ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានរំលោភច្បាប់ចាយវាយថវិការបស់ប្រទេសនេះកាលពីឆ្នាំមុន នៅពេលដែលលោកផ្អាកជាបណ្ដោះអាសន្នការផ្តល់នូវទឹកប្រាក់ចំនួន៣៩១លានដុល្លារ ជាជំនួយយោធាដែលសភាសហរដ្ឋអាមេរិកបានអនុម័តរួចហើយ ទៅឱ្យប្រទេសអ៊ុយក្រែន ទន្ទឹមពេលដែលលោកបានដាក់សម្ពាធលើរដ្ឋាភិបាលក្រុងកៀវ ឱ្យបើកការស៊ើបអង្កេតមួយ ដើម្បីផ្ដល់ប្រយោជន៍ខាងនយោបាយដល់រូបលោកផ្ទាល់។ នេះបើយោងសេចក្ដីសន្និដ្ឋាននៃរបាយការណ៍របស់ទីភ្នាក់ងារឃ្លាំមើលរដ្ឋាភិបាលមួយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ សេចក្ដីសន្និដ្ឋាននេះ គឺស្ថិតនៅចំណុចស្នូលក្នុងសំណុំរឿងចោទប្រកាន់ដកតំណែងមេដឹកនាំសហរដ្ឋអាមេរិករូបនេះ។
លោក ត្រាំ បានបញ្ចេញប្រាក់ជំនួយយោធានេះ ដែលប្រទេសអ៊ុយក្រែនចង់បានជំនួយនេះ ដើម្បីជួយវាយប្រយុទ្ធក្រុមផ្ដាច់ខ្លួនដែលគាំទ្រប្រទេសរុស្សី នៅប៉ែកខាងកើតប្រទេសអ៊ុយក្រែន កាលពីខែកញ្ញា បន្ទាប់ពីបានផ្អាកប្រាក់ជំនួយនេះអស់រយៈពេល៥៥ថ្ងៃ ដោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) មិនបានបើកការស៊ើបអង្កេតលើអតីតអនុប្រធានាធិបតី លោក ចូ បាយដិន (Joe Biden) ដែលជាគូប្រជែងនយោបាយកំពូលម្នាក់ខាងគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតឆ្នាំ២០២០នេះទេ។ ប្រធានាធិបតីអ៊ុយក្រែន ក៏មិនបានស៊ើបអង្កេតលើការងារដែលបានប្រាក់កម្រៃដ៏ច្រើនរបស់កូនប្រុសលោកបាយដិន គឺលោក ហាន់ធើ បាយដិន (Hunter Biden) ដែលបម្រើការងារឱ្យក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នធម្មជាតិមួយរបស់អ៊ុយក្រែននោះដែរ។
ប៉ុន្តែ ការិយាល័យគណនេយ្យភាពរដ្ឋាភិបាល (Government Accountability Office ឬហៅកាត់ថា GAO) បានចេញសេចក្ដីសម្រេច ក្រោយពីការស៊ើបអង្កេតរបស់ខ្លួនថា៖ «ការអនុវត្តច្បាប់ដោយសុចរិត មិនបានអនុញ្ញាតឱ្យលោកប្រធានាធិបតី ជំនួសអាទិភាពនៃគោលនយោបាយដែលសភាបានអនុម័តជាច្បាប់រួចហើយ ដោយអាទិភាពនៃគោលនយោបាយរបស់លោកផ្ទាល់នោះទេ»។
ទីភ្នាក់ងារឃ្លាំមើលរដ្ឋាភិបាលនេះ បានបញ្ជាក់ថា ទីភ្នាក់ងារចាត់ចែងថវិកាសហរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយរដ្ឋបាលលោកត្រាំ បានរាំងខ្ទប់ការបញ្ចេញទឹកប្រាក់ជំនួយយោធានោះ «ដោយសារមូលហេតុគោលនយោបាយ» ដែលច្បាប់សហរដ្ឋអាមេរិក មិនបានអនុញ្ញាតឱ្យធ្វើដូច្នេះឡើយ។
សេចក្ដីសម្រេចរបស់ GAO ដែលជាទីភ្នាក់ងារសវនកម្ម ស៊ើបអង្កេតនិងវាយតម្លៃរបស់សភាសហរដ្ឋអាមេរិក បានធ្វើឡើង មិនដល់ពីរម៉ោងផង មុនការចាប់ផ្ដើមជាផ្លូវការនៃនីតិវិធីការជំនុំជម្រះនៅព្រឹទ្ធសភាសហរដ្ឋអាមេរិក ដើម្បីសម្រេចថា តើត្រូវដកតំណែងលោកប្រធានាធិបតី ត្រាំ ឬអត់ ក្រោមបទចោទប្រកាន់ចំនួនពីរករណី។
ករណីទី១គឺការចោទថា លោកត្រាំ បានបំពានអំណាចក្នុងនាមជាប្រធានាធិបតី ដោយការព្យាយាមឱ្យលោក Zelenskiy បើកការស៊ើបអង្កេតលើលោក Biden និងកូនប្រុសរបស់លោក ស្របពេលដែលមានផ្អាកការផ្ដល់ជំនួយយោធានោះ។ ករណីទី២ គឺការចោទប្រកាន់ពីបទរារាំងកិច្ចប្រឹងប្រែងរបស់សភាក្នុងការស៊ើបអង្កេតទង្វើរបស់លោកត្រាំ ទាក់ទងនឹងប្រទេសអ៊ុយក្រែន។
ដោយសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋមានសំឡេងភាគច្រើនគឺ៥៣ទល់នឹង៤៧នោះ គេរំពឹងថា លោក ត្រាំ នឹងត្រូវលើកលែងការចោទប្រកាន់ ហើយនឹងបន្តកាន់តំណែងតទៅទៀត ដោយសារតែការកាត់ទោសចំពោះបទចោទណាមួយក្នុងករណីទាំងពីរនេះ និងការដកលោកត្រាំចេញពីតំណែង ត្រូវការសំឡេងភាគច្រើន២ភាគ៣។
សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋខ្លះ បានរិះគន់ទង្វើរបស់លោកត្រាំ ដែលចង់ឱ្យមានការស៊ើបអង្កេតលោក Biden និងកូនប្រុសរបស់លោក តែគ្មានសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋណាម្នាក់ បានអំពាវនាវឱ្យមានការកាត់ទោសលោកត្រាំ និងការដកលោកចេញពីតំណែងនោះទេ។
លោកត្រាំ នៅកាន់តំណែងជាប្រធានាធិបតី មិនដល់មួយឆ្នាំទៀតទេ មុនពេលលោកត្រូវប្រឈមមុខនឹងអ្នកបោះឆ្នោតម្ដងទៀតក្នុងការបោះឆ្នោតជាតិនៅខែវិច្ឆិកា ខណៈដែលលោកព្យាយាមយកជ័យជម្នះសម្រាប់អាណត្តិទី២ក្នុងសេតវិមាន(គណៈរដ្ឋមន្ត្រីសហរដ្ឋអាមេរិក)។
ប៉ុន្តែ សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យខ្លះ បានប្រញាប់ប្រញាល់ភ្ជាប់របាយការណ៍របស់ GAO នោះ នៅពេលដែលភស្តុតាងកាន់តែច្រើន បានគាំទ្រការចោទប្រកាន់លើលោកត្រាំថាបានបំពានអំណាច។
សមាជិកព្រឹទ្ធសភាលោក គ្រីស្ត វែនហូឡិន (Chris Van Hollen) មកពីរដ្ឋMaryland បានប្រាប់បណ្ដាញព័ត៌មានទូរទស្សន៍ CNN ថា៖
«របាយការណ៍របស់ GAO នេះ ប្រាកដជានឹងក្លាយជាផ្នែកមួយនៃការជំនុំជម្រះដោយព្រឹទ្ធសភា។ របាយការណ៍បង្ហាញថា លោកប្រធានាធិបតី បានរំលោភច្បាប់សហរដ្ឋអាមេរិក។ លោកប្រធានាធិបតី បានបំពានអំណាចរបស់លោកដោយទង្វើខុសច្បាប់នេះ»។
តំណាងរាស្ត្រចំនួន៧នាក់ ដែលគេហៅថា ក្រុមរដ្ឋអាជ្ញាពីរដ្ឋសភាដែលដឹកនាំការកាត់ទោសដកតំណែងប្រធានាធិបតី ឬ impeachment managers អ្នកគ្រប់គ្រងសំណុំរឿងប្រឆាំងលោក ត្រាំ។ ពួកគេបានប្រគល់ជូនជាផ្លូវការនូវបទចោទប្រកាន់ដកតំណែងលោកប្រធានាធិបតី ក្នុងរដ្ឋសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍។
ប្រធានគណៈកម្មការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភា លោក អាដាំ ស៊ីហ្វ (Adam Schiff ) ដែលស្ថិតក្នុងចំណោមតំណាងរាស្ត្រទាំង៧រូបនោះ បានអានបទចោទប្រកាន់ទាំងពីរករណី ប្រឆាំងនឹងប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក នៅក្នុងសាលព្រឹទ្ធសភា។
សវនាការដកតំណែងប្រធានាធិបតីដែលធ្វើឡើងដោយព្រឹទ្ធសភាដ៏កម្រនេះ នឹងក្លាយជាសវនាការលើកទី៣ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកក្នុងរយៈពេលជិត២៥០ឆ្នាំមកនេះ។
កាលពីថ្ងៃព្រហស្បតិ៍ផងដែរ ប្រធានតុលាការកំពូលសហរដ្ឋអាមេរិក លោក ចន រ៉ូប៊តស៍ (John Roberts) បានស្បថ ធ្វើជាប្រធានក្រុមជំនុំជម្រះក្នុងសវនាការលើលោកត្រាំ ហើយលោកRoberts ក៏បានដឹកនាំពិធីសម្បថសម្រាប់សមាជិកព្រឹទ្ធសភាទាំង១០០នាក់ ដែលនឹងធ្វើជាចៅក្រម ដើម្បីសម្រេចជោគវាសនារបស់លោកត្រាំ។
ដោយពិធីបើកជាផ្លូវការនៃនីតិវិធីជំនុំជម្រះនេះបានប្រព្រឹត្តរួចហើយនោះ ការជំនុំជម្រះដោយព្រឹទ្ធសភាដើម្បីសម្រេចថាតើត្រូវដកតំណែងលោកត្រាំឬអត់នេះ នឹងចាប់ផ្ដើមយ៉ាងពិតប្រាកដ នៅថ្ងៃអង្គារទី២១ខែមករានេះ ចាប់ពីម៉ោង១រសៀលម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន ។
មន្ត្រីសេតវិមាន ព្យាករណ៍ថា ដំណើរការជំនុំជម្រះនេះ នឹងមានរយៈពេលមិនលើសពីពីរសប្ដាហ៍នោះទេ ហើយថា លោកត្រាំ នឹងត្រូវគេសម្រេចឱ្យរួចផុតពីការចោទប្រកាន់យ៉ាងឆាប់រហ័ស។ ប៉ុន្តែ ដំណើរការជំនុំជម្រះនេះ អាចអូសបន្លាយពេលយូរជាងនេះ បើសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ អាចបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋបានយ៉ាងតិច៤នាក់ ឱ្យបោះឆ្នោតស្របតាមពួកគេ ដើម្បីកោះហៅសាក្សីថ្មីៗ ដែលមិនបានធ្វើកសិណសាក្សីក្នុងអំឡុងពេលរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានស៊ើបអង្កេតអស់ជាច្រើនសប្ដាហ៍កន្លងមកនោះ។
សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យ ចង់សាកសួរអតីតទីប្រឹក្សាសន្តិសុខជាតិលោក ចន បុលថុន (John Bolton) និងនាយខុទ្ទកាល័យសេតវិមាន លោក Mick Mulvaney អំពីការណ៍ថា តើពួកគេបានដឹងអ្វីអំពីសកម្មភាពរបស់លោកត្រាំ ដែលដាក់សម្ពាធលើប្រទេសអ៊ុយក្រែន ឱ្យស៊ើបអង្កេតលោក Biden និងកូនប្រុសរបស់លោកដែរឬទេ។
ចំណែកឯ សមាជិករដ្ឋសភាខ្លះខាងគណបក្សសាធារណរដ្ឋវិញ និយាយថា បើមន្ត្រីទាំងនោះត្រូវបានសាកសួរមែន ពួកគេក៏ចង់កោះហៅទាំងលោកBiden ទាំងកូនប្រុសរបស់លោក ឬម្នាក់ក្នុងចំណោមអ្នកទាំងពីរ ព្រមទាំងអ្នកលួចផ្ដល់ព័ត៌មានសម្ងាត់ដែលរហូតមកដល់ពេលនេះនៅមិនទាន់ត្រូវបានបង្ហាញអត្តសញ្ញាណនៅឡើយនោះផងដែរ។
អ្នកលួចផ្ដល់ព័ត៌មានសម្ងាត់នោះ បានលាតត្រដាងមុនគេនូវសំណើរបស់លោកត្រាំកាលពីថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០១៩ ដល់លោក Zelenskiy ឱ្យ «ជួយយើងរឿងមួយ» ដោយស៊ើបអង្កេតលោកBiden និងកូនប្រុសរបស់លោក។
ការបញ្ចេញកំណត់ហេតុជាលាយលក្ខណ៍អក្សរដោយមានការលុបព័ត៌មានច្រើនអន្លើ នៃការសន្ទនារបស់លោកត្រាំជាមួយមេដឹកនាំអ៊ុយក្រែនរូបនោះ បានបង្ហាញពីការណ៍ពិតជាមូលដ្ឋានថា ពាក្យបណ្ដឹងប្រឆាំងលោក ត្រាំ ដែលបានដាក់ដោយអ្នកលួចផ្ដល់ព័ត៌មានសម្ងាត់នោះ ពិតជាត្រឹមត្រូវមែន។
ពាក្យបណ្ដឹងនោះ បញ្ជាក់ថា លោក ត្រាំ បានព្យាយាមស្វះស្វែងរកការស៊ើបអង្កេតលើគូប្រជែងនយោបាយ ទោះបីជាលោក ត្រាំ បានអះអាងផ្ទុយពីនេះក៏ដោយ។
ខណៈដែលដំណើរការចោទប្រកាន់ដកតំណែងប្រធានាធិបតី កំពុងពុះកញ្ជ្រោលក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោកត្រាំ បានសើចចំអកស្ទើរតែរៀងរាល់ថ្ងៃ ដល់កិច្ចប្រឹងប្រែងរបស់គណបក្សប្រជាធិបតេយ្យដែលបានតម្រង់គោលដៅលើរូបលោក ដោយលោកបានហៅការស៊ើបអង្កេតនេះថាអយុត្តិធម៌និងជាល្បិចឆ្ពិនភ្នែក។
ប៉ុន្តែ ពេលដែលក្រុមតំណាងរាស្ត្រដែលបានដំណើរការសំណុំរឿងចោទប្រកាន់លើរូបលោកក្នុងរដ្ឋសភា បានធ្វើដំណើរដល់ព្រឹទ្ធសភាហើយនោះ លោកត្រាំ លែងមាត់ករអំពីរឿងនេះតាមបណ្ដាញ Twitter តទៅទៀត។
មេដឹកនាំសមាជិកព្រឹទ្ធសភាសំឡេងភាគច្រើនមកពីគណបក្សសាធារណរដ្ឋគឺ លោក មីត ម៉ាក់ខូនែល (Mitch McConnell) បានកំណត់វិធានចុងក្រោយកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីការអានបទចោទប្រកាន់ទាំងពីរករណីប្រឆាំងនឹងលោកត្រាំ ហើយការស្បថរបស់សមាជិកព្រឹទ្ធសភា ចូលតួនាទីជាសមាជិកគណៈវិនិច្ឆ័យ (jurors) ដែលជំហានបន្ទាប់នោះរួមមានការជូនដំណឹងជាផ្លូវការដល់សេតវិមាន និង«កោះហៅប្រធានាធិបតី ឱ្យមកឆ្លើយតបនឹងបទចោទទាំងពីរ ហើយបញ្ជូនក្រុមមេធាវីការពារក្ដីរបស់លោកមកចូលរួម»។
ប្រធានរដ្ឋសភា អ្នកស្រី នែនស៊ី ប៉េឡូស៊ី (Nancy Pelosi) បានចុះហត្ថលេខាលើបទចោទប្រកាន់ទាំងពីរករណីនៅក្នុងពិធីមួយកាលពីថ្ងៃពុធ ដោយបានរុញដំណើរការចោទប្រកាន់ដកតំណែងប្រធានាធិបតីនេះទៅមុខទៀត ក្រោយពីវាបានត្រូវពន្យារពេលប្រហែល១ខែ នៅពេលដែលក្រុមតំណាងរាស្ត្រខាងគណបក្សប្រជាធិបតេយ្យ បានព្យាយាមឱ្យថ្នាក់ដឹកនាំព្រឹទ្ធសភាយល់ព្រមលើការអនុញ្ញាតឱ្យមានសក្ខីកម្មពីសាក្សីថ្មីៗទៀតក្នុងអំឡុងពេលសវនាការក្នុងព្រឹទ្ធសភា។
លោក McConnell បានប្រឆាំងនឹងការកោះហៅសាក្សីនានា ដោយលោកនិយាយថា ការសម្រេចចិត្តនេះ នឹងត្រូវធ្វើឡើងក្នុងពេលសវនាការផ្ទាល់។
ខណៈពេលអ្នកស្រី Pelosi បានប្រកាសតែងតាំងក្រុមរដ្ឋអាជ្ញាពីរដ្ឋសភាដែលដឹកនាំការកាត់ទោសដកតំណែងប្រធានាធិបតីត្រាំ នៅក្នុងសន្និសីទកាសែតពេលព្រឹកមួយ លោកត្រាំ បានសរសេរតាម Twitterថា ការចោទប្រកាន់ដកតំណែងនេះ គឺជា «ការកុហកដោយពួកប្រជាធិបតេយ្យដែលគ្មានធ្វើអ្វីសោះ»។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោកត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា សេតវិមានបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការជំនុំជម្រះនេះ «ដោយសារការពិតច្រើនលើសលប់បង្ហាញថាលោកប្រធានាធិបតី មិនបានធ្វើអ្វីខុសទេ»។
អ្នកនាំពាក្យសេតវិមាន អ្នកស្រី ស្ទីហ្វានី ហ្គ្រីសហ៊ែម (Stephanie Grisham) បាននិយាយថា លោកត្រាំ «ទន្ទឹងរង់ចាំទទួលបានសិទ្ធិត្រឹមត្រូវតាមនីតិវិធីច្បាប់ក្នុងព្រឹទ្ធសភា ដែលសិទ្ធិនេះ ត្រូវបានបដិសេធដល់លោកដោយប្រធានរដ្ឋសភា អ្នកស្រី Pelosi និងតំណាងរាស្ត្រខាងគណបក្សប្រជាធិបតេយ្យ ហើយរំពឹងថា លោកនឹងត្រូវប្រកាសឱ្យរួចផុតពីការចោទប្រកាន់ទាំងស្រុង»។
នេះគឺសវនាការលើកទី៣ហើយក្នុងប្រវត្តិសាស្ត្រ២៤៤ឆ្នាំរបស់សហរដ្ឋអាមេរិក ដែលប្រធានាធិបតីត្រូវបានចោទប្រកាន់ដកតំណែងជាផ្លូវការ។
អតីតប្រធានាធិបតីលោក អែនឌ្រូ ចនសុន (Andrew Johnson) ត្រូវបានរដ្ឋសភាចោទប្រកាន់ដកតំណែងប្រធានាធិបតីនៅឆ្នាំ១៨៦៨ ហើយលោក ប៊ីល គ្លីនតុន (Bill Clinton) ត្រូវបានចោទប្រកាន់បែបនេះដែរនៅឆ្នាំ១៩៩៨ ប៉ុន្តែ លោកទាំងពីរ ត្រូវបានប្រកាសឱ្យរួចផុតពីការចោទប្រកាន់ក្នុងសវនាការរបស់ព្រឹទ្ធសភា។
ប្រធានាធិបតីសហរដ្ឋអាមេរិកម្នាក់ទៀត គឺលោក រីឆាត នីកសុន (Richard Nixon) បានលាលែងពីតំណែងនៅឆ្នាំ១៩៧៤ ពេលលោកប្រឈមនឹងការចោទប្រកាន់ដកតំណែងយ៉ាងប្រាកដប្រជា ដោយសាររឿងអាស្រូវពុករលួយនយោបាយ Watergate៕
ប្រែសម្រួលដោយ សាយ មុន្នី