អតីត​មេបញ្ជាការ​អាមេរិកាំង​ខិតខំ​ឱ្យ​សភា​ទទួល​ស្គាល់​ក្រុម​ខ្មែរ​ក្រោម​ក្នុង​សង្គ្រាម​វៀតណាម

លោក​អនុសេនីយ៍ឯក​ ស្ទីវ យ៉េតឌីណាក់ (Steve Yedinak) បានខិតខំ​ប្រឹងប្រែង​សុំ​ការ​ទទួល​ស្គាល់​ពី​សភាជាតិ​សហរដ្ឋ​អាមេរិកដល់ការចូលរួមប្រយុទ្ធរបស់កងទាហានខ្មែរក្រោមជាមួយអាមេរិក នៅក្នុងអំឡុងសង្គ្រាមវៀតណាម។

កាលពី​៥០ឆ្នាំ​មុន​ លោក​អនុសេនីយ៍ឯក​ ស្ទីវ យ៉េតឌីណាក់ (Steve Yedinak) បាន​វិល​ត្រឡប់​មក​សហរដ្ឋ​អាមេរិក​វិញ ​បន្ទាប់​ពី​បំពេញ​បេសកកម្ម​នៅ​ប្រទេស​វៀតណាម​ដោយ​នៅ​ក្នុង​ចិត្ត​របស់​លោក​ជឿជាក់​ថា​ ប្រតិបត្តិការ​សម្ងាត់​ជាច្រើន​ដែល​លោក​បាន​ដឹកនាំ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ទប់ស្កាត់​ការ​ជ្រៀតចូល​របស់​ពួកវៀតណាម​កុម្មុយនីស្ត​ភាគខាងជើង​ចូលមក​ភាគខាងត្បូង។

លោក ​យ៉េតឌីណាក់​ បាន​ចាកចេញ​ពី​ទាហាន​របស់​គាត់​ចំនួន​ជាង​២០០នាក់​ ដែល​បាន​ចូលរួម​ប្រយុទ្ធ​រួមគ្នា​ជាមួយ​នឹង​កងទ័ព​សហរដ្ឋ​អាមេរិក ​នៅក្នុង​អង្គភាព​លេខ​៩៥៧ ដែល​ជា​កងកម្លាំង​ទ័ព​ព្រៃ​ចល័ត។ លោក ​យ៉េតឌីណាក់​ គឺ​ជាអ្នក​ជ្រើស​រើស​ពួកគេ​ដោយ​ផ្ទាល់​ ហើយ​យក​មក​បង្ហាត់​ហ្វឹកហ្វឺន ​និង​បំពាក់​អាវុធ​ឱ្យ​ព្រម​ទាំង​ដឹកនាំ​ទាហាន​ទាំងនោះ​ចូល​ប្រយុទ្ធ​នៅក្នុង​ព្រៃ​នៃ​ប្រទេស​វៀតណាម។ លោក​ យ៉េតឌីណាក់​ដែល​ពេលនេះ​មាន​អាយុ​៧៧ឆ្នាំ​ បាន​រំលឹក​ថា ​អង្គភាព​របស់​លោក​បំពេញ​ការងារ​បាន​លេចធ្លោ​ជាងគេ​ ដោយ​សារតែ​ទាហាន​ទាំងនោះ​ គឺ​ជា​ជនជាតិ​ខ្មែរ​ក្រោម ដែល​រស់នៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម ហើយ​លោក​បាន​រំលឹក​ឡើងវិញ​ថា​ «លោក​សប្បាយ​រីករាយ​ដែល​ធ្វើការ​ជាមួយ​នឹង​ពួកគេ‍»។

ប៉ុន្តែ ក្នុង​អំឡុង​ពេល​សង្គ្រាម​ ពួកគេ​មិនសូវ​ល្បី​ឈ្មោះ​ទេ​ ហើយ​លោក ​យ៉េតឌីណាក់ បាន​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជាច្រើនឆ្នាំ​ ដើម្បី​ឱ្យ​មាន​ការ​ទទួល​ស្គាល់​ក្រុម​ទាហាន​ខ្មែរក្រោម​ ដែល​បាន​ចូលរួម​ចំណែក​នៅក្នុង​បេសកកម្ម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​ពេល​សង្គ្រាម​។ លោក​បាន​ធ្វើការ​ជាមួយ​នឹង​លោក ​ស្កត វ៉កឃឺ (Scott Walker) ដែល​ជាអ្នក​តស៊ូ​មតិ​ទាមទារ​ឱ្យ​មាន​ការ​ទទួល​ស្គាល់​ក្រុម​មង និង​ម៉ុងតាញ៉ា​ផងដែរ នៅពេល​ដែល​សង្គ្រាមបាន​បញ្ចប់​ ហើយ​កំពុង​រស់នៅ​ក្នុង​រដ្ឋមីនីសូតា។ សកម្មជន​ទទួល​បាន​ជោគជ័យ​ក្នុងការ​ទាមទារ​ឱ្យ​មាន​ការ​ទទួល​ស្គាល់​ការ​ចូលរួម​ចំណែក​របស់​ទាហាន​ទាំងនោះ ដោយ​សភា​ប្រចាំ​រដ្ឋមីនីសូតា​ នៅឆ្នាំ​២០១២។​

លោក​អនុសេនីយ៍ឯក​ ស្ទីវ យ៉េតឌីណាក់ (Steve Yedinak) បានខិតខំ​ប្រឹងប្រែង​សុំ​ការ​ទទួល​ស្គាល់​ពី​សភាជាតិ​សហរដ្ឋ​អាមេរិកដល់ការចូលរួមប្រយុទ្ធរបស់កងទាហានខ្មែរក្រោមជាមួយអាមេរិក នៅក្នុងអំឡុងសង្គ្រាមវៀតណាម។

ប៉ុន្តែ​ការ​ខិតខំ​ប្រឹងប្រែង​សុំ​ការ​ទទួល​ស្គាល់​ពី​សភាជាតិ​សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​សម្រេច​បាន​នៅ​ឡើយ​ទេ។ សេចក្តី​សម្រេច​ចុងក្រោយ​សុំ​ឱ្យ​ទទួល​ស្គាល់​ក្រុមខ្មែរ​ក្រោម​ និង​ក្រុមដទៃ​ទៀត​ត្រូវបាន​ដាក់ជូនរដ្ឋ​សភាជាតិ​កាលពី​ខែ​កក្កដា។

បញ្ហា​នៅត្រង់ថា​សមាជិកសភា​និង​បុគ្គលិក​របស់​ពួកគេ​មិនបាន​ដឹងច្បាស់​លាស់​ពី​សង្គ្រាម​នៅ​ប្រទេស​វៀតណាម​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ស្កត វ៉កឃឺ។

លោក​បាន​បន្ថែម​ថា៖

«​ប្រព័ន្ធ​អប់រំ​របស់​យើង​មិន​បាន​បង្រៀន​ច្រើន​ពី​សង្គ្រាម​វៀតណាម​ទេ ​ដូច្នេះ​ហើយ​ពលរដ្ឋ​អាមេរិកាំង​បាន​យល់​ដឹង​ពី​សង្គ្រាម​នោះ​ក្នុង​លក្ខណៈ​ទូទៅ​តែប៉ុណ្ណោះ‍។ ប៉ុន្តែ ពួកគេ​ពិតជា​មិន​បាន​ដឹង​អ្វី​ទាំងអស់​អំពី​អ្វី​ដែល​បាន​កើតមាន​ឡើង​ដោយ​សម្ងាត់​នៅ​ប្រទេស​ឡាវ​និង​កម្ពុជា​ទេ។ ដូច្នេះ​ វា​លំបាក​ណាស់​សម្រាប់​ក្រុម​អតីត​យុទ្ធជន​ក្នុងការ​និយាយ​ប្រាប់​នរណាម្នាក់​ឱ្យ​យល់​ដឹង​ក្នុង​រយៈពេល​តែ​១៥ឬ២០នាទី ហើយ​បន្ទាប់​មក​ឱ្យ​ជននោះ​ទៅ​ពន្យល់​ប្រាប់​អ្នក​តំណាងរាស្រ្ត​ពី​តួនាទី​ដែលក្រុមអតីត​យុទ្ធជន​បាន​បំពេញ»។

ទាំង​លោក ស្កត វ៉កឃឺ ​និង​លោក យ៉េតឌីណាក់ ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​បុគ្គលិក​រដ្ឋ​សភាជាតិ​ដោយ​ពន្យល់​ប្រាប់​ពួកគេ​ពី​តួនាទី​ពិតប្រាកដ​របស់​ទាហាន​ទាំង​នោះ។​

ក្នុង​ឆ្នាំ​២០១៦ នៅពេលដែល​ លោក ស្កត វ៉កឃឺ​ និង​ក្រុម​ការងារ​បាន​ដឹង​ថា ​ផលិតករ​ភាពយន្ត​ឯកសារ​ ខែន ប៊ឺន (Ken Burns) ​ផលិត​ភាពយន្ត​ឯកសារ​ចំនួន​១០ភាគ ​ដែល​មាន​រយៈពេល​១៨ម៉ោង​ស្តីពី​សង្គ្រាម​នៅ​ប្រទេស​វៀតណាម ក្រុម​ការងារ​របស់​លោក​គិតថា​ ពួកគេ​អាច​ផ្តោត​លើ​ការ​បញ្ចុះ​បញ្ចូល ដើម្បី​ឱ្យ​មាន​ការ​ទទួល​ស្គាល់​ក្រុម​អតីត​ទាហាន​ទាំងនោះបាន​ ដោយសារ​តែ​ស្នាដៃ​ភាពយន្ត​របស់​ទូរទស្សន៍​ PBS ​ដឹកនាំ​ដោយ​លោក​ ខែន ប៊ឺន តែងតែ​មាន​អ្នកទស្សនា​នៅសហរដ្ឋ​អាមេរិក​យ៉ាងច្រើន​សន្ធឹកសន្ធាប់។ បន្ទាប់​មក​ក្រុម​របស់​លោក​ ស្កត វ៉កឃឺ​ដឹង​ថា ភាពយន្ត​ឯកសារ​នោះ​មិន​បញ្ចូល​ពលិកម្ម​របស់​ក្រុម​ខ្មែរ​ក្រោម​នៅ​ក្នុង​នោះ​ទេ។

លោក​ ខែន ប៊ឺន ចូលរួម​ពិភាក្សា​ក្នុង​វេទិកាមួយ​ស្តីអំពី​ខ្សែភាពយន្ត​ឯកសារ​របស់​លោក ដែល​មាន​ចំណង​ជើង​ថា «‍សង្គ្រាម​វៀតណាម» ដែល​កំពុង​ចាក់ផ្សាយ​តាម​ទូរទស្សន៍ PBS នៅ​សណ្ឋាគារ Beverly Hilton Hotel នៅទីក្រុង Beverly Hills រដ្ឋ​កាលីហ្វរញ៉ា កាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។

ភាពយន្ត​ឯកសារ​របស់​លោក ​ខែន ប៊ឺន ផ្តោតលើ​ព្រឹត្តិការណ៍​ធំៗ​នៃ​សង្គ្រាម​នោះ​ហើយ​បាន​ចាក់​ផ្សាយ​ចាប់ពីថ្ងៃ​ទី​១៧ ខែ​កញ្ញា​តទៅ​នៅ​តាម​ទូរទស្សន៍​ PBS នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។

លោក​ ប្រាយអឹន ម៉ូរីយ៉ាទី(Brian Moriarty) ​អ្នក​ទទួល​បន្ទុក​ផ្នែក​ឃោសនា​ផ្សព្វផ្សាយ​របស់​ភាពយន្ត​ឯកសារនេះ​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«យើង​មិនបាន​សម្ភាស​ទាហាន​កម្ពុជា ​ឬ​ឡាវ​នៅក្នុង​ភាពយន្ត​នេះ​ទេ​ ព្រោះ​ផ្តោត​លើ​តែ​បទពិសោធន៍​របស់​ទាហាន​អាមេរិកាំង និង​វៀតណាម​ក្នុង​អំឡុង​ពេល​សង្គ្រាម។ ភាពយន្ត​នេះ​បាន​និយាយ​ពី​ការ​ចូល​ឈ្លានពាន​ដោយ​ប្រទេស​វៀតណាម​ចូល​ក្នុង​ប្រទេស​កម្ពុជា ​នៅពេល​ដែល​សង្គ្រាម​បាន​បញ្ចប់ និង​សកម្មភាព​យោធា​ដទៃទៀត​នៅ​ទីនោះ​ប៉ុន្តែ​យើង​អត់​បាន​ទាក់ទង​ទាហាន​កម្ពុជា​ដែល​បាន​ជួយទាហាន​អាមេរិកាំង​ទេ‍»។

លោក​ ស្កត វ៉កឃឺ បាន​បញ្ជាក់​ថា៖

«នៅពេលដែល​យើងបាន​ដឹង​ថា​ លោក​ ខែន ប៊ឺន និង​ទូរទស្សន៍​ PBS ផលិត​ភាពយន្ត​ឯកសារ​ដែល​មាន​រយៈពេល​១៨ម៉ោង យើង​ពិតជា​មាន​អារម្មណ៍​ដូច​បាន​ដុះ​ស្លាប។ យើង​មាន​អារម្មណ៍​រំភើប​ណាស់​ ពីព្រោះ​វា​នឹង​មាន​ភាព​ងាយស្រួល​សម្រាប់​សមាជិក​សភា​ និង​បុគ្គលិក​របស់​ពួកគេ​ទស្សនា​ ហើយ​យល់​ដឹង​ពី​តួនាទី ដែល​សម្ព័ន្ធមិត្ត​របស់​យើង​បំពេញ​ក្នុង​អំឡុង​ពេល​សង្គ្រាម។ ប៉ុន្តែ​នៅពេល​ដែល​យើង​ដឹង​ថា​ គេ​បាន​ដកចេញ​ផ្នែក​ដែល​និយាយ​ពី​ប្រទេស​កម្ពុជា​ និង​ឡាវ ​យើង​មាន​អារម្មណ៍​ខកចិត្ត​ខ្លាំង​ស្ទើរតែ​មិន​ជឿ​សោះ‍»។

លំហូរ​យោធា​ត្រូវបាន​ផ្អាក នៅ​ពេល​ដែល​វិស្វករ​យោធា​អាមេរិក បាន​បញ្ចប់​ជួសជុល​ស្ពាន​បណ្តែត​ទឹក ដែល​ត្រូវបាន​ខូចខាត​ដោយ​ការ​ដាក់​គ្រាប់បែក​ក្នុង​ទឹក​ដោយ​ពួក​វៀតកុង កាលពី​ខែសីហា ឆ្នាំ១៩៦៨។ ស្ពាន​បណ្តែត​ទឹក​នេះ គឺ​ផ្សារ​ភ្ជាប់​ទីក្រុង​សៃហ្គន ទៅកាន់​តំបន់​ដីសណ្តទន្លេ​មេគង្គ កាត់​ស្ទឹង Oriental ហើយ​ស្ពាន​នេះ​បាន​សាងសង់​ឡើង​ជំនួស​ស្ពាន​ថ្ម ដែល​ត្រូវបាន​កម្ទេច​ដោយ​ពួក​សត្រូវ​អាមេរិក។

ទំនាក់​ទំនង​យូរ​អង្វែង

ក្រុមខ្មែរក្រោម​មាន​ប្រវត្តិ​ដ៏​យូរលង់ ក្នុងការ​ជួយ​សហរដ្ឋ​អាមេរិក​ប្រយុទ្ធ​នឹង​ក្រុម​ឧទ្ទាម​កុម្មុយនីស្ត​វៀតណាម​នៅ​តំបន់​ដែន​ដី​សណ្ត​នៃ​ទន្លេ​មេគង្គ។ ពួកគេ​ត្រូវបាន​ជ្រើស​រើស​ចូលក្នុង​ក្រុម​ការពារ​ស៊ីវិល​ពិសេស​ (Civilian Irregular Defense Groups – CIDG)។

ក្នុង​កំណត់​ហេតុ​ប្រតិបត្តិ​មួយ​កាលពី​ឆ្នាំ​១៩៦២ ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​(សេអ៊ីអា CIA) ​បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ប្រើប្រាស់​កងស្វ័យ​ការពារ​ ដែល​មាន​ក្រុម​ខ្មែរ​ក្រោម​ប្រឆាំង​នឹង​ពួកវៀតកុង។

កំណត់​ហេតុ​នោះ​បញ្ជាក់​ថា៖

«កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ប្រយុទ្ធតប​នឹង​ក្រុម​វៀតកុង ​ដែល​មាន​ក្រុមតូចៗ​ដោយ​ប្រើប្រាស់​តែ​កងកម្លាំង​យោធា​ធម្មតា​តែមួយមុខ​ គឺ​ប្រៀប​ដូចជា​ព្យាយាម​កម្ចេច​រុយរាប់​សែន​ក្បាល​ដោយ​កាំភ្លើង​ផ្លោង​ដូច្នោះ​ដែរ‍»។ នេះ​បើតាម​កំណត់​ហេតុ​សរសេរ​ដោយ​លោក​ E.H Knoche នាយករង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​ផ្ញើ​ជូន​នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​លោក​ ចន ម៉ាក់ខូន (John A. McCone)។ កំណត់​ហេតុនេះ​បាន​បន្ថែម​ថា៖

«ជាផ្នែក​ដ៏ធំមួយ​គឺ​ក្រុមឧទ្ទាម​ត្រូវតែ​បំបែក​ដោយ​ប្រើប្រាស់​កងកម្លាំង​ប្រឆាំង​ឧទ្ទាម​ដែល​ក្នុង​នោះ​មាន​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ផងដែរ‍»។​

រូបឯកសារ៖ ទាហាន​អាមេរិក​កង US 25th ឈរ​សំយុង​ជើង​នៅពេល​ដែល​ឧទ្ធម្ភាគចក្រ​នាំ​ពួកគេ​ទៅ​កាន់​មូលដ្ឋាន​ប្រតិបត្តិការ នៅ​តំបន់​ដីសណ្តទន្លេ​មេគង្គ នៅ​ភាគ​ខាង​និរតីនៃ​ទីក្រុង​សៃហ្គន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៦៧។

នៅរាល់​បេសកកម្ម កងកម្លាំង​របស់​លោក​ យ៉េតឌីណាក់​ ធ្វើ​ប្រតិបត្តិការ​ចូល​ជ្រៅ​ក្នុង​តំបន់ ដែល​គ្រប់គ្រង​ដោយ​កងទ័ព​វៀតណាម​ភាគ​ខាងជើង​ក្នុង​រយៈពេល​ពី៤ដល់​៦សប្តាហ៍។ ពួកគេ​ប្រយុទ្ធ​ដោយ​គ្មាន​ទ័ពអាកាស ​ឬ​កងកាំភ្លើងធំ​ជួយ​គាំទ្រ​ទេ ហើយ​ក៏​មិនមាន​សង្ឃឹម​ថា​ នឹង​ត្រូវ​បាន​កងឧទ្ទម្ភាគចក្រ​សង្គ្រោះ​ដឹក​ចេញ​ដែរ។ បេសកកម្ម​មួយ​ដែល​មាន​ឈ្មោះ​ថា​ Blackjack 31 ​ក្រុម​ទ័ព​ព្រៃ​ចល័តនេះ​បាន​ឆ្លងកាត់​ការ​ប្រយុទ្ធគ្នា​ចំនួន​៥២លើក ចាប់បាន​ឈ្លើយសឹក​ជា​ច្រើន​នាក់ ដាក់​អន្ទាក់​មូលដ្ឋាន​កងទ័ព​វៀតណាម​ភាគ​ខាងជើង និង​បាន​ស៊ើបការណ៍​យក​ព័ត៌មាន។ ប្រតិបត្តិការ​នេះ​បាន​ចាប់​ផ្តើម​ពី​ពាក់​កណ្តាល​ឆ្នាំ​១៩៦៦ ដល់​ដើម​ឆ្នាំ​១៩៦៧។ នេះ​បើតាម​សៀវភៅ​ឯកសារ​ដែល​មាន​ចំណងជើង​ថា​ «មិនអាច​បំភ្លេចបាន‍» (Hard to Forget) ដែល​លោក យ៉េតឌីណាក់​ បាន​បោះពុម្ភ​ផ្សាយ។

នៅពេលនេះ​លោក​ យ៉េតឌីណាក់ ​បាន​ចូលនិវត្តន៍ ​និង​មាន​ឋានន្តរសក្តិជា​វរសេនីយ៍​ទោ។ លោក​បាន​បញ្ជាក់​ប្រាប់​ VOA ក្នុងបទ​សម្ភាស​កាលពី​ពេល​ថ្មីៗ​នេះ​ថា៖

«យើង​មិនអាច​សម្រេច​បាន​ភារៈកិច្ច​ដោយ​គ្មាន​ការគាំទ្រ​ពី​ទាហាន​ទាំងនោះ​ទេ‍»។

លោក​បាន​បន្ថែម​ថា​ លោក​ខិតខំ​ឱ្យ​រដ្ឋ​សភាសហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​ខ្មែរ​ក្រោម​តាម​រយៈ​សេចក្តី​សម្រេច​មួយ​ ដែល​ជាទម្រង់​នៃ​ការ​ទទួល​ស្គាល់​ដ៏​មាន​កិត្តិយស។ លោក​យល់​ថា​ ការ​ទទួល​ស្គាល់​នោះ​គ្មាន​អ្វី​គួរ​ជា​ទីលំបាក​ចំពោះ​រដ្ឋ​សភា​សោះ​ឡើយ ព្រោះវា​គ្រាន់តែ​ជា​ក្រដាស​មួយ​សន្លឹក ​ឬ​ស្លាក​សញ្ញា​មួយ ​បើ​ប្រៀបធៀប​នឹង​«ពលិកម្ម​ដែល​ទាហាន​ទាំងនោះ​បាន​លះបង់​ជួសមុខ​ឱ្យ​កងកម្លាំង​របស់​សហរដ្ឋ​អាមេរិក‍»។​

កងទ័ពខ្មែរ​ក្រោម​ក៏បាន​ចូលរួម​ប្រយុទ្ធ​ជួយ​ទាហាន​អាមេរិកាំង​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។ នេះ​បើតាម​ឯកសារ​បទបញ្ជា​មួយ​ដែល​ចុះហត្ថលេខា​ ដោយ​លោក​ប្រធានាធិបតី​ រីឆាដ និកសុន(Richard Nixon) ​កាលពីខែ​មេសា​ ឆ្នាំ​១៩៧០។

ឯកសារ​សម្ងាត់​របស់​សេអ៊ីអា​ ដែល​បាន​បញ្ចេញ​ជា​សាធារណៈ​ដាក់​ផ្សាយ​ក្នុង​គេហទំព័រ​របស់​សេអ៊ីអា​ ក្រោម​ខ្ទង់​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មានបង្ហាញ​ថា ​មាន​ទាហានខ្មែរ​ក្រោម​ចំនួន​២.១០០​នាក់ ​នៅក្នុងកងវរៈសេនាតូច​ចំនួន​៤​នៃ​កងទ័ព​ចល័ត​ត្រូវបាន​ផ្ទេរ​ទៅ​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា ​នៅថ្ងៃទី​២ ខែ​ឧសភា​ ឆ្នាំ​១៩៧០។ ការផ្ទេរ​នេះ​កើតឡើង​តែ​រយៈពេល​ជាង​មួយខែ​ បន្ទាប់ពី​លោក​ឧត្តមសេនីយ៍ លន់ នល់​ បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​ព្រះនរោត្តម​ សីហនុ​ កាលពីថ្ងៃទី​១៨ ខែមិនា​ ឆ្នាំ​១៩៧០ ​ហើយ​បង្កើត​រដ្ឋាភិបាល​មួយ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​កំណត់ហេតុ​មួយ​របស់​លោក​ហិនរី ឃីសស៊ីងឃ័រ (Henry Kissinger) ក្នុងតួនាទី​ជាទីប្រឹក្សា​សន្តិសុខជាតិ ​ចុះថ្ងៃទី​២៩ ខែ​មេសា​ ឆ្នាំ​១៩៧០។

រូបឯកសារ៖ កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ១៩៧២ ទាហាន​វៀតណាម​ខាង​ត្បូង ខាំ​សម្ភារៈ​ផ្ទាល់​ខ្លួន នៅ​ក្នុង​ស្បោង​ប្លាស្ទិច​ក្នុង​មាត់ នៅពេល​ដែល​កងពល​របស់​ពួកគេ​ឆ្លងកាត់​អូរ​មួយ​នៅ​តំបន់​ដីសណ្តរទន្លេ​មេគង្គ នៅ​ប្រទេស​វៀតណាម ក្បែរ​ព្រំដែន​ប្រទេស​កម្ពុជា។

នៅពេលនោះ​ពលរដ្ឋ​អាមេរិកាំង​បាន​ប្រឆាំងនឹង​សង្គ្រាម​នៅ​ប្រទេសវៀតណាម​កាន់តែខ្លាំង​ឡើង ហើយ​ការ​ចូល​ឈ្លានពានប្រទេសកម្ពុជា​បាន​ធ្វើ​ឱ្យ​សាធារណជន​អាមេរិកាំង​ភ្ញាក់​ផ្អើល។ មាន​តំណាងរាស្ត្រ​អាមេរិកាំង​ជាច្រើន​បាន​សាកសួរ​អំពី​ការផ្ទេរ​កងកម្លាំងខ្មែរ​ក្រោម​នេះ។ នៅក្នុង​កំណត់​ហេតុ​មួយ​ផ្ញើជូនលោក​ រីឆាដ ហែល (Richard Helms) នាយកថ្មី​នៃ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សេអ៊ីអា លោក​ ចន ម៉ូរេយ (John Mauray) ទីប្រឹក្សា​ច្បាប់​បាន​គូសបញ្ជាក់​ពី​ការ​ព្រួយបារម្ភ​របស់​ក្រុម​អ្នក​តំណាងរាស្ត្រ​ និង​ការ​ស្នើ​ឱ្យ​ធានា​ថា​កងកម្លាំង​ខ្មែរក្រោម​ ត្រូវ​ប្រើប្រាស់​តែសម្រាប់​«គាំទ្រ​ដល់​បេសកកម្ម​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​វៀតណាម‍»ប៉ុណ្ណោះ។​

ដំណឹង​ស្តីពី​«ការ​ឈ្លានពាន‍​ដោយ​សម្ងាត់»ចូល​ក្នុង​ប្រទេស​កម្ពុជា​ បាន​បង្ក​ឱ្យ​មាន​ការតវ៉ា​យ៉ាង​ធំ​នៅក្នុង​សហរដ្ឋ​អាមេរិក​ ហើយ​ឈាន​រហូតដល់​ប្រើប្រាស់​កងកម្លាំង​ឆ្មាំជាតិ​ ដើម្បី​ទប់ស្កាត់​បាតុកម្ម​ ហើយ​ក៏បានបណ្តាល​ឱ្យ​និស្សិត​សាកលវិទ្យាល័យ​ Kent State ​ចំនួន​៤នាក់​ ស្លាប់​បាត់បង់​ជីវិត កាលពី​ថ្ងៃទី​៤ ខែ​ឧសភា​ ហើយ​ក៏មាន​ព្រឹត្តិការណ៍​ប៉ូលិស​បាញ់​បង្ក្រាប​នៅ​សាកលវិទ្យាល័យ​ Jackson State នៅថ្ងៃទី​១៥ ខែ​ឧសភា។ បន្ទាប់ពី​នោះ​មក ​លោក ​និកសុន​ បាន​ដក​កងទ័ព​ចេញ​ពី​ប្រទេស​កម្ពុជា។

រូបឯកសារ៖ កង​ឆ្មាំជាតិ​រដ្ឋ​អូហៃយ៉ូ ​ចូល​បង្រ្កាប​ការ​ធ្វើ​បាតុកម្ម​ដោយ​ក្រុម​និស្សិត​នៅ​សាកលវិទ្យាល័យ Kent State នៅ​រដ្ឋ​អូហៃយ៉ូ កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៧០។ មនុស្ស​បួន​នាក់​ត្រូវបាន​សម្លាប់ ហើយ​១១នាក់​ផ្សេង​ទៀត បាន​រង​របួស​នៅពេល​ដែល​កង​ឆ្មាំជាតិ បាន​បាញ់​កាំភ្លើង​លើ​ក្រុម​បាតុករ។

លោក ​ស្កត វ៉កឃឺ បាន​បញ្ជាក់​ពី​ការ​លះបង់​របស់​ទាហាន​ខ្មែរក្រោម​ថា៖

«ពួកគេ​ធ្វើការងារ​ពីរ​ផ្នែក។ ទីមួយ គឺ​ពួកគេ​ជួយ​សហរដ្ឋ​អាមេរិក​ដោយ​សម្ងាត់​ក្នុងនាម​ជា​កង​កម្លាំង​ Mike Force ​ហើយ​រហូតមកដល់​ឆ្នាំ​១៩៧០​ ពួកគេ​មក​បម្រើ​ក្រុម​សាធារណរដ្ឋ​ខ្មែរ ​ក្នុង​នាម​ជា​ទាហាន​សម្ព័ន្ធមិត្ត​ជាផ្លូវការ​របស់​សហរដ្ឋ​អាមេរិក‍»។

ប្រវត្តិសាស្រ្ត​ដ៏ស្មុគស្មាញ

ប៉ុន្តែ ការ​ទទួល​ស្គាល់​មិន​ទាន់​ធ្លាក់​មក​ដល់​ក្រុម​ខ្មែរក្រោម​នៅ​ឡើយ​ទេ។ មួយ​ផ្នែក​គឺ​ដោយ​សារប្រវត្តិសាស្រ្ត​របស់​ពួកគេ ដែល​ចាប់​ផ្តើម​តាំងពីពាក់​កណ្តាល​សតវត្សរ៍ទី​១៧មក នៅគ្រា​ដែល​ពួកវៀតណាម​បាន​កាន់កាប់​តំបន់​ដែនដី​សណ្ត​ទន្លេមេគង្គ​របស់​កម្ពុជា។ ប្រទេស​បារាំង​បាន​កាន់កាប់​តំបន់​នោះ​នៅក្នុង​សតវត្សរ៍​ទី​១៩​ ហើយ​អាច​ទប់​ស្កាត់​អំពើ​ប្រទូសរ៉ាយ​ រវាង​ជនជាតិ​ខ្មែរក្រោម​ និង​វៀតណាម ​បាន​រហូតដល់​ដែនដី​កូសាំងស៊ីន​ ត្រូវបាន​ប្រគល់​ទៅ​ឱ្យ​វៀតណាម​នៅ​ឆ្នាំ​១៩៤៩។

នៅ​ពេល​នោះ​ខ្មែរក្រោមបានប្រឆាំង​នឹង​វៀតណាម​ហើយ គឺជា​កម្លាំង​ដែល​ប្រឆាំង​នឹង​ពួក​កុម្មុយនីស្ត​នៅ​តំបន់​ដែនដី​សណ្តទន្លេមេគង្គ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ស្ហន ម៉ាក់ខេល (Shawn McHale) សាស្រ្តាចារ្យ​ផ្នែក​ប្រវត្តិសាស្រ្ត​ និង​កិច្ចការ​អន្តរជាតិ​នៅ​ឯ​សាកល​វិទ្យាល័យ​ចច វ៉ាស៊ីនតោន (George Washington University) ដែល​មាន​ជំនាញ​ខាង​ប្រវត្តិសាស្រ្ត​អាស៊ីអាគ្នេយ៍​ និង​វៀតណាម។

លោក​បាន​បន្ថែម​ថា​ នៅ​ទសវត្សរ៍​១៩៦០ ​«នៅពេល​ដែល​សហរដ្ឋ​អាមេរិក​ចូលមក​ ហើយ​ដឹង​ថា ​ក្រុម​ខ្មែរក្រោម​គឺ​ជា​កង​កម្លាំង​ប្រយុទ្ធ​ដ៏មាន​ប្រសិទ្ធភាព​ ក៏បាន​ជ្រើសរើស​ពួកគេ​ចូល​ធ្វើ​ជា​ទាហាន‍»។

ផែនទី​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម។ តំបន់​ដីសណ្ត​ទន្លេ​មេគង្គ គឺជា​តំបន់​ផ្សារភ្ជាប់​រវាង​ភាព​និរតី​នៃ​ប្រទេស​ទាំងពីរ។

លោក ​យ៉េតឌីណាក់​ បាន​ប្រើប្រាស់​ឋាមពល​ និង​កម្លាំង​ខ្មែរ​ក្រោម​ ដែល​ចង់​បាន​ដែនដី​ដូនតា​របស់​ពួកគេ​វិញ​ ហើយ​បាន​ហ្វឹកហ្វឺន​ពួកគេ​ជា​កងកម្លាំង​ទ័ពព្រៃ​ចល័ត។

លោក​បាន​បន្ថែម​ថា៖

«ពួកគេ​គិតថា​ ពួកគេ​ត្រូវបាន​ជ្រើសរើស​ និង​ហ្វឹកហ្វឺន​ដើម្បី​វាយលើ​ពួក​ហូជីមិញ និង​មន្ត្រី​មូលដ្ឋាន​ហើយ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ។ យើង​ក៏មិន​បាន​ធ្វើ​អ្វី​ដើម្បី​បង្ទុច​បង្អាក់​ពួកគេ​ ពី​ការ​រក្សា​គោលបំណង​នោះ​ដែរ ដោយសារតែ​យើង​ចង់​ឱ្យ​ពួកគេ​មាន​កម្លាំង​នៅក្នុង​ការ​ហ្វឹក​ហាត់‍»។

កល​ល្បិច​នោះ​ពិតជា​មាន​ប្រសិទ្ធភាព​មែន។ លោក ​ចៅ រៀប​ អតីត​មេបញ្ជាការ​ខ្មែរក្រោម​មួយរូប​ ដែល​កំពុងរស់នៅ​ទីក្រុង​ Seattle ​រដ្ឋវ៉ាស៊ីនតោន បាន​ប្រាប់​ VOA ​ថា​ ទាហាន​របស់​លោក​បាន​ប្រយុទ្ធ​រួមគ្នា​ជាមួយ​នឹង​កងទ័ព​អាមេរិកាំង​ ដោយសារតែ​ពួកគេ​ចង់​បាន​ការ​គ្រប់​គ្រង​តំបន់​ទន្លេមេគង្គ​វិញ។ ការណ៍នេះ​ដោយសារតែ​អាជ្ញាធរ​វៀតណាម​មិន​សូវ​យក​ចិត្ត​ទុកដាក់​នឹង​ពួកគេ​ទេ ​ហើយតែង​តែ​ធ្វើបាប។

លោក​ ស្ហន ម៉ាក់ខេល​ ក៏​បាន​បញ្ជាក់​ផងដែរ​ថា ​ក្រោយ​ពេល​សង្គ្រាម​បាន​ចប់ទៅ​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​មួយចំនួន​តូច​ បាន​មក​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​«មាន​ការ​លំបាក​ក្នុង​ការ​ឈាន​ឡើង​បាន​ខ្ពស់​ ដោយ​សារ​ពួកគេ​មិន​សូវ​ពូកែ​ខាង​ផ្នែក​ទំនាក់​ទំនង​ហើយ​ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ពួកគេ​យ៉ាង​ខ្លាំង‍»។​

ការជំរុញ​ឱ្យ​មាន​ការ​ទទួលស្គាល់

នៅ​ខែ​កក្កដា​ លោក​ ស្ហន ដាហ្វី (Sean Duffy) អ្នក​តំណាងរាស្រ្ត​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​វីសខោនសឹន​ បាន​ដាក់​ស្នើ​សេចក្តី​សម្រេច​ថ្មី​លេខ​៤៩១​ ដោយ​មាន​ការ​គាំទ្រ​ពី​អ្នក​តំណាងរាស្រ្ត​ចំនួនពីរនាក់​ទៀត​ គឺ​លោក​ អេដ ភឺលម៉ាត់ថឺ (Ed Perlmutter) អ្នក​តំណាងរាស្រ្ត​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​កូឡូរ៉ាដូ និង​លោក​ ឃ្លឹន គ្រុធមែន​ Glenn Grothman) អ្នក​តំណាងរាស្រ្ត​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​វីសខោនសឹន។

រូបឯកសារ៖ លោក​ ស្ហន ដាហ្វី (Sean Duffy) អ្នក​តំណាងរាស្រ្ត​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​វីសខោនសឹន ថ្លែង​ទៅកាន់​សភាអាមេរិក នៅរដ្ឋ​ធានីវ៉ាស៊ីនតោ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦។

សេចក្តី​សម្រេច​នេះ​«បញ្ជាក់​និង​ទទួលស្គាល់​ជនជាតិ​ខ្មែរ ឡាវ មង និង​ក្រុមដទៃទៀត​ដែល​គេ​ហៅ​ជាទូទៅ​ថា​ ក្រុមម៉ុងតាញ៉ា​ នៅកម្ពុជា​និង​ឡាវ​ ដែល​បាន​គាំទ្រ​និង​ការពារ​កងកម្លាំង​សហរដ្ឋ​អាមេរិក​ និង​សេរីភាព​នៅ​តំបន់​អាស៊ី​អាគ្នេយ៍‍»។ សេចក្តី​សម្រេច​នេះ​បាន​ទៅដល់​អនុគណៈកម្មា​ធិការ​កិច្ចការ​អាស៊ី​និង​ប៉ាស៊ីហ្វិក​របស់​រដ្ឋសភា​ហើយ។

លោក​ ម៉ាក បេនន័រ (Mark Bednar) មន្ត្រី​ព័ត៌មាន​របស់​លោក​ ដាហ្វី​ បាន​ប្រាប់ VOA កាលពី​សប្តាហ៍​មុន​ថា៖

«អ្នក​តំណាងរាស្រ្ត​ដាហ្វី​ ជឿជាក់​ថា​ អ្នក​ដែល​បាន​គាំទ្រ​កងកម្លាំង​របស់​យើង​សក្តិ​សម​នឹង​ទទួលបាន​ការ​ផ្តល់​កិត្តិយស​ ហើយ​លោក​រំជួលចិត្ត​ខ្លាំង​ណាស់​ក្នុង​ការ​ទទួលស្គាល់​ការ​ចូលរួម​ចំណែក​របស់​អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព​ជាតិ​ មង ម៉ុងតាញ៉ា និង​ខ្មែរ​ ដែល​បាន​ជួយដល់​ទាហាន​សហរដ្ឋ​អាមេរិក​ បើទោះបីជា​ឯកសារ​របស់​ទូរទស្សន៍​ PBS បដិសេធ​មិន​បញ្ជូល​ក្នុង​ភាពយន្ត​ឯកសារ​របស់​ពួកគេ​ក៏ដោយ‍»៕