រដ្ឋណេវ៉ាដា ផ្តល់​​នូវការ​សាក​ល្បង​ថ្មីឲ្យ​បេក្ខជន​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក

ការតស៊ូមតិ​រវាង​បេក្ខជនប្រធានាធិបតី​នៅ​រដ្ឋណេវ៉ាដា

ការ​ប្រកួត​ប្រជែង​ជ្រើសរើស​បេក្ខជន​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បាន​ប្តូរ​រដ្ឋ​ Nevada ទៅកាន់​រដ្ឋផ្សេងទៀត។ រដ្ឋដ៏សោះកក្រោះដែល​មាន​ប្រជា​ពលរដ្ឋ​រស់នៅ​មិន​ច្រើននេះធ្វើ​ការ​បោះឆ្នោត​បឋម​ដើម្បីជ្រើសតាំង​បេក្ខជន​ប្រធានា​ធិបតី​នៅ​ថ្ងៃ​សៅរ៍​ហើយ​មនុស្ស​រាប់​ពាន់​នាក់​បាន​បោះឆ្នោត​មុន​ពេល​កំណត់។​បេក្ខជន​កំពុង​ប្រកួតប្រជែង​គ្នា​ដើម្បី​ឲ្យ​បាន​ទទួល​សន្លឹកឆ្នោត​របស់​សមាជិក​សហជីព​ចំនួន​២សែននាក់។​

តាម​ប្រ​វត្តិសាស្រ្ត​សហជីព​សហរដ្ឋ​អាមេរិក​មាន​តួនាទីខ្លាំងបំផុត​ក្នុង​ផ្នែក​នយោបាយ។ ពេល​ដែល​សហជីព​ឡើង​ខ្លាំង កម្មករ២១​លាននាក់ បាន​ក្លាយ​ជា​សមាជិក​សហជីព​នៅទូទាំង​ប្រទេស។ កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន​ការទទួល​ការ​គាំទ្រពី​សហជីព ស្ទើរតែ​អាច​ធានាពី​ជ័យជម្នះ​របស់​បេក្ខជននៅ​ក្នុង​រដ្ឋ​ជា​ច្រើន។ការណ៍​នេះនៅ​តែ​ពិត​នៅ​ក្នុង​រដ្ឋ​ណេវ៉ាដា​ដែល​ជា​ទីកន្លែង​មាន​កាស៊ីណូ​ហើយ​សហជីពនៅតែ​មាន​កម្លាំង​ខ្លាំង​ដែល​មាន​សមា​ជិក​៦ម៉ឺននាក់។ សហជីព​បាន​ផ្តល់​នូវ​ការគាំទ្រ​ដល់​បេក្ខជន​ជា​ច្រើន​នៅ​ក្នុង​រយៈ​ពេល​៨៤​ឆ្នាំ​នេះ។ ក៏ប៉ុន្តែ ​មិនមែន​នៅពេល​ឥឡូវនេះ​ទេ។

ផ្ទុយ​ទៅ​វិញ គេធ្វើការ​ជ្រើស​រើស​ដើម្បី​ឲ្យ​ប្រសើរ​ឡើង​នូវអាទិភាព​និង​គោលដៅ​របស់​សហជីព​ជំនួស​ឲ្យ​ការគាំទ្រ​បេក្ខជន​ណា​ម្នាក់​នៅ​ក្នុងការ​បោះ​ឆ្នោត​បឋម។ អ្នកស្រី Geoconda Arguello-Kline ជា​សមាជិក​សហជីព​និយាយ​ថា៖«​យើង​នឹង​ផ្តល់​ការគាំទ្រ​ដល់​បុព្វហេតុ​របស់​យើងនូវ​អ្វី​ដែល​យើង កំពុង​ធ្វើ។ នេះ​ជា​អ្វី​ដែល​យើង​នឹង​ផ្តល់​ការគាំទ្រ»។​

អ្នកស្រី Deirdre Felgar បាន​ធ្វើ​ការឲ្យ​សហជីព​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ អ្នកស្រី សង្ឃឹមថា ​កម្មករ​ទាំងអស់​នឹងរួបរួម​កម្លាំង​ដើម្បី​គាំទ្រ​បេក្ខជន​គណបក្ស​ប្រ​ជាធិបតេយ្យ​ម្នាក់​ដើម្បី​ផ្តួល​លោក​ប្រធានា​ធិបតី​ដូណាល់​ត្រាំ​នៅ​ក្នុងការ​បោះ​ឆ្នោតប្រធានា​ធិបតីនៅ​ខែ​វិច្ឆិកា។អ្នកស្រី Deirdre Felgar ​ជា​អ្នក​បោះឆ្នោត​និយាយ​ថា៖ «សំឡេង​ច្រើន​និយាយ​ឮ​ជា​សំឡេង​តែ​មួយ»។

អ្នក​ដែល​បរិភោព​អាហារ​នៅ​សណ្ឋា​គារ​និង​កាស៊ីណូ Fremont​ ប្រហែល​ធ្លាប់​ឃើញ​លោក Jason Miranda សមាជិក​សហជីពជា​យូរយា​ណាស់មក​ហើយ​ដែលបាន​ធ្វើ​ការ​នៅ​កន្លែង​សម្ភារៈ​ប្រើ​ប្រាស់​នៅ​ផ្ទះ​បាយ។ លោក​និយាយ​ថា ​លោក​មិនបានរង់​ចាំ​ការយល់ព្រមពី​សហជីព​ដើម្បី​បោះឆ្នោត​នៅ​ក្នុងការ​បោះ​ឆ្នោត​បឋម​នោះ​ទេ។​លោក Jason Miranda សមាជិក​សហជីព​និយាយ​ថា៖ «បញ្ហា​សំខាន់​អ្វីខ្លះ​?​ប្រហែល​ការ​ថែទាំ​សុខភាព។ ការការពារសុខភាព​របស់​យើង»។

​ខណៈ​ដែល​សហជីព​មិន​បាន​ផ្តល់​ការគាំទ្រ​បេក្ខជន​ណា​មួយ​សហជីព ​បាន​ព្រមាន​សមាជិក​ថា ផែនការ«ពេទ្យ​សម្រាប់​មនុស្ស​ទាំងអស់»ដែល​ផ្តល់​ថវិកា​ដោយ​រដ្ឋាភិបាល​របស់​សមាជិក​ព្រឹទ្ធសភា​រដ្ឋ Vermont លោក Bernie Sanders​ នឹង​បញ្ចប់​ការធានា​រ៉ាប់រង​ខាង​សុខភាព​ឯកជន​ដែល​ចរចា​ដោយ​សហជីព។

ជា​ថ្មី​ម្តងទៀត លោកMiranda មិនមាន​ការយល់​ច្រឡំ​ទេ។ លោក Miranda បាន​និយាយថា៖ «ខ្ញុំ​គិតថា​លោក Bernie Sanders ជា​មនុស្ស​ស័ក្តិ​សម​បំផុត»។ លោក Gary Bauman ​ជា​សមាជិក​សហជីព​តាក់​ស៊ីអស់​រយៈ​ពេល​ជាង​៤០​ឆ្នាំ។​លោក​បាន​បោះ​ឆ្នោតមុនកាល​កំណត់​ឲ្យ​បេក្ខជន​ដែល​លោក​ជឿ​ថា​ទំនងខ្លាំង​បំផុតដើម្បី​ផ្តួលលោក​ប្រធានា​ធិបតី​ត្រាំ។ លោក និយាយ​ទៀត​ថា៖ «​ខ្ញុំនៅ​មិន​ទាន់​សម្រេច​ចិត្ត​នៅឡើយ​រវាង​លោក​Joe Biden អតីត​អនុ​ប្រ​ធានា​ធិប​តី​និង​លោកស្រី Amy Klobuchar សមាជិក​ព្រឹទ្ធសភា​រដ្ឋMinnesota»។

លោក Baumanបាន​ទិញផ្ទះ​ដោយចំណាយ​ប្រាក់​ដែល​លោក​បើកតាក់ស៊ី​ក៏ប៉ុន្តែ ​និយាយ​ថា​នៅពេល​សព្វថ្ងៃ​នេះ​មិនអាច​មាន​លទ្ធភាព​ទិញ​បាន​ទេ​នៅពេល​ដែល​សហជីព បាន​ចុះ​ខ្សោយ​ទៅ​ៗ។​ លោក Bauman បាន​និយាយ​ថា៖«គេ​នឹង​ប្រើ​ម៉ាស៊ីន​ក្រឡុក​ស្រា ដូច្នេះ​នឹង​មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​អំពី​បញ្ហា​នេះ»។

ពួក​អ្នក​វិភាគ​និយាយ​ថា បេក្ខជន​ទំនង​ដែល​រងការ​ប៉ះពាល់​ខ្លាំង​ដោយ​គ្មានការ​គាំទ្រ​ពី​សហជីព​គឺ លោក Joe Bidenអតីត​អនុ​ប្រធានា​ធិបតី។ លោកBiden ដែលមាន​ចំណង​ទាក់​ទង​ជាយូរយា​ណាស់​មក​ហើយ​ជាមួយ​សហជីព ត្រូវ​ការ ជ័យ​ជម្នះ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​មាន​សំឡេង​តិចនៅ​ក្នុង​រដ្ឋ Iowa និង​រដ្ឋ New Hampshire ៕

ប្រែ​សម្រួលដោយ​ជឹង ប៉ូជីន