ការសិក្សាថ្មីមួយដែលធ្វើឡើងក្នុងចំណោមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាង៣ម៉ឺននាក់បង្ហាញថា អ្នករស់រានម្នាក់ក្នុងចំណោម៤នាក់នៅបន្តរងផលប៉ះពាល់ផ្នែកសុខភាពផ្លូវចិត្ត ដោយសារបទពិសោធន៍ឆ្លងកាត់ក្នុងរបបខ្មែរក្រហម ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលប្រជាពលរដ្ឋប្រមាណ១លាន៧សែនបានស្លាប់ក្នុងរបបនោះ។ នេះបើតាមការសិក្សាថ្មីមួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ហៅកាត់ថា DC-Cam ទៅលើអ្នករស់រានជាង៣ម៉ឺននាក់។
ការសិក្សានេះធ្វើឡើងចាប់ពីខែសីហា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២២ ដែលអ្នករស់រានភាគច្រើនមានអាយុចន្លោះពី៥០ដល់៧៩ឆ្នាំ។ អ្នករស់រានភាគច្រើនស្ថិតក្នុងខេត្តនៅតំបន់បឹងទន្លេសាប និងតំបន់វាលទំនាប។
ការសិក្សានេះបង្ហាញថា អ្នករស់រានមានជីវិតភាគច្រើនស្ថិតក្នុងភាពក្រីក្រ មិនមានការងារធ្វើ ឬមានការធ្វើ ប៉ុន្តែការងារដែលទទួលបានប្រាក់ចំណូលទាប ជាពិសេសក្នុងផ្នែកកសិកម្ម។ អ្នករស់រានមានជីវិតជាស្រ្តី មានភាគរយខ្ពស់នៅក្នុងការសិក្សាមួយនេះ។
បើតាមលទ្ធផលនៃការសិក្សា អ្នករស់រានទាំងនោះប្រឈមនឹងជំងឺមួយចំនួន ដូចជាលើសសម្ពាធឈាម រលាកក្រពះពោះវៀន និងវិបត្តិផ្លូវចិត្ត ដែលអាចបណ្តាលមកពីឥទ្ធិពលដោយផ្ទាល់ឬប្រយោលនៃការឆ្លងកាត់របបខ្មែរក្រហម ដែលមានការកាប់សម្លាប់មនុស្ស ការបង្អត់អាហារ និងការបង្ខំឱ្យធ្វើការលើសកម្លាំងជាដើម។
ការសិក្សាដដែលនោះបញ្ជាក់ទៀតថា អ្នករស់រានមានជីវិតយ៉ាងតិចម្នាក់ក្នុងចំណោម៤នាក់នៅក្នុងការសិក្សានេះឆ្លើយថា ពួកគេនៅតែឈឺចាប់ពីស្ថានភាពផ្លូវចិត្ត ឬរោគសញ្ញានៃស្ថានភាពផ្លូវចិត្តដែលអាចមកពីបទពិសោធន៍នៃការឆ្លងកាត់របបខ្មែរក្រហម។ ការប្រើប្រាស់ថ្នាំ ដោយមិនទៅជួបវេជ្ជបណ្ឌិតនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនគឺជាវិធីសាស្រ្តចម្បងមួយដែលត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលក្នុងចំណោមអ្នករស់រានទាំងនោះ។
លោក យន់ ប៊ីន អាយុ៦៨ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយរូប ដែលកំពុងរស់នៅក្នុងភូមិទួលមានជ័យ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ប្រាប់វីអូអេថាលោកមានការលំបាកក្នុងការសម្រាន នាពេលយប់ ដោយសារតែលោកតែងនឹកគិតឃើញចំពោះហេតុការណ៍នៃការកាប់សម្លាប់យ៉ាងរង្គោលពីពួកខ្មែរក្រហម។ លោកធ្លាប់ត្រូវបានយកទៅវាយសម្លាប់ក្នុងរណ្តៅ ប៉ុន្តែលោកនៅរស់រានមានជីវិតវិញ ដោយលួចរត់ពីរណ្តៅ។
លោកបន្តថា រូបភាពនៃការកាប់សម្លាប់ ការធ្វើទារុណកម្ម និងសកម្មភាពនៃការធ្វើបាបផ្សេងៗ តែងតែលេចឡើងក្នុងការចងចាំរបស់លោករហូត។ ប៉ុន្តែលោកបានទទួលការព្យាបាលពីអង្គការសុខភាពផ្លូវចិត្ត (TPO) ទើបស្ថានភាពនៃជំងឺផ្លូវចិត្តអាចមានការគ្រប់គ្រងបាន និងមានភាពល្អប្រសើរជាងមុន។
លោកប្រាប់វីអូអេថា៖ «លោកគ្រូខ្ញុំដេកយប់ទៅនឹកតែស្រមៃ កាលពេលវាយកទៅវៃចោលលោកគ្រូអើយ ដេកអត់លក់ទេ។ ខ្ញុំបានថ្នាំខាង TPO ដែរបានដេកលក់ តែអញ្ចឹងខ្ញុំស្រមៃគេងាប់អស់មួយឡាននៅរស់តែឯងមួយ»។
លោក យន់ ប៊ិន ក៏សង្ឃឹមថានឹងមានជួយជ្រោមជ្រែងពីរដ្ឋាភិបាលក្នុងការផ្តល់ជាជំនួយ និងការយកចិត្តទុកដាក់ទៅលើការព្យាបាលសុខភាពផ្លូវចិត្តរបស់លោក និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមផ្សេងៗទៀត។
លោកប្រាប់វីអូអេបន្ថែមថា៖ «ខ្ញុំនឹកឃើញតែខ្ញុំមួយ ដូចថាខ្ញុំជាមនុស្ស បើនិយាយទៅខ្ញុំគិតទៅខ្ញុំដូចតែស្លាប់ម្តងរួចទៅហើយ ឥឡូវខ្ញុំរស់រានមានជីវិត។ ចង់តែឱ្យរាជរដ្ឋាភិបាលជួយខ្ញុំ ព្រោះឥឡូវខ្ញុំធ្វើការអីក៏លែងកើតហើយ»។
ទោះបីរយៈពេល៣០ឆ្នាំបានកន្លងផុតទៅ ដោយកម្ពុជាបានចាប់ផ្តើមវិលមករកសន្តិភាពវិញនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ក្តី ក៏ភាពខ្វះខាតនៃការទទួលបានការថែទាំសុខភាពនៅទូទាំងប្រទេសនៅតែបន្តកើតមានឡើង ជាពិសេសនៅតាមតំបន់ជនបទ ដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាច្រើនរស់នៅ។ បើទោះបីជារបួសនៃផ្លូវចិត្តបានថយចុះពីមួយជំនាន់ទៅមួយជំនាន់ក៏ដោយ ក៏វានៅតែដិតដាមក្នុងចិត្តរបស់ពួកគេទាំងអស់នោះ។
លោក តូយ ង៉ា អាយុ៧៧ឆ្នាំ អ្នករស់រានមានជីវិតម្នាក់ទៀត ដែលរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បា្រប់វីអូអេថាក្រោយបងប្អូនបង្កើតលោក២នាក់ត្រូវបានគេយកទៅសម្លាប់នៅក្នុងសម័យខ្មែរក្រហម វាបានបន្សល់នូវការចងចាំមួយដែលបានប៉ះពាល់ដល់ផ្លូវចិត្តរបស់លោក។
លោកថ្លែងថា៖ «ដក់អារម្មណ៍ជាប់ដល់សព្វថ្ងៃហ្នឹង ដោយសារជំនាន់នោះការកាប់សម្លាប់ហ្នឹងវាព្រៃផ្សៃពេក ហើយប្អូនខ្ញុំក៏ដោយសារគេសម្លាប់ដែរ គេថាក្បត់អង្គការលើអីណា ហើយគេសម្លាប់ទៅនៅជំនាន់នោះ បញ្ហាហូបចុកក៏មិនដិតដល់ ហើយធ្វើ[ការ]ខ្លាំងដល់ហូបតិច»។
លោក ឆាំង យុ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ប្រាប់វីអូអេថាតាមការស្ទង់មតិទូទាំងប្រទេសកម្ពុជា ដែលមជ្ឈមណ្ឌលបានសាកសួរអ្នករស់រានមានជីវិតប្រហែល៣ម៉ឺន២ពាន់នាក់ ជំងឺរ៉ាំរ៉ៃចំនួន១០ដែលអ្នករស់រានមានជីវិតជួបប្រទះ ប៉ុន្តែបញ្ហាផ្លូវចិត្តជាជំងឺដ៏ចម្បងមួយរបស់ពួកគេ។ លោកបន្តថាចំនួនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានរហូតទៅដល់៣៣% នៃប្រជាជនសរុប ហើយពួកគេទាំងនោះត្រូវការការគាំពារពីជំងឺផ្លូវចិត្តយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់អ្នកជំនាញ។
លោកថ្លែងថា៖ «គ្នាគាត់ទាំងអស់មានចំនួនរហូតដល់៣៣% ស្មើនឹងជាង៥លាននាក់នៃប្រជាជនយើងទាំងអស់គ្នា ហើយការទទួលបានការគ្រាំគ្រាផ្នែកផ្លូវកាយ និងផ្លូវចិត្តរបស់គាត់មានលក្ខណៈពិសេសមួយដោយសារតែមានការបន្សល់ទុកពីការធ្វើការហួសកម្លាំង ពីការបង្អត់អាហារ ពីការបែកបាក់គ្រួសារ ពីការភ័យរន្ធត់ជាដើម»។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជារូបនេះក៏លើកឡើងបន្ថែមទៀតថារដ្ឋាភិបាលបានចូលរួមនៅក្នុងការគាំពារសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដោយមានការទទួលបានសេវាកម្មព្យាបាលសុខភាពផ្លូវចិត្តនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពក្នុងស្រុកឃុំនីមួយៗ។ លោកបន្តថាដោយសារតែចំនួនអ្នករស់រានមានច្រើន ស្របពេលដែលមានធនធានអ្នកជំនាញ និងប្រជាពលរដ្ឋខ្លះរស់នៅឆ្ងាយពីទីប្រជុំជន វាបង្កជាផលលំបាកសម្រាប់ពួកគេទាំងនោះទទួលបានការព្យាបាលមួយដែលត្រឹមត្រូវ។
លោកថ្លែងថា៖ «ដូចជានៅភូមិខ្លះ ការផ្តល់សេវាកម្មសុខភាពនេះវាមិនអាចទៅដល់ព្រោះវាឆ្ងាយខ្លាំងពេក ដូចជានៅឆ្លងភ្នំ២-៣ នៅដាច់សង្វែង ផ្លូវមិនទាន់ទៅដល់ទោះបីមួយចំនួនទៅដល់ ប៉ុន្តែនៅកន្លែងខ្លះដែលមិនទាន់ទៅដល់។ ហើយអញ្ចឹងធ្វើឱ្យគាត់មិនបានទទួលនូវសេវាកម្មទាំងអស់នេះ រដ្ឋាភិបាលបានធ្វើរួចហើយ យើងគិតថាជំរុញបន្ថែមទៀត ហើយយកចិត្តទុកដាក់បន្ថែមបន្តិចទៀត ហើយយើងមិនបានបោះបង់ចោលនរណាម្នាក់»។
វីអូអេមិនទាន់សុំការអត្ថាធិប្បាយពីរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ឈាង រ៉ា និងអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាននៅឡើយទេ។
យ៉ាងណាមិញ ការសិក្សារបស់មជ្ឈមណ្ឌលឯកសារកម្ពុជាក៏បានផ្តល់នូវអនុសាសន៍មួយចំនួនផងដែរថាគួរតែមានសកម្មភាព គោលនយោបាយ ឬកម្មវិធីដែលមានគោលបំណងដោះស្រាយ និងផ្តល់សេវាថែទាំសុខភាពបន្ថែមដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បើតាមអនុសាសន៍នៅក្នុងការសិក្សានោះ តម្រូវឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះព័ត៌មាន សេវាកម្ម និងធនធានដែលគាំទ្រទម្លាប់ដែលមានសុខភាពល្អ និងគាំទ្រដល់សុខភាពផ្លូវចិត្តទៅក្នុងចំណោមអ្នករស់រានមានជីវិត និងក្រុមគ្រួសាររបស់ពួកគេ។
ការសិក្សានោះក៏ដាក់អនុសាសន៍ឱ្យមានការស្រាវជ្រាវបន្ថែមទៀត ដែលផ្តោតលើសហគមន៍អ្នករស់រានមានជីវិត ដែលអាចកំណត់គោលដៅនៅតំបន់បឹងទន្លេសាប តំបន់ទំនាបនៃប្រទេសកម្ពុជា តំបន់ផ្សេងទៀតនៃប្រទេសកម្ពុជា ដូចជាតំបន់អន្លង់វែងក្នុងខេត្តឧត្តរមានជ័យ ដែលជាអតីតតំបន់ខ្មែរក្រហមចុងក្រោយ៕
ការសិក្សាថ្មី៖ អ្នករស់រានពីរបបខ្មែរក្រហមម្នាក់ក្នុងចំណោម៤នាក់មានបញ្ហាសុខភាពផ្លូវចិត្ត
ភ្នំពេញ —