ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិក្ខាសាលាផ្សារភ្ជាប់និស្សិតពេទ្យកម្ពុជាជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម


សកម្មភាពរបស់សិស្សវេជ្ជសាស្រ្តនៅក្នុងសិក្ខាសិលារបស់និស្សិតវេជ្ជសាស្រ្ត ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។ (DC-Cam)
សកម្មភាពរបស់សិស្សវេជ្ជសាស្រ្តនៅក្នុងសិក្ខាសិលារបស់និស្សិតវេជ្ជសាស្រ្ត ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។ (DC-Cam)

និស្សិត​វេជ្ជ​សាស្រ្ត​កម្ពុជា​រាប់​សិប​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​កាល​ពី​ចុងខែ​កក្កដា ដើម្បី​រៀន​ពី​របៀប​ដែល​ពួក​គេ​អាច​ប្រើ​ប្រាស់​ជំនាញ​របស់​ពួក​គេ ​ក្នុង​ការ​ជួយ​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​រាប់​លាន​នាក់​ដែល​កំពុង​រស់​ក្នុង​ប្រទេស​កម្ពុជា ដែល​ភាគ​ច្រើន​កំពុង​ជួប​បញ្ហា​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។

មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) ដែល​ជា​ស្ថាប័ន​ផ្តល់​បណ្ណសារ និង​គាំពារ​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ បាន​រៀប​ចំ​សិក្ខា​សាលា​ក្នុង​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី ២៩ ​ខែកក្កដា​ ឆ្នាំ ២០២៣ ដើម្បី​អភិវឌ្ឍ​ភាព​ជា​អ្នក​ដឹកនាំ​ផ្នែក​សុខភាព ផ្សព្វផ្សាយ​និង​គូស​បញ្ជាក់​ពី​ការ​រួម​ចំណែក​ជា​វិជ្ជមាន ដែល​ពួក​គេ​អាច​ធ្វើ​ការ​ជាមួយ​នឹង​មនុស្ស​ចាស់​នៅ​កម្ពុជា។

យុវតី សារី អាមីរ៉ា និស្សិត​គិលានុបដ្ឋាយិកា​មក​ពី​សាកល​វិទ្យាល័យ​ន័រតុន បាន​ប្រាប់​វីអូអេ​ថា នាង​មាន​អារម្មណ៍​សប្បាយ​រីករាយ​ដែល​បានចូល​សិក្សា​សិក្ខា​សាលានេះ ​ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​អ្នក​រួច​ជីវិត​រស់​រាន​ពី​របប​ខ្មែរ​ក្រហម។ យុវតីរូបនេះ​មាន​អារម្មណ៍​អាណិត​អាសូរដល់​អ្នក​ដែល​នៅ​មាន​ជីវិត​តស៊ូ​ជាមួយ​ស្លាក​ស្នាម​ផ្លូវ​ចិត្ត​ពី​អំពើ​ប្រល័យ​ពូជ​សាសន៍។

កញ្ញា​ថ្លែង​ថា៖ «ក្រោយ​ពី​សិក្ខា​សាលា​នេះ​ហើយ ​ខ្ញុំ​នឹង​យក​ចំណេះ​ដឹង​ដែល​ខ្ញុំ​បាន​យល់​ដឹង​ថ្ងៃ​នេះ​ទៅ​អនុវត្ត​ក្នុង​ការងារ​វិជ្ជាជីវៈ​សុខា​ភិបាល និង​យក​ទៅ​ចែក​រំលែក​បន្ត​ដល់​មិត្តភក្តិ​ដែល​ពួក​គាត់​មិន​បាន​ចូលរួម​នៅ​ថ្ងៃ​នេះ»។

ទោះ​បី​រយៈ​ពេល​ ៣០ ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ដោយ​កម្ពុជា​បាន​ចាប់​ផ្តើម​វិល​មក​រក​សន្តិភាព​វិញ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០ ក្តី ក៏​ភាព​ខ្វះ​ខាត​នៃ​ការ​ទទួល​បាន​ការ​ថែ​ទាំ​សុខភាព​នៅ​ទូទាំង​ប្រទេស​នៅ​តែ​បន្ត​កើតមានឡើង ជា​ពិសេស​នៅ​តាម​តំបន់​ជនបទ ដែល​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ជា​ច្រើន​រស់​នៅ។ បើ​ទោះ​បី​ជា​របួស​នៃ​ផ្លូវ​ចិត្ត​បាន​ថយ​ចុះ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ក៏ដោយ ក៏​វានៅ​តែ​ដិត​ដាម​ក្នុង​ចិត្ត​របស់​ពួក​គេ​ទាំង​អស់​នោះ។

អ្នកស្រី សូ ហ្វារីណា អគ្គនាយករងនៃ មជ្ឈមណ្ឌលឯកសារកម្ពុជា ថ្លែងនៅក្នុងសិក្ខាសិលារបស់និស្សិតវេជ្ជសាស្រ្ត ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។ (DC-Cam)
អ្នកស្រី សូ ហ្វារីណា អគ្គនាយករងនៃ មជ្ឈមណ្ឌលឯកសារកម្ពុជា ថ្លែងនៅក្នុងសិក្ខាសិលារបស់និស្សិតវេជ្ជសាស្រ្ត ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។ (DC-Cam)

កញ្ញា សារី អាមីរ៉ា ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា សិក្ខា​សាលា​នេះ​បាន​ផ្តល់​ឱ្យ​នាង​នូវ​ការ​យល់​ដឹង​ថ្មី​មួយ​ អំពី​របៀប​ដែល​គ្រូ​ពេទ្យ​អាច​ទំនាក់​ទំនង​ជាមួយ​អ្នក​ជំងឺ និង​ជំងឺ​សំខាន់ៗ ដូច​ជា​ផ្លូវ​ចិត្ត និង​រាង​កាយ ដែល​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​បាន​ប្រឈម​មុខ។

យុវតី​រូប​នេះ​ថ្លែង​ថា៖ «ចំពោះ​សិក្ខា​សាលា​នេះ ​ខ្ញុំ​យល់​ថា​ល្អ​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ។ ហើយ​បាន​រៀន​ដឹង​ជា​ច្រើន​ក្នុង​សិក្ខា​សាលា​មួយ​នេះ ដូច​ជា​ការ​ពិបាក​ក្នុង​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ ហើយ​និង​ថា​តើ​ យើង​គួរ​មាន​ចំណុច​អ្វី​ខ្លះ​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ជំងឺ​មាន​ការ​ទុក​ចិត្ត​លើ​យើង​បាន​»។

កញ្ញា​បន្ថែម​ថា៖ «យល់​ដឹង​ពី​ការ​ប្រកប​ការងារ​ដោយ​វិជ្ជា​ជីវៈ របៀប​ក្នុង​ការ​ទំនាក់​ទំនង​ល្អ​ជាមួយ​អ្នក​ជំងឺ ធ្វើ​ការ​ប្រកប​ដោយ​សីលធម៌​ជាដើ​ម ។ ហើយ​មួយ​ទៀត​យល់​ដឹង​ពី​ជំងឺ​ទាំង​ ១០ ដែល​ភាគ​ច្រើន​កើត​ចំពោះ​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម»។

សិក្ខា​សាលា​លើក​ទី ​៣ ​របស់​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា ស្តី​ពី «ការ​លើក​កម្ពស់​សិទ្ធិ និង​ការ​លើក​កម្ពស់​សុខភាព​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម» ត្រូវ​បាន​ចូលរួម​ដោយ​សិស្សា​នុសិស្ស​ចំនួន ៤០ នាក់ មក​ពី​សាលា​ពេទ្យ​នានា​ទូទាំង​ទីក្រុង​ភ្នំពេញ។

សិក្ខា​សាលា​បាន​ធ្វើ​ឡើង​តាម​ការ​ស្ទង់​មតិ​ទូទាំង​ប្រទេស​កម្ពុជា ​ដែល​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​បាន​និយាយ​ទៅ​កាន់​អ្នក​រស់​រាន​មាន​ជីវិត​ប្រហែល ៣ម៉ឺន​២ពាន់​នាក់ ​ក្នុង​រយៈ​ពេល​ជាង​មួយឆ្នាំ។ អ្នក​ស្ម័គ្រ​ចិត្ត​នៃ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា បាន​រក​ឃើញ​ជំងឺ​រ៉ាំ​រ៉ៃ​ចំនួន ១០ ក្នុង​ចំណោម​អ្នក​រស់​រាន​មាន​ជីវិត រួម​មាន ជំងឺ​លើស​ឈាម ក្រពះ គ្រុន​ចាញ់ ជំងឺ​ផ្លូវចិត្ត ជំងឺ​សរសៃ​ឈាមបេះ​ដូង ជំងឺ​សន្លាក់ ជំងឺ​ហឺត​ធ្ងន់ធ្ងរ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​របេង និង​ឃ្លង់។

យុវជន ហុង ប៉េងគី អាយុ ១៩ ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី ២ ផ្នែក​មន្ទីរ​ពិសោធន៍​នៃ​សាកល​វិទ្យាល័យ​ចេនឡា​ បាន​ប្រាប់​វីអូអេ​ថា​ លោក​មាន​អារម្មណ៍​បំផុស​គំនិត​ក្នុង​ការ​ជួយ​ការ​ថែ​ទាំ​សុខភាព​ដល់​អ្នក​រស់​រាន​មាន​ជីវិត​រាប់​លាន​នាក់​ដែល​ត្រូវ​ការ​វា​យ៉ាង​ខ្លាំង។

លោក​ថ្លែង​ថា​៖ «សម្រាប់​ការ​ព្យាបាល​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ យើង​គិត​ថា​ នៅ​តំបន់​ដាច់​ស្រយាល​អត់​មាន​មន្ទីរពេទ្យ​នៅ​ជិត​ផ្ទះ​ទេ ដូច្នេះ​យើង​ត្រូវ​ទៅ​តំបន់​ទាំង​នោះ។ យើង​ត្រូវ​តែ​ផ្តល់​ដំបូន្មាន ដើម្បី​ជួយ ឱ្យ​គាត់​ពី​របៀប​ថែរក្សា​សុខភាព​។ យើង​អាច​ស្ម័គ្រ​ចិត្ត​ជួយ​ព្យាបាល​គាត់ ចែក​រំលែក​ទៅ​សហគមន៍​យើង​ជួយ​ឱ្យ​មាន​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ផ្សេង​ទៀត​ដែល​មាន​ចំណាប់​អារម្មណ៍​ទៅ​ជួយ​អ្នក​នៅ​តំបន់​ដាច់​ស្រយោល»។

លោក ហុង ប៉េងគី អាយុ១៩ឆ្នាំ និស្សិតឆ្នាំទី២ ផ្នែកមន្ទីរពិសោធន៍ នៃសកលវិទ្យាល័យចេនឡា ផ្តល់កិច្ចសម្ភាសន៍ជាមួយវីអូអេ នៅក្នុងសិក្ខាសិលារបស់និស្សិតវេជ្ជសាស្រ្ត ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
លោក ហុង ប៉េងគី អាយុ១៩ឆ្នាំ និស្សិតឆ្នាំទី២ ផ្នែកមន្ទីរពិសោធន៍ នៃសកលវិទ្យាល័យចេនឡា ផ្តល់កិច្ចសម្ភាសន៍ជាមួយវីអូអេ នៅក្នុងសិក្ខាសិលារបស់និស្សិតវេជ្ជសាស្រ្ត ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

អ្នកស្រី សូ ហ្វារីណា អគ្គ​នាយក​រង​នៃ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា បាន​ប្រាប់​វីអូអេ​ថា មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​សង្ឃឹម​ថា ​និស្សិត​ពេទ្យ​នឹង​ដើរ​តួ​ជា​អ្នក​ដឹក​នាំ​ក្នុង​ការ​ព្យាបាល​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម យល់​ពី​របៀប​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​អ្នក​ជំងឺ​វ័យ​ចំ​ណាស់ និង​ស្គាល់​ពី​ស្ថានភាព​សុខភាព​របស់​ពួក​គេ។

អ្នកស្រី​ថ្លែង​ថា៖ «យើង​ក៏​ផ្តោត​លើ​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​ផង​ដែរ ពី​ព្រោះ​យើង​ឃើញ​ថា​មាន​កត្តា​ជា​ច្រើន​ដែល​រួម​ចំណែក​ដល់​ការ​ថែ​ទាំ​សុខភាព ដូច​ជា​បញ្ហា​សុខភាព ធនធាន បរិស្ថាន​ជុំវិញ ហើយ​និង​ថា​តើ​យើង​ត្រូវ​ក្នុង​នាម​ជា​និស្សិត​ពេទ្យ​ហ្នឹង ថា​តើ​យើង​ត្រូវ​បណ្តុះ​ខ្លួន​យើង​យ៉ាង​ម៉េច​ឱ្យ​ក្លាយ​ជា​គ្រូ​ពេទ្យ​ដ៏​ល្អ»។

អ្នកស្រី​បាន​បន្ថែម​ថា​៖ «​យើង​ហៅ​ថាការ​ប៉ះ​ទង្គិច​ដល់​ផ្លូវ​ចិត្ត​គាត់ ដោយសារ​បញ្ហា​ផ្សេងៗ​នៃ​ជំនាន់​ហ្នឹង តាំង​ពីការងារ​បាក់​កម្លាំង ក៏​ដូច​ជាការកាប់សម្លាប់​សមាជិក​គ្រួសារ​របស់​គាត់ ឬ​អ្វី​ដែល​គាត់បាន​ឃើញ​»​។

នៅ​ថ្ងៃ​ទី១៩ ខែ​សីហាខាងមុខ មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​នឹង​រៀប​ចំ​សិក្ខា​សាលា​លើក​ទី​ ៤ ដើម្បី​ជួយ​ពង្រីក​ចំណេះ​ដឹង​របស់​និស្សិត​ពេទ្យ ស្តី​ពី​ស្ថាន​ភាព​សុខភាព​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម និង​ពង្រឹង​ភាព​ជា​អ្នក​ដឹក​នាំ និង​ក្តី​មេត្តា​ចំពោះ​ជន​រង​គ្រោះ ឬ​អ្នក​ជំងឺ។

មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​អំពើ​ឃោរ​ឃៅ​របស់​ខ្មែរ​ក្រហម និង​ធ្វើ​ការ​ជាមួយ​អ្នក​រស់​រាន​មាន​ជីវិត​អស់​រយៈ​ពេល​ជិត​ពីរ​ទសវត្សរ៍​មក​ហើយ។ គម្រោង​ថែ​ទាំ​សុខភាព​បាន​របស់​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ចាប់​ផ្តើម​ឡើង​នៅ​ឆ្នាំ ២០២១ និង​ភ្ជាប់​អ្នក​ស្ម័គ្រ​ចិត្ត​វ័យ​ក្មេង​ជាមួយ​អ្នក​រស់​រាន​មាន​ជីវិត​នៅ​ទូទាំង​ប្រទេស​ដើម្បី​ចង​ក្រង​រឿង​របស់​ពួក​គេ ឆ្លើយ​តបទៅ​នឹង​ការ​ស្ទង់ មតិ​សុខភាព និង​ផ្តល់​លទ្ធភាព​ទទួល​បាន​ការ​ថែ​ទាំ​វេជ្ជសាស្រ្ត​នៅ​ក្នុង​គ្លីនិក​ចំនួន ៤៨ នៅ​ទូទាំង​ប្រទេស។

អ្នក​នៅ​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ជា​ច្រើន​សង្ឃឹម​ថា សាលា​ក្តី​ខ្មែរ​ក្រហម​នឹង​តម្រូវ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​ការ​ថែ​ទាំ​សុខភាព​ជា​ផ្នែក​នៃ​សំណង​ដែល​ផ្តល់​ដល់​ «ដើម​បណ្តឹង​រដ្ឋ​ប្បវេណី» ចំពោះ​ការ​កាត់​ក្តី​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ដែល​សាលា​ក្តី​បាន​បញ្ចប់​ទៅ​កាល​ពីឆ្នាំ​មុន វាច្បាស់​ណាស់​ថា តម្រូវ​ការ​ថែ​ទាំ​សុខភាព​ជា​ច្រើន​របស់​ពួក​គេ​នឹង​នៅ​តែ​មិន​អាច​បំពេញ​បាន។

លោក Michael Karnavas អតីត​មេធាវី​ការពារ​ក្តី​ឧក្រិដ្ឋជន​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម ​បាន​សរសេរ​ក្នុង​ឯកសារ​ស្រាវជ្រាវ​មួយ​ថា៖ «សាលា​ក្តី​នេះ​មិន​អាច​ដាក់​កាតព្វកិច្ច​ផ្លូវ​ច្បាប់​លើរ​ដ្ឋា​ភិបាល​កម្ពុជា​បាន​ទេ ហើយ​តុលា​ការ​ខ្វះ​ធនធាន​ដើម្បី​បំពេញ​កាតព្វកិច្ច​បែប​នេះ»។

សិក្ខា​សាលា​នេះ​ក៏​មាន​វាគ្មិន​ជំនាញ​ជា​ច្រើន​រូប​ចូល​រួម​ផង​ដែរ​ ដោយ លោក​វេជ្ជ​បណ្ឌិត Demosthenes C. Reyes ដែល​ផ្តល់​សេវា​វេជ្ជ​សាស្រ្ត​នៃ​កម្មវិធី​ «ការ​លើក​កម្ពស់​សិទ្ធិ និង​ការ​លើក​កម្ពស់​សុខភាព​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម» របស់​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា បាន​ប្រាប់​និស្សិត​ពេទ្យ​ថា ភាព​ស្មោះ​ត្រង់​ចំពោះ​អ្នក​ជំងឺ គឺ​ជា​គន្លឹះ​ក្នុង​ការ​កសាង​ទំនាក់​ទំនង និង​ទំនុក​ចិត្ត​ដ៏​ល្អ។

លោក​ថ្លែង​ថា៖ «ដូច្នេះ​ក្នុង​នាម​ជា​វេជ្ជបណ្ឌិត អ្នក​ត្រូវ​តែ​តស៊ូ​ដើម្បី​ការ​ពិត និង​ការ​ព្យាបាល​ត្រឹម​ត្រូវ។ ប្រសិន​បើ​អ្នក​មិន​ប្រាកដ​ទេ ចូរ​ផ្តល់​វា​ទៅ​អ្នក​ដទៃ​ដែល​ពិត​ជា​ជំនាញ​លើ​រឿង​នេះ ប៉ុន្តែ​ប្រសិន​បើ​អ្នក​អាច​ធ្វើ​បាន ចូរ​ធ្វើ​វា​ព្រោះ​វា​ជា​រឿង​ត្រឹម​ត្រូវ​ដែល​ត្រូវ​ធ្វើ»៕

XS
SM
MD
LG