របាយការណ៍ថ្មី​ថា ជំងឺកូវីដ​១៩​ប៉ះពាល់​ខ្លាំង​ដល់​កិច្ចប្រឹងប្រែង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ជុំវិញ​ពិភពលោក

រូបឯកសារ៖ សម្លៀកបំពាក់ និង​របស់របរ​ផ្សេងៗ​របស់​ពលករ​ឥណ្ឌា​ព្យួរ​នៅ​ខាងលើ​នៅពេល​ពួកគេ​សម្រាក​នៅក្រោម​ដើមឈើ ដែល​ពួកគេ​រស់នៅ​តាមដងផ្លូវ​ក្នុង​ទីក្រុង Ahmadabad នៃ​ប្រទេស​ឥណ្ឌា កាលពីថ្ងៃ​ទី១៩ ខែមករា ឆ្នាំ២០១៦។

របាយការណ៍​ប្រចាំឆ្នាំ​ដែល​មាន​ឈ្មោះ​ថា Goalkeepers បាន​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ជិត​៣៧​លាន​នាក់ នៅ​ជុំវិញ​ពិភព​លោក បាន​ធ្លាក់​ក្នុង​ភាព​​​ក្រីក្រ​ដ៏​ខ្លាំង​ ចាប់តាំងពី​មាន​ការរាត​ត្បាត​នៃ​ជំងឺ​កូវី​ដ​១៩​មក ជាមួយ​នឹង​កំណើន​ឡើង​​ប្រមាណ​៧% ​ក្នុង​រយៈ​ពេល​​​ត្រឹម​​ពីរ ​ឬ ​បី​ខែ​ ​ចុង​ក្រោយ​នេះ។

របាយ​ការណ៍ថ្មី​មួយ​និយាយ​ថា​ ការ​រាតត្បាតនៃជំងឺ​កូវីដ​១៩ បាន​ធ្វើ​ឲ្យ​យឺតយ៉ាវ​នូវ​ដំណើរការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​ដំណើរការ​សុខភាពនៅ​ជុំវិញ​ពិភពលោក។​

របាយការណ៍​ប្រចាំ​ឆ្នាំ​ដែល​មាន​ឈ្មោះ​ថា​ Goalkeepers​ បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ចំនួនជិត​៣៧​លាន​នាក់ នៅ​ជុំវិញ​ពិភព​លោក ​បាន​ធ្លាក់​ក្នុង​ភាព​ក្រីក្រដ៏​ខ្លាំង​ ចាប់​តាំង​ពី​មានការ​រាត​ត្បាត​នៃ​ជំងឺ​កូវី​ដ​១៩​មក ជាមួយ​នឹង​កំណើន​ឡើងប្រមាណ​៧% ​ក្នុង​រយៈ​ពេល​ត្រឹមពីរ ​ឬ ​បី​ខែ​ ​ចុង​ក្រោយ​នេះ។ របាយការណ៍​នេះចេញ​ផ្សាយ​ដោយ​មូលនិធិ Bill and Melinda Gates ដែល​ជា​មូលនិធិបង្កើត​ឡើង​ដោយ​ មហាសេដ្ឋី​ស្ថាបនិក​ក្រុម​ហ៊ុន Microsoft​ លោក Bill Gates និង​ភរិយា​របស់​លោក។

ទន្ទឹម​នឹង​នេះ​ចំនួន​ភាគរយ​នៃ​កុមារ​ដែលទទួល​វ៉ាក់សាំង​ទៀង​ទាត់ សម្រាប់​ជំងឺ​ផ្សេងៗ​ដូច​ជា​ជំងឺ​កញ្រ្ជិល​និង​រោគ​ខាន់​ស្លាក់​ជា​ដើម បាន​ធ្លាក់ចុះពី​ចំនួន​ខ្ពស់បំផុត៨០​%​ កាល​ពី​ឆ្នាំ​ទៅ​ មក​នៅ​ត្រឹម​៧០% ក្នុង​ឆ្នាំ​២០២០​ នេះ​ ដែល​ចំនួន​ធ្លាក់ចុះ​នេះ​មិនដែល​ធ្លាប់​មាន​ពី​មុន​ទេ​ ចាប់​តាំង​ពីទសវត្ស​រ៍​១៩៩០​ មក។​ ​

​លោក Bill Gates បាន​ទទួល​ស្គាល់​ដំណើរ​ថយ​ក្រោយ​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ នៅក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មានThe New York Times ប៉ុន្តែ​លោក​បង្ហាញ​ពីសុទិដ្ឋិនិយម​ថា​ ពិភព​លោក​ទាំង​មូល​នឹង​រើប​ឡើង​វិញ​ពី​ផល​ប៉ះ​ពាល់​ ក្នុង​រយៈពេល​២​ ឬ​ ៣​ឆ្នាំ​ទៀត។

លោក​ថា​ នៅ​ពេលនោះចំណូល​ពី​វិស័យ​ទេសរណ៍​ និង​ការ​ផ្ញើ​ប្រាក់​ពី​សាច់​ញាតិ​ដែល​ធ្វើ​ការ​នៅ​បរទេស​ កើត​មា​នឡើង​វិញ​ ហើយ​ការ​ផ្តល់​ប្រាក់​កម្ចី​របស់​ធនាគារ​ពិភពលោក​ នឹង​ចាប់​ផ្តើម​ឡើង​វិញជា​ថ្មី​ម្តង​ទៀត នៅ​ពេល​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​បាន​ទទួល​ការចាក់​វ៉ាក់សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩​ ដែល​លោក​ទស្សន៍​ទាយ​ថា​ អាច​កើត​មាន​យ៉ាង​យូរត្រឹមឆ្នាំដំណាច់​ឆ្នាំ​២០២២​ខាង​មុខ​នេះ៕

ត្រឹម​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​នេះ ​ជំងឺ​កូវីដ​១៩ ​បាន​ឆ្លង​ដល់​មនុស្ស​ជិត​៣០​លាន​នាក់​ នៅ​ជុំវិញ​ពិភពលោក និង​សម្លាប់​មនុស្ស​ជាង​៩២០.០០០នាក់៕