត ​ដោយ​ច្រាន​ចោល​នូវ​មតិ​យោបល់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​បាន​ធ្វើ​ឡើង​កាលពី​ពេល​កន្លង​មក។​

«ខ្ញុំ​គិត​ថា ​ការ​បដិសេធ​ និង​ការព្រងើយ​កន្តើយ​ចំពោះ​មតិ​យោបល់​របស់​សង្គម​ស៊ីវិល​នោះ​ នឹង​ធ្វើ​ឲ្យ​មតិ​រិះគន់​កន្លង​មក​រឹត​តែ​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​ថា​ វាពិត​ជា​ត្រឹម​ត្រូវ ​ហើយ​មិនមាន​ការ​ផ្លាស់​ប្តូរនោះ​ទេ»។​

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​សរសេរ​លិខិត​ចំហ​មួយ​ទៅ​កាន់​លោក​សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធ​សភា​កាល​ពី​ថ្ងៃពុធ ​ដោយ​ស្នើសុំ​ឲ្យ​កែ​សម្រួល​ជា​បន្ទាន់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ឬ​ក៏​បដិសេធ​សេចក្តី​ព្រាង​ច្បាប់​នេះ​ចោល​តែម្តង។​

ប្រជាពលរដ្ឋបាតុកម្មនៅ​មុខ​រនាំងប៉ូលិស ពេល​សមាជិក​សភា​គណបក្សកាន់អំណាចអនុម័តច្បាប់អង្គការ។​

​លិខិត​នោះ​សរសេរ​ថា៖​ «អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ និង​អន្តរជាតិ​ អ្នក​រាយ​ការណ៍​ពិសេស​ស្តីពី​សេរីភាព​ខាង​ការ​ជួប​ប្រជុំ​ និង​បង្កើត​សមាគម​ របស់​អង្គការ​សហ​ប្រជាជាតិ​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ តំណាង​អង្គទូត​ជាច្រើន​ ហើយ​ថ្មីៗ​បំផុត​គឺ​សភា​សហភាព​អឺរ៉ុប​បាន​ស្នើទៅ​រដ្ឋាភិបាល​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​ពិចារណា​ឡើងវិញ​លើការ​អនុម័ត​ច្បាប់​នេះ​ ដើម្បី​ធានា​នូវ​តម្លាភាព និង​ចូលរួម​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ប្រកប​ដោយ​អត្ថន័យ»។​

ប៉ុន្តែ​សេចក្តី​ស្នើទាំងអស់​នេះ​មិនត្រូវ​បាន​យក​មកពិចារណា​នោះ​ទេ ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភកាន់​តែ​ខ្លាំង​ឡើង​ពាក់​ព័ន្ធ​នឹង​វិសាល​ភាព​នៃ​ច្បាប់​នេះ។​

ក្រុម​មេដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាលបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​នៅ​ថ្ងៃ​នេះ​ដែរ​ ដោយ​ស្នើសុំ​ឲ្យ​ព្រឹទ្ធ​សភា​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​មក​រដ្ឋ​សភា​វិញ​ ដោយ​ទាមទារ​ឲ្យដាក់​លក្ខខណ្ឌ​នៃ​ការ​ដាក់​បញ្ចូល​អនុសាសន៍​របស់​សង្គម​ស៊ីវិល​ ប្រសិន​បើមិន​ដូច្នេះ​ទេ​ សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​សម្រាស​នេះ​ នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​អស់។

លោក​អ៊ុំ សារិទ្ធ​ អ្នក​នាំពាក្យ​ព្រឹទ្ធ​សភា​ មាន​ប្រសាសន៍​ថា ​ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​នៅ​ស្ថិត​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​ព្រឹទ្ធ​សភា​នៅ​ព្រឹក​ស្អែក​នេះ។​ ​លោក​បញ្ជាក់​ថា​ ​ការកែសម្រួល​ ឬ​ក៏​ការ​បដិសេធ​ចោល​សេចក្តី​ព្រាងច្បាប់​នេះ​គឺ​អាស្រ័យ​លើ​សេចក្តី​សម្រេច​របស់​កិច្ច​ប្រជុំ​ពេញ​អង្គ​នៃ​ព្រឹទ្ធ​សភា។​

«អ្នក​ណា​ស្នើអី​ក៏ដោយ​ អ្នក​ណាក៏​ដោយ​ ប៉ុន្តែ​ទាល់តែ​ដល់​ប្រជុំ​ព្រឹទ្ធ​សភា​ពេញ​អង្គ​ បាន​លោក​ជា​អ្នក​អារកាត់​ថា​ ត្រូវ​សម្រេច​យក​ដោយ​ឥត​កែ​ប្រែ​ ឬក៏​សុំ​ឲ្យ​កែ​ប្រែ​ខ្លះ​ ឬក៏​បដិសេធ។​ អាហ្នឹង​គឺ​សិទ្ធិ​លើ​សម័យ​ប្រជុំ​ពេញ​អង្គ»។

ប្រទេស​កម្ពុជា​ដែល​នៅ​ពឹង​លើ​ជំនួយ​ពី​បរទេស​បាន​ប្រឈម​នឹង​បញ្ហា​សង្គម​ជាច្រើន​ ក្នុង​នោះ​មាន​អំពើ​ពុក​រលួយ​ ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​លំនៅដ្ឋាន ​និង​អំពើ​និទណ្ឌភាព។​ លើស​ពី​នេះ​ទៅ​ទៀត​ ​ ប្រទេស​នេះ​ក៏​ត្រូវ​បានញាំញី​ដោយ​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ផង​ដែរ។​ ​ សហព័ន្ធ​អន្តរជាតិ​ស្តីពី​សិទិ្ធ​មនុស្ស​បាន​បញ្ចេញ​របាយ​ការណ៍​ថ្មី​មួយ​ ដោយ​បាន​បង្ហាញ​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​៦០.០០០​នាក់​បាន​រងផល​ប៉ះ​ពាល់​ពី​ការ​ដណ្តើម​កាន់​កាប់​ដីធ្លី។​ ​ របាយ​ការណ៍​នេះ​ធ្វើ​ឡើង​ដោយយោង​ទៅ​លើ​ភស្តុតាង​ថ្មីមួយដែល​បាន​ដាក់​ជូន​ទៅ​រដ្ឋ​អាជ្ញា​នៃ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ។​

ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​មែន ​នោះ​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាលមុខ​ជា​នឹងប្រឈម​នឹង​ឧប​សគ្គ​ជាច្រើន​ រួម​មាន​ឧបសគ្គ​ខាង​ផ្លូវច្បាប់​ ពីព្រោះ​ច្បាប់​នេះ​តម្រូវ​ឲ្យ​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាលចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ។​ ក្រសួង​មហាផ្ទៃ​អាច​នឹង​ដើរ​តួ​ជា​អ្នក​លុប​ឈ្មោះ​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចេញ​ពី​បញ្ជីផង​ដែរ។​ ឧបសគ្គ​នេះ​នឹង​ធ្វើ​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ពិបាក​ធ្វើការ​កែ​លម្អ​បញ្ហា​អវិជ្ជមាន​ខាងលើ​ ជា​ពិសេស​គឺ​វិបតិ្ត​ដីធ្លី​ដ៏​ស្រួចស្រាវ។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស។​

ដោយ​ឡែក​ ក្រុម​សមាជិក​ព្រឹទ្ធ​សភាមក​ពី​គណបក្ស​សម រង្ស៊ី​ធ្លាប់​បាន​ចេញ​លិខិតបញ្ជាក់​ថា​ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សម​ រង្ស៊ី​នឹង​មិន​ចូល​រួម​រាល់​ការ​ប្រជុំ​ទាក់​ទិន​នឹង​ការ​ពិភាក្សា​អំពី​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ព្រឹទ្ធ​សភា​នោះ​ទេ៕​