ឯកអគ្គរាជទូតកម្ពុជាថ្មីប្រចាំនៅសហរដ្ឋអាមេរិកប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងភ្នំពេញនិងក្រុងវ៉ាស៊ីនតោនដោយផ្តោតសំខាន់លើផ្នែកពាណិជ្ជកម្មនិងវប្បធម៌។
លោក កែវ ឈា ឯកអគ្គរាជទូតកម្ពុជាបានប្រាប់វីអូអេខេមរភាសាតាមទូរស័ព្ទកាលពីថ្ងៃអង្គារថា៖ «គោលបំណងគឺដើម្បីពង្រីកទំនាក់ទំនងហើយបើសិនជាយកល្អដើម្បីសម្រួលទំនាក់ទំនងនយោបាយឲ្យកាន់តែល្អយើងខ្ញុំជំរុញទំនាក់ទំនងផ្នែកវប្បធម៌ហើយនឹងទំនាក់ទំនងពាណិជ្ជកម្មឲ្យមានទំនាក់ទំនងល្អជាងមុន គឺយើងខ្ញុំនឹងធ្វើឲ្យល្អទៅថ្ងៃមុខ»។
ចាប់តាំងពីមកដល់សហរដ្ឋអាមេរិកនៅថ្ងៃទី២ខែកុម្ភៈ លោកកែវ ឈា បានជួបពិភាក្សាការងារជាមួយនឹងមន្ត្រីសហរដ្ឋអាមេរិកនិងតំណាងក្រុមហ៊ុនជាច្រើនក្នុងនោះមាន ឧបការីរដ្ឋមន្ត្រីការបរទេស លោក Daniel Kritenbrink ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី កម្ពុជា-អាមេរិក និងអាស៊ាន-អាមេរិកដោយសារឆ្នាំនេះកម្ពុជាគឺជាប្រធានប្តូរវេនរបស់អាស៊ាន។ នេះបើតាមគេហទំព័ររបស់ស្ថានទូតកម្ពុជា។
ស្ថានឯកអគ្គរាជទូតកម្ពុជាបានបញ្ជាក់បន្ថែមក្រោយពីជំនួបកាលពីថ្ងៃទី២២ខែកុម្ភៈថាកម្ពុជានិងអាមេរិក បាន«ឯកភាពគ្នាថានឹងជំនះលើការងារលំបាកនានា ដើម្បីជំរុញឲ្យទំនាក់ទំនងទ្វេភាគីមានសន្ទុះ និងមានផលប្រយោជន៍ទាំងសងខាង»។
លោកឯកអគ្គរាជទូតក៏បានជួបលោក John Goyer ជានាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអាមេរិកក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (U.S.-ASEAN Business Council-US-ABC)និងក្រុមហ៊ុនធំៗរបស់អាមេរិកជាច្រើនដូចជាក្រុមហ៊ុនរថយន្តហ្វ័រដ៍ (Ford) និងក្រុមហ៊ុនថាមពលកូនូកូហ្វីលីព ជាដើម។
លោកឯកអគ្គរាជទូត កែវ ឈា ក៏បានជួបពិភាក្សាជាមួយនឹងលោកស្រី Tess Davis នាយិកាប្រតិបត្តិនៃអង្គការ Antiquities Coalition (AC) អំពីសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការជួញដូរវត្ថុបុរាណ និងសម្បតិ្តបេតិកភណ្ឌនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ ក្នុងពេលកន្លងមក អង្គការ Antiquities Coalition (AC) បានរួមចំណែកជួយកម្ពុជាក្នុងការប្រមូលត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរ ដែលត្រូវបានជួញដូរខុសច្បាប់ជាច្រើន រួមទាំងវត្ថុបុរាណ ២៧ ដុំ ដែលកម្ពុជាទើបទទួលបានពីការិយាល័យរដ្ឋអាជ្ញាទីក្រុង New York ក្នុងពេលថ្មីៗនេះ។
ទំនាក់ទំនងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងកម្ពុជាបានកើនឡើងខ្លាំងក្នុងរយៈពេលជាង៤ឆ្នាំនេះបើទោះបីជាកម្ពុជាបានប្រើវិធានការបង្ក្រាបក្រុមអ្នកនយោបាយប្រឆាំងនិងអង្គការសង្គមស៊ីវិលនៅឆ្នាំ២០១៧ហើយនាំឲ្យអ្នកតាក់តែងច្បាប់សហរដ្ឋអាមេរិកមិនពេញចិត្តក្តី។
តួលេខរបស់ការិយាល័យជំរឿនរបស់អាមេរិកបានឲ្យដឹងថាក្នុងឆ្នាំ២០២១ទំហំពាណិជ្ជកម្មទ្វេភាគីគឺមានចំនួន៩១៥៩លានដុល្លារ ដោយកើនឡើងពីចំនួន៤២០០លានដុល្លារ ក្នុងឆ្នាំ២០១៨។
ក្នុងឆ្នាំ២០២១ កម្ពុជាបានទាក់ទាញទុនវិនិយោគថ្មីបានចំនួន៤.៣៥០លានដុល្លារក្នុងនេះចំនួន៥៣,៤%មកពីប្រទេសកុម្មុយនិស្តចិនដែលជាប់លំដាប់លេខមួយ ខណៈដែលសហរដ្ឋអាមេរិកជាប់លេខ២ដោយមានចំនួន១៦៣លានដុល្លារនិងសិង្ហបុរីជាប់លេខ៣ដោយមានចំនួន១២១លានដុល្លារ។ នេះបើតាមទិន្នន័យចងក្រដោយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានដែលចេញផ្សាយនៅដើមខែមីនានេះ។
លោក កែវ ឈាបានបន្ថែមប្រាប់វីអូអេថា៖ «ខ្ញុំសូមជម្រាបថាខ្ញុំមកនេះ ទិសដៅធំចម្បងជាភារកិច្ចរបស់ខ្ញុំគឺបង្កើនទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ សហរដ្ឋអាមេរិកនិងកម្ពុជាហើយយើងចង់ផ្សព្វផ្សាយថាយើងមិនដែលចងសត្រូវជាមួយអ្នកណាមួយទេ។ ប្រទេសណាក៏យើងចងមិត្តទាំងអស់។ នយោបាយយើងគឺនយោបាយអព្យាក្រិត មានន័យណាអ្នកណាក៏ជាមិត្តរបស់យើងដែរ»។
យ៉ាងណាក៏ដោយ បរិយាកាសវិនិយោគទុននៅកម្ពុជាត្រូវបានបង្កការលំបាកដោយបញ្ហាជាច្រើនក្នុងនោះមានតម្លៃថាមពលនិងការដឹកជញ្ជូនខ្ពស់ អំពើពុករលួយ តុលាការមិនឯករាជ្យនិងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមិនល្អ។
របាយការណ៍តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកឆ្នាំ២០២១បានឲ្យដឹងថា៖ «ទាំងក្រុមហ៊ុនក្នុងស្រុកនិងបរទេសបានបញ្ជាក់ថាអំពើពុករលួយក្នុងប្រទេសកម្ពុជាគឺជាឧបសគ្គដ៏ធំដល់ការប្រកបអាជីវកម្មនិងរារាំងដល់ការវិនិយោគ ដោយប្រព័ន្ធតុលាការកម្ពុជាត្រូវបានគេមើលឃើញថាជាស្ថាប័នពុករលួយជាងគេបំផុតនៅក្នុងប្រទេស»។
សហរដ្ឋអាមេរិកក៏មិនទាន់អនុញ្ញាតឲ្យកម្ពុជាបានទទួលឋានៈអនុគ្រោះពន្ធ GSP ដែលបានផុតតាំងពីចុងឆ្នាំ២០២០ដោយសារតែការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្លែងកាលពីខែវិច្ឆិកាឆ្នាំ២០២១ថា៖ «មន្ត្រីសហរដ្ឋអាមេរិកបានលើកពីកង្វល់នេះជាប្រចាំជាមួយនឹងមេដឹកនាំកម្ពុជាប៉ុន្តែគួរឲ្យសោកស្តាយ គឺនៅតែមិនទាន់មានការផ្លាស់ប្តូរប្រកបដោយអត្ថន័យទេ»៕