អាមេរិក​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មីៗ​ទៀត​ប្រឆាំង​​​ធនាគារ​និង​ស្ថានីយ​ទូរទស្សន៍​រដ្ឋ​របស់​​រុស្ស៊ី

រូបឯកសារ៖ អគារ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក (U.S. Department of the Treasury)​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២១។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ការដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀតប្រឆាំង​នឹង​រុស្ស៊ី​ចំពោះ​ការឈ្លានពានប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បតិ្ត​បរទេសនៃ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក OFAC បាន​ប្រកាស​ឈ្មោះ​ស្ថាប័ន​និង​បុគ្គល​រុស្ស៊ីមួយ​ចំនួន​ដែល​ខ្លួន​និយាយ​ថា មាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​សំខាន់ទៅ​លើ​ការធ្វើ​សង្រ្គាម​របស់​រុស្ស៊ីនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​ក្នុង​នោះ​រួម​មានសមាជិក​នៃ​គណៈអភិបាលនៃ​ធនាគារ​ដ៏សំខាន់​ពីរ​របស់​រុស្ស៊ី ធនាគារមួយ​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​រុស្ស៊ី​និងសាខា​១០​ទៀត​របស់​ធនាគារ​នេះ រោងចក្រ​ផលិត​អាវុធ​មួយ​ដែល​គាំទ្រ​ដោយរុស្ស៊ី​និង​ស្ថានីយ​ទូរទស្សន៍រដ្ឋ​ចំនួន​៣​ដែលរក​លុយឱ្យ​រដ្ឋ​រុស្ស៊ី។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក។

ការិយាល័យ OFAC ក៏​កំពុង​ចាត់​វិធានការ​ផង​ដែរ​ដើម្បី​កាត់ផ្តាច់​សេវាកម្ម​ដែលប្រើប្រាស់​ដោយ​សហព័ន្ធ​រុស្ស៊ី​និង​ឥស្សរជន​រុស្ស៊ី​មួយ​ចំនួន​ដែលព្យាយាម​គេចវេស​ពី​ការដាក់​ទណ្ឌកម្ម​នោះ។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោក​ស្រី Janet L. Yellen បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «ថ្ងៃនេះ យើង​បាន​ដាក់ដាក់ទណ្ឌកម្ម​បន្ថែម​ទៀតលើ​សេដ្ឋកិច្ចនិងការប្រើប្រាស់សេវាកម្មនិង​បច្ចេកវិទ្យា​ដែល​រុស្ស៊ីត្រូវការប្រើប្រាស់​ក្នុង​សង្គ្រាមឈ្លានពាន​ដែល​គ្មានហេតុផល​នៅ​ក្នុងប្រទេស​អ៊ុយក្រែន»។

សេចក្តីថ្លែងការណ៍​នោះ​បាន​បន្តទៀត​ថា៖ «ការ​រារាំងរុស្ស៊ីមិន​ឱ្យ​ប្រើប្រាស់​សេវាកម្មរបស់​សហរដ្ឋ​អាមេរិក​នឹង​បង្កើនការដាក់​សម្ពាធលើ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​និង​កាត់ផ្តាច់​លទ្ធភាព​របស់​រុស្ស៊ី​ក្នុង​ការគេចវេសការដាក់​ទណ្ឌកម្ម​ដែល​បាន​ធ្វើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​និង​ដៃគូរបស់​យើង។ យើង​ក៏​កំណត់​គោលដៅលើ​លទ្ធភាព​របស់​លោក Putin ក្នុង​ការ​ប្រមូល​ប្រាក់​ចំណូល​ដែល​ជួយ​ដល់​ការធ្វើ​សង្គ្រាម​ឈ្លានពាន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ក៏​ដូច​ជា​ស្ថានប័ននិង​បុគ្គល​ដឹកនាំ​មួយ​ចំនួន​របស់​ស្ថាប័ន​ទាំង​នោះ​ ដែល​បាន​ជួយ​ឧបត្ថម្ភដល់​សកម្មភាព​បំផ្លិចបំផ្លាញរបស់​លោក Putin នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន»។

សហរដ្ឋ​អាមេរិក​ក៏​បានរឹត​បន្តឹង​លើ​ការ​ផ្តល់ទិដ្ឋាការ​ប្រមាណ​២.៦០០​ករណី​លើ​មន្ត្រី​រុស្ស៊ី​និង​បេឡា រុស​និង​បាន​ដាក់ចេញ​គោលការណ៍​រឹតបន្តឹង​ទិដ្ឋាការ​ថ្មី​មួយ​ដែល​អនុវត្ត​ទៅ​លើ​មន្ត្រី​យោធា​និង​អាជ្ញា ធរ​រុស្ស៊ី​ដែល​ត្រូវ​បាន​សង្ស័យ​ថាបានពាក់​ព័ន្ធនឹង​ការរំលោភ​សិទ្ធិ​មនុស្ស​និង​អំពើ​ពុករលួយ៕